ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជារកចំណូលបានជិត ២០០លានដុល្លារ ពីការនាំចេញកង់ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២១

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 542
    កម្ពុជារកចំណូលបានជិត ២០០លានដុល្លារ ពីការនាំចេញកង់ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២១កម្ពុជារកចំណូលបានជិត ២០០លានដុល្លារ ពីការនាំចេញកង់ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២១

    រយៈពេល៤ខែ ពោលគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា រកចំណូលបានជិត២០០លានដុល្លារពីការនាំចេញកង់ ដែលចំណូលនេះកើនឡើងជាង៣២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួនជាង១៥០លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។ របាយការណ៍ បានបន្ថែមទៀតថា ចំពោះការនាំចេញគ្រឿងបន្លាស់កង់វិញក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ កម្ពុជា រកចំណូលបានជាង៣៧ម៉ឺនដុល្លារ កើនឡើងរហូតដល់ជាង១១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួនជាង១៧ម៉ឺនដុល្លារ។

    លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះថា ការនាំចេញកង់ពីកម្ពុជា នៅតែមានកំណើនគួរឲ្យកត់សម្គាល់ បានន័យថា ទោះជួបវិបត្តិកូវីដ-១៩ ក៏ការនាំចេញកង់នៅតែជំនះបានឧបសគ្គនេះ។ លោក ស៊ាង ថៃ បានលើកឡើងថា ជាការពិតបញ្ហាកូវីដ-១៩ បានជះឥទ្ធិពល ទៅវិស័យជាច្រើន នៅទូទាំងពិភពលោក។ គ្មានប្រទេសណាដែលមិនរង នូវការគំរាមកំហែង ដោយជំងឺរាតត្បាតដ៏កាចសាហាវនេះទេ។

    បន្ថែមពីនោះទៀត លោក ស៊ាង ថៃ បានគូសបញ្ជាក់ថា ការមានកំណើននូវការនាំចេញកង់ពីកម្ពុជានេះ ដោយកត្ដាសំខាន់ៗ ចំនួន៣រួមមាន៖ ទី១៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវឲ្យអ្នកបញ្ជាទិញ នៅតែបញ្ជាទិញទំនិញពីកម្ពុជា ទី២៖ មានការជឿទុកចិត្តពីអ្នកបញ្ជាទិញ និងទី៣៖ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសនាំចេញកង់ច្រើនដោយមានទីផ្សារទូលំទូលាយ។

    សូមបញ្ជាក់ថា ឆ្នាំ២០២០កន្លងទៅ កម្ពុជា ទទួលបានប្រាក់ចំណូលពីការនាំចេញកង់សរុបចំនួន ៥២៧,០៨២,២២៨ ដុល្លារអាមេរិក កើនឡើង២៧.៧៨ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩។ ទីផ្សារគោលដៅ ដែលកម្ពុជានាំចេញរួមមាន៖ សហរដ្ឋអាមេរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស ជប៉ុន ចិន អាស៊ាន ប៊ែលហ្ស៊ិក ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលីសាធារណរដ្ឋឆែក អ៊ីតាលី កូឡុំប៊ី សាធារណរដ្ឋកូរ៉េ អេស្ប៉ាញ ស្លូវេនី និងកាណាដា៕

    អត្ថបទទាក់ទង