ខ្មែរប៉ុស្ដិ៍ Close

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ពីភារកិច្ច ៣ សម្រាប់នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 46
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ពីភារកិច្ច ៣ សម្រាប់នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី! លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ពីភារកិច្ច ៣ សម្រាប់នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី!

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារជូននាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានថ្លែងថា៖ ភារកិច្ច ៣ សម្រាប់នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី៖ ទី(១) រក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំមុនដែលបានកសាង, ទី(២) កសាងពង្រឹងអង្គភាពបន្ថែមលើគ្រប់វិស័យ និងទី(៣) បន្តសមិទ្ធផលទាំងនេះ ដើម្បីរៀបចំជាមូលដ្ឋានទុកឱ្យនាយទាហានបន្តវេន។ ក្រៅពីភារកិច្ចជាក់ស្តែងជាច្រើនទៀត កិច្ចការទាំង ៣ នេះ គឺជាទិសដៅស្នូលសំខាន់សម្រាប់មេបញ្ជាការគ្រប់ជំនាន់ទាំងអស់ នៅក្នុងការចូលរួមពង្រឹងស្ថាប័ន-កងឯកភាពក្រោមការទទួលខុសត្រូវ ព្រមទាំងសង្ឃឹមផងដែរថា នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី នឹងរួមគ្នាក្នុងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អជាមួយថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងស្ថាប័ន-កងឯកភាព បន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារឱ្យបានកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗកាន់តែប្រសើរឡើងថែមទៀត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនាពេលនេះ មានសភាពទ្រង់ទ្រាយតូចខុសពីសព្វមួយដង ពីព្រោះយើងត្រូវរៀបចំស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយគោរពវិធានសុខាភិបាល និងគន្លងនៃការរស់នៅបែបថ្មី និងស្របពេលដែលកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រៅពីភារកិច្ចស្នូល ក៏កំពុងមមាញឹកក្នុងភារកិច្ចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដូច្នេះ ពិធីនេះ គឺពិតជាមានសារៈសំខាន់ចាំបាច់ណាស់ ក្នុងការដែលត្រូវប្រកាសមុខតំណែងជូនដល់នាយទាហានក្នុងជួរបញ្ជាការ នៃស្ថាប័ន-កងឯកភាព ចំណុះកងទ័ពជើងគោក ដែលទទួលបានការតែងតាំងថ្មី ដើម្បីអាចចាប់ផ្តើមបំពេញតួនាទី និងភារកិច្ចពេញលេញតាមឋានានុក្រមដឹកនាំបញ្ជាឱ្យមានប្រសិទ្ធភាព ទាំងការបំពេញភារកិច្ចស្នូល និងភារកិច្ចចំពោះមុខក្នុងការដឹកនាំអង្គភាពត្រៀមចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់បណ្តាស្ថាប័ន-កងឯកភាព ដែលកន្លងមកបានគ្រប់គ្រងកម្លាំងបានល្អ ដោយអនុវត្តវិធានការសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន ធ្វើឱ្យអត្រានៃករណីឆ្លងនៅក្នុងជួរយោធិនរបស់យើងមានអត្រាទាប បើធៀបទៅនឹងសមាមាត្រនៃសន្ទុះនៃការរីករាលនៅទូទាំងប្រទេស។ លោកបានបន្តថា ជាមួយគ្នានេះ ដោយហេតុថា ក្នុងរយៈកាលកន្លងមកនេះ កងទ័ពបានក្លាយជាកម្លាំងស្នូលមួយនៅក្នុងប្រតិបត្តិការអនុវត្តបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខ្ញុំក៏សូមណែនាំដល់បណ្តាស្ថាប័ន-កងឯកភាព បន្តយកចិត្តទុកដាក់ក្នុងកិច្ចការ និងភារកិច្ចចំពោះមុខដ៏សំខាន់ចាំបាច់នេះ តាមរយៈការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាលនៅក្នុងអង្គភាព ដើម្បីការពារកងកម្លាំងរបស់យើង និងគ្រួសារ ក៏ដូចជាសហគមន៍ និងត្រៀមខ្លួនបន្តចូលរួមជាមួយរាជរដ្ឋាភិបាល, អាជ្ញាធរដែនដីរាជធានី-ខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពបំផុត។

អត្ថបទទាក់ទង