អភិបាលខេត្តត្បូងឃ្មុំ រៀបចំពិធីសំណេះសំណាល ជាមួយកម្មករកម្មការិនី ដើម្បីចូលរួមអបអរសាទរទិវារពលកម្មអន្តរជាតិ លើកទី១៣២
ត្បូងឃ្មុំ៖ លោក លី ឡេង អភិបាលនៃអភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា ប្រទេសមានសុខសន្តិភាព មានស្ថិរភាព ទើបមានរោងចក្រ កង្កើតការងារកាន់តែច្រើនដល់កម្មករ កម្មការិនី ដើម្បីកាត់បន្ថយការចំណាក់ស្រុកទៅក្រៅប្រទេស។
លោកបានថ្លៃងបែបនេះ ក្នុងពិធីសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ” រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ លោក នៅបរិវេណក្រុមហ៊ុនវីជីធូរ នីតធីង(ខេមបូឌា) សាខាក្រុងសួង ស្ថិតនៅភូមិវិហាខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
លោក លី ឡេង គូសបញ្ជាក់ថា ការបានជួបជុំសំណេះសំណាលនាពេលនេះ គឺបានមកប្រទេសជាតិមានសុខសន្តិភាពពិតៗ ប្រសិនបើប្រទេសគ្មានសន្តិភាពពេញលេញទេនោះ ក៏គ្មានការអភិវឌ្ឍដូចសព្វថ្ងៃ ហើយក៏គ្មានការជួបជុំដូចថ្ងៃនេះដែរ។ លោក៏បានរំលឹកផងដែរថា នៅមុនឆ្នាំ១៩៧៩ ប្រទេសកម្ពុជាទាំងមូលបានធ្លាក់ចូលក្នុងភ្នួកភ្លើងសង្គ្រាមជាច្រើនឆ្នាំ ហើយត្រូវបានបំផ្លិចបំផ្លាញគ្មានសល់សូម្បីតែសាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន ជាពិសេសសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន ធ្លាក់ដល់ចំណុចសូន្យ។ តែរហូតមកដល់បច្ចុប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាព មានការរីកចម្រើនលើគ្រប់វិស័យទាំងនេះ បានមកពីការដឹកនាំដ៏ឈ្លាសវៃ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើអោយសេដ្ឋកិច្ចប្រទេសកម្ពុជា មានការកើនឡើងជាលំដាប់ផងដែរ ។
លោក លី ឡេង បានបញ្ជាក់ឲ្យដឹងថា ការជួបជុំសំណេះសំណាលនាពេលនេះ ក្នុងគោលបំណងបង្កើតភាពស្និទ្ធស្នាល រក្សាបាននូវសុខដុមរម្យនា ក្នុងការទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិក និងនិយោជក និងដើម្បីចូលរួមអបអរទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០១៨ ហើយក៏ជាសកម្មភាពល្អមួយក្នុងចំណោមសកម្មភាពជាច្រើន គួរត្រូវបានយកមកអនុវត្តនៅក្នុងសហគ្រាសគ្រឹះស្ថានផ្សេងទៀត ពីព្រោះវាគឺជាយុទ្ធសាស្រ្តមួយក្នុងការលើកទឹកចិត្ត អ្នកដែរបម្រើការឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការងារសំដៅបង្កើនផលិតភាពការងារបន្ថែមទៀត។
លោក លី ឡេង បានផ្ដាំផ្ញើដល់កម្មករកម្មការិនីទាំងអស់ថា ការថែរក្សាការពារសុខសន្តិភាពនេះបាន ចាំបាច់ត្រូវពឹងផ្អែកឲ្យមានការចូលរួមពីកម្មករ កម្មការិនី ទូទាំងប្រទេស ឲ្យចូលរួមសហការ គ្នាបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន អោយគ្រប់គ្រងប្រទេសជាតិបន្តទៀត។ ជាពិសេសសូមប្រជាពលរដ្ឋ កុំជឿតាមការញុះញង់លាបពណ៌ បំបែកបំបាក់ នាំឲ្យមានការប្រកាន់ពូជសាសន៍ ព្រោះជាហេតុបណ្តាលឲ្យមានការបែកបាក់សាមគ្គីជាតិផងដែរ។
បើតាមរបាយការណ៍របស់លោក អ៊ុ វាសនា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បើគិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ ចំនួនសហគ្រាសគ្រឹះស្ថានក្នុងខេត្តត្បូងឃ្មុំ សរុប៤៥៨គ្រឹះស្ថាន កម្មករនិយោជិតសរុបចំនួន១៨,៦៥៦នាក់ ស្រី៨.៤១៨នាក់ ក្នុងនោះចំនួនសហគ្រាគ្រឹះស្ថាន ដែលបានចុះបញ្ជីកាបែបបទតាមច្បាប់ស្ដីពីការងារនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តចំនួន១៣៤គ្រឹះស្ថាន និងសហគ្រាសគ្រឹះស្ថានពុំទាន់ចុះបញ្ជីកាចំនួនជាង ៣០០គ្រឹះស្ថានទៀត ចំណែកកម្មករនិយោជិតដែលមានប័ណ្ណការងារ សៀវភៅការងារសរុបចំនួន៩.១៩០នាក់ ស្រី៣.៩៧៤នាក់ផងដែរ ៕