រដ្ឋបាលខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ទៀត
រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញប្រជាពលរដ្ឋ ២នាក់បន្ថែមទៀត មានវិជ្ជមានកូវីដ-១៩ ដែលរស់នៅភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក។
តាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន អ្នកវិជ្ជមានទាំង ២នាក់នោះមានឈ្មោះ៖
ទី១៖ ឈ្មោះ ឌឹម សុខឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី
ទី២៖ ឈ្មោះ សួន ឡៃហួរ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រឌីឡាក់
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តបានស្រាវជ្រាវឃើញថា បុគ្គលទាំង០២នេះ ជាប្តីប្រពន្ធរស់នៅក្នុងបន្ទប់ជួលនៅភ្នំពេញ។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ពួកគាត់បានជិះម៉ូតូកង់បីផ្ទាល់ខ្លួនត្រលប់មកស្រុកកំណើតដោយមិនបានឈប់សម្រាកតាមផ្លូវទេ លុះមកដល់ប៉ុស្តិ៍ត្រួតពិនិត្យព្រំប្រទល់កំពង់ធំ-កំពង់ចាម ពួកគាត់បានគេចទៅតាមផ្លូវទឹកឆា (ច្រករណ្តៅថ្ម) និងមកដល់ផ្ទះនៅម៉ោង ៩ព្រឹក។
បើតាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ពេលមកដល់ផ្ទះ ក្រៅពីក្រុមគ្រួសារចំនួន០៦នាក់ ពួកគាត់មិនបានប្រាស្រ័យទាក់ទងជាមួយអ្នកណាទេដោយសារអាជ្ញាធរឃុំបានមកវាស់កម្ដៅ និងដាក់ពួកគាត់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯងភ្លាមៗ ហើយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក៏បញ្ជូនទៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទ្រៀល។
ក្នុងរយៈពេល នៃការធ្វើចត្តាឡីស័ក អ្នកទាំងពីរខាងលើមិនមានរោគសញ្ញាសង្ស័យអ្វីនោះទេ លុះដល់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកបញ្ជូនទៅវិទ្យាស្ថានសុខភាពសាធារណៈ និងទទួលបានលទ្ធផលវិជ្ជមាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។
បច្ចុប្បន្ននេះ អ្នកជំងឺកូវីដ-១៩ ទាំង០២នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ចំណែកអ្នកពាក់ព័ន្ធទាំង០៦នាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កដើម្បីតាមដានបន្ត៕