ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរា ដាក់ឱ្យដំណើរការរហាត់ទឹកនៅស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1550
    អាជ្ញាធរជាតិអប្សរា ដាក់ឱ្យដំណើរការរហាត់ទឹកនៅស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវអាជ្ញាធរជាតិអប្សរា ដាក់ឱ្យដំណើរការរហាត់ទឹកនៅស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ

    នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីសម្ពោធ និងដាក់ឱ្យដំណើរការនូវរហាត់ទឹក ស្ថិតនៅស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន អមដោយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី រួមនឹងសម្តេចព្រះសង្ឃរាជ ព្រះសង្ឃ ឯកឧត្តម លោកជំទាវជាច្រើនចូលរួមជាកិត្តិយស។

    រហាត់ទឹកនេះដែរ ក៏ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនរបស់លោកឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍នៅក្នុងតំបន់អង្គរ ដើម្បីរួមចំណែកថែរក្សា លើកតម្លៃមរតកវប្បធម៌ជាតិ។

    គួររំឭកថា រហាត់ទឹកស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ មានប្រវត្តិតាំងពីទស្សវត្សឆ្នាំ៦០មកម្ល៉េះ តែដោយសារអាយុកាលធ្វើឱ្យរហាត់ទឹកនេះ បាត់បង់តួនាទីរបស់ខ្លួន។ នៅដើមឆ្នាំ២០២០ ដោយសារការឧបត្ថម្ភពីវិស័យឯកជន រហាត់ទឹកត្រូវបានជួសជុលឡើងវិញ។ រហាត់ទឹកនេះមានបណ្ដោយ១៨ម៉ែត្រ កម្ពស់១២ម៉ែត្រ អង្កត់ផ្ចិត១១,៦ម៉ែត្រ ត្រូវបានជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា ដោយបានរក្សានូវរចនាបថបុរាណទាំងស្រុង និងរួមបញ្ចូលនូវស្ថាបត្យកម្មទំនើប ដើម្បីធានាបាននូវភាពលក្ខណៈដើម និងភាពរឹងមាំធានាបានការប្រើប្រាស់យូរអង្វែង៕