ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ ត្រូវពន្លឿនការបង្កើតរោងចក្រចម្រាញ់ប្រេង ក្នុងពេលខាងមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 31
ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ ត្រូវពន្លឿនការបង្កើតរោងចក្រចម្រាញ់ប្រេង ក្នុងពេលខាងមុខ ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ ត្រូវពន្លឿនការបង្កើតរោងចក្រចម្រាញ់ប្រេង ក្នុងពេលខាងមុខ

ក្រសួងរ៉ែនិងថាមពលបានជំរុញឱ្យក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ ត្រូវពន្លឿនការសិក្សាឱ្យបានឆាប់ ដើម្បីឈានទៅបង្កើត រោងចក្រចម្រាញ់ប្រេងក្នុងពេលខាងមុខ ដែលអាចឱ្យកម្ពុជាមានលទ្ធភាពក្នុងការកែច្នៃប្រេងឆៅទៅជាផលិតផលសំរេច ដែល អាចប្រើប្រាស់លើវិស័យផ្សេងៗទៀត ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាកំពុងដំណើរការបូមប្រេងឆៅ នៅក្នុងតំបន់ប្រេងអប្សរាប្លុកA នៃបាសាំងខ្មែរយ៉ាងរលូន ដែលជាសមិទ្ធផលដ៏អស្ចារ្យមួយ ក្នុងការបើកផ្លូវនៃឧស្សាហកម្មប្រេង របស់កម្ពុជា ។

លោកបន្តថា នៅពេលដែលកម្ពុជាកំពុងផលិតប្រេងឆៅទាំងអស់នេះបាន គឺកម្ពុជាមិនទាន់មានរោងចក្រចម្រាញ់ប្រេងឆៅ នៅឡើយទេ ដោយប្រេងដែលបូមបាន គឺរាជរដ្ឋាភិបាលសហការជាមួយក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនមានសិទ្ធិ ពេញលេញលើការរុករកនិងផលិតប្រេងឆៅក្នុងប្លុកA សម្រាប់ដាក់ដេញថ្លៃប្រេងជាអន្តរជាតិ ដើម្បីលក់ទៅឱ្យក្រុមហ៊ុនបរទេស ក្នុងតម្លៃមួយសមរម្យ ។

លោកបានរំលឹកថា កាលពីប៉ុន្មានឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណទៅក្រុមហ៊ុនមួយ ដើម្បីសិក្សា វាយតម្លៃ ក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាត ដែលមានកម្លាំងផលិតបានប្រហែល៥លានតោនប្រេងក្នុងមួយឆ្នាំ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមហ៊ុននោះមិនទាន់មានដំណើរការអ្វីឡើយ ហើយបើសិនជាក្រុមហ៊ុននោះនៅតែមិនមាន ការវិវត្តន៍អ្វីល្អនោះទេ គឺរាជរដ្ឋាភិបាលនឹងបញ្ចប់អាជ្ញាប័ណ្ណ ។

«បើយើងមានរោងចក្រចម្រាញ់ប្រេងកាត យើងបានផលិតផលដែលចេញពីប្រេងកាតច្រើនណាស់ សម្រាប់ ប្រើប្រាស់ទៅលើវិស័យផ្សេងៗទៀត ដូច្នេះហើយជាគោលការណ៍ ជាគំនិតដែលយើងបានគិត ថាទីមួយ គឺយើងជំរុញ ឱ្យក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណនេះ គឺគាត់ខិតខំបញ្ចប់ការសាងសង់រោងចក្រនេះឱ្យបាន ហើយបើសិនគាត់ធ្វើមិនបានទេ គឺយើងត្រូវរកក្រុមហ៊ុនផ្សេង ដើម្បីបង្កើតរោងចក្រចម្រាញ់ប្រេងកាតនេះឱ្យបាននៅពេលខាងមុខ»។

សូមបញ្ជាក់ថា កាលពីឆ្នាំ១៩៦៩ ព្រះរុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ បានដំណើរការរោងចក្រ ចម្រាញ់ប្រេងកាតមួយរួចទៅហើយ ប៉ុន្តែដោយសារសង្រ្គាម រោងចក្រនោះក៏ត្រូវបានបំផ្លាញអស់គ្មានសល់ ៕

អត្ថបទទាក់ទង