BREAKING: ទីបំផុតលោក Thongloun Sisoulith ត្រូវបានជ្រើសតាំង ជាប្រធានាធិបតីថ្មីរបស់ប្រទេសឡាវ
(វៀងច័ន្ទ)៖ សម័យប្រជុំរដ្ឋសភាឡាវ (NA) នីតិកាលទី ៩ នៅព្រឹកថ្ងៃចន្ទនេះ បានបោះឆ្នោតជ្រើសរើសលោក ថុងលួន ស៊ីសួលីត (Thongloun Sisoulith) អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP) ជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះជំនួសលោក ប៊ុនញាំង វរជីត (Bounnhang Vorachit)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។
បន្ទាប់ពីបានឡើងកាន់តំណែងជាប្រធានាធិបតីឡាវ លោក Thongloun បានប្តេជ្ញាថា នឹងធ្វើការយ៉ាងសកម្មជាមួយគណបក្សប្រជាជនបដិវត្តន៍ឡាវ, មេដឹកនាំរដ្ឋឡាវ និងប្រជាជនឡាវ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ថេរភាព កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។ លោកក៏បានសន្យាគោរពតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ក៏ដូចជាការពារផលប្រយោជន៍ស្របច្បាប់ របស់ប្រជាជនឡាវផងដែរ។
កិច្ចប្រជុំនេះ មានការចូលរួមពីមេដឹកនាំ LPRP និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូប ក៏ដូចជាអតីតមេដឹកនាំអតីតយុទ្ធជន សមាជិករដ្ឋសភា និងភ្ញៀវដែលបានអញ្ជើញជាច្រើនរូបទៀតផងដែរ។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មាន ដែលគ្រប់គ្រងដោយរដ្ឋឡាវ (KPL) ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រសប្ដាហ៍នេះ កិច្ចប្រជុំនេះក៏នឹងពិចារណា និងអនុម័តលើបញ្ហាផលប្រយោជន៍ជាតិ រួមទាំងរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអនុម័តលើការរៀបចំរចនាសម្ព័ន្ធ នៃរដ្ឋសភានីតិកាលទី ៩ ក្នុងចំណោមរបៀបវារៈសំខាន់ៗផ្សេងទៀតផងដែរ៕