ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ាណែត៖ ក្រោមសន្តិភាពនិងការអភិវឌ្ឍ កងទ័ពជាសសរគ្រឹះដ៏រឹងមាំក្នុងការការពារអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 58
លោក ហ៊ុន ម៉ាណែត៖ ក្រោមសន្តិភាពនិងការអភិវឌ្ឍ កងទ័ពជាសសរគ្រឹះដ៏រឹងមាំក្នុងការការពារអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី លោក ហ៊ុន ម៉ាណែត៖ ក្រោមសន្តិភាពនិងការអភិវឌ្ឍ កងទ័ពជាសសរគ្រឹះដ៏រឹងមាំក្នុងការការពារអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ស្ថិតក្នុងស្ថានភាពប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន កងយោធពលខេមរភូមិន្ទ គឺជាសសរគ្រឹះដ៏រឹងមាំក្នុងកិច្ចការការពារអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្រៅពីតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានបានប្រគល់ឱ្យ។ លោកបានថ្លែងដូចនេះនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញ ឆត្រយោងជំនាន់ទី២៥, បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធ B40-B41 អាវុធការពារអាកាសជំនាន់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សំណង់បច្ចេកទេសហ្វឹកហ្វឺនជំនាញឆ័ត្រយោង។

លោក ហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹកឱ្យកងទ័ពទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើការងារហ្វឹកហ្វឺនយុទ្ធវិធីបច្ចេកទេស ការអប់រំចិត្តសាស្រ្ត ពង្រឹងវិន័យ អត្តចរិត សីលធម៌ និងគោរពច្បាប់រដ្ឋដើម្បីឱ្យមានសមត្ថភាពជំនាញគ្រប់គ្រាន់ ក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះបញ្ហា និងស្ថានភាពនានាដែលកើតមានឡើង ក៏ដូចជាការកសាងសំណង់បច្ចេកទេសនានា ដែលបម្រើឱ្យការហ្វឹកហ្វឺន ដោយត្រូវឈរលើមូលដ្ឋាននៃការហ្វឹកហ្វឺនឱ្យបានជាប់ជាប្រចាំ និងទៀងទាត់ដោយផ្តោតការយកចិត្តទុកដាក់លើគុណភាព និងបរិមាណ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតធនធានមនុស្ស ដែលជាបញ្ហាប្រឈមដែលយើងត្រូវពុះពារជំនះដោះស្រាយ សំដៅកសាងឱ្យបានធនធាន មនុស្សពិត និងគ្រប់គ្រាន់នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីលើកកម្ពស់ឆន្ទៈប្រយុទ្ធ ត្រៀមប្រយុទ្ធ ក្នុងភារកិច្ចថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងការពារបូរណភាពទឹកដី ព្រមទាំងចូលរួមបំពេញបេសកកម្មក្នុងតំបន់ និងពិភពលោក។

លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការហ្វឹកហ្វឺន និងការកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ពិតជាឆ្លើយតបយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅកសាង និងពង្រឹងភាពរឹងមាំលើវិស័យការពារជាតិ និងការធ្វើសមាហរណកម្មកងទ័ពចូលក្នុងសហគមន៍អន្តរជាតិ តាមរយៈការកសាងកងទ័ពកម្ពុជាឲ្យក្លាយជាកងទ័ពមានសមត្ថភាពក្នុងវិជ្ជាជីវៈ ដើម្បីចូលរួមបំពេញបេសកកម្មក្នុងតំបន់ ពិភពលោក ការពារបូរណភាពទឹកដី និងការអភិវឌ្ឍ ប្រទេសជាតិ។ លោក ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ការហ្វឹកហ្វឺន គឺសំខាន់ណាស់ក្នុងការធានានូវនិរន្តរភាព និងប្រសិទ្ធិភាពនៃកងកម្លាំងគ្រប់ជំនាន់ ក្នុងការបំពេញភារកិច្ច ការពារជាតិ ការពារបូរណភាពទឹកដីនិងសន្តិសុខ។ ក្នុងដំណាក់កាលនេះ ត្រៀមលក្ខណៈនឹងយកឱកាសមាសនេះ ហ្វឹកហ្វឺនដើម្បីបន្តវេនគ្រប់ជំនាន់ ហើយទ័ពពិសេសនៅក្នុងសម័យកាលនេះ ត្រូវតែពង្រីកកសាងលក្ខណៈពិសេស និងប្រវត្តិរាប់រយឆ្នាំទៅមុខទៀត៕

 

អត្ថបទទាក់ទង