អ៊ូ ច័ន្ទរ័ត្ន៖ គណបក្សកែទម្រង់កម្ពុជា នឹងព្យាយាមទាក់ ទងជាមួយមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិដើម្បីពង្រឹងគណបក្សនយោបាយថ្មីនេះ
គណបក្សកែទម្រង់កម្ពុជា បានដាក់គោលដៅនាំយកមន្រ្តីជាន់ខ្ពស់និងសមាជិកអតីតគណបក្សសង្រ្គោះជាតិបន្ថែមទៀតមកចូលរួមកសាងគណបក្សថ្មីនេះឱ្យកាន់ធំ និងរឹត តែខ្លាំងដើម្បីត្រៀមប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជា។ លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអង្គារទី២៥ ខែឧសភា ២០២១នេះថា គណបក្សកែទម្រង់កម្ពុជា បានទាក់ទងនិងជជែកគ្នាជាមួយមន្រ្តីអតីតបក្សប្រឆាំងមួយចំនួនបន្ថែមទៀតរួចរាល់ហើយប៉ុន្តែពួកគេមិនទាន់ផ្តល់ចម្លើយច្បាស់លាស់យ៉ាងណានៅឡើយទេ។
លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ទៀតថា កន្លងមកថ្មីៗនេះ មន្រ្តីនៃគណបក្សកែទម្រង់កម្ពុជា ក៏បានទាក់ទងនិងជួបជជែកពិភាក្សាគ្នាជាមួយលោក យ៉ែម បុញ្ញរិទ្ធ លោក ថាច់ សេដ្ឋា និងលោក សុន ឆ័យ ដែលជាមន្រ្តីជាន់ខ្ពស់និងជាសមាជិកអតីតគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែ ពួកគេពុំទាន់សម្រេចបានលទ្ធផលជារួមណាមួយនៅ ឡើយទេ។ យ៉ាងណាក៏ដោយ លោក អ៊ូ ច័ន្ទរ័ត្ន នៅតែមានសុទិដ្ឋិនិយមចំពោះការជជែកជាមួយមន្រ្តីជាន់ខ្ពស់និងសមាជិកអតីតបក្សប្រឆាំងទាំងនេះ។ បន្ថែមលើនេះ លោកថា គណបក្សកែទម្រង់កម្ពុជា នឹងព្យាយាមទាក់ទងជាមួយមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិផ្សេងទៀតដើម្បីយកមកពង្រឹងគណបក្សនយោបាយថ្មីនេះ។
លោកបន្តថា គណបក្សនេះនឹងរៀបចំគណៈកម្មការដឹកនាំបណ្តោះអាសន្នមួយសិនដើម្បីអាចប្រើប្រាស់ត្រាបក្ស និងអនុវត្តការងាររបស់គណបក្សឆ្ពោះទៅរកការបោះឆ្នោតនៅឆ្នាំ២០២១ និងឆ្នាំ២០២២ខាងមុខ។ គណៈកម្មការដឹកនាំបណ្តោះអាសន្ននេះមានសមាសភាព៧រូប ហើយគណបក្សកែទម្រង់កម្ពុជានឹងដាក់ទៅកាន់ក្រសួងមហា ផ្ទៃនៅក្នុងសប្តាហ៍នេះ៕