ទស្សនៈអ្នកអាន៖ វិធានការជាក់លាក់ថ្មីស្តីពីការធ្វើចត្តាឡីស័ក គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីធានាសុខសុវត្ថិភាពនិងសុខុមាលភាពប្រជាជនកម្ពុជា!

បញ្ហាជំងឺកូវីដ-១៩ គឺជាគ្រោះមហន្តរាយជាសាកលដែលរហូតមកដល់ពេលនេះ ពិភពលោកទាំងមូលពុំទាន់បានធូរស្បើយនៅឡើយពីជំងឺនេះ បាននិងកំពុងតែប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលដែលកំពុងតែឆក់យកជីវិតមនុស្សយើងជារៀងរាល់ថ្ងៃ។ ជាក់ស្តែង កម្ពុជាក៏កំពុងតែអនុវត្តវិធានការសុខាភិបាលនានាយ៉ាងយកចិត្តទុកដាក់ខ្ពស់បើទោះបីជាកម្ពុជាពុំទាន់មានអ្នកស្លាប់ដោយសារជំងឺនេះក៏ដោយ។
កម្ពុជាបានឆ្លងកាត់សមរភូមិជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវឥតស្រមោលគឺជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ តាមរយៈវិធានការជាច្រើនដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលដែលក្នុងនោះក៏មានវិធានការតម្រូវឱ្យធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរចូលកម្ពុជា និងអ្នកដែលបានប៉ះពាល់ផ្ទាល់ និងមិនផ្ទាល់ជាមួយអ្នកដែលបានឆ្លងជំងឺកូវីដ-១៩នេះ។
កន្លងមក មានអ្នកដូចបានរៀបរាប់ខាងលើនេះ បានគេចវេះមិនព្រមធ្វើចត្តាឡីស័ក ដែលតម្រូវដោយក្រសួងសុខាភិបាលឡើយ ដែលវាអាចឈានទៅបង្កការឆ្លងរាលដាលជំងឺនេះមកក្នុងកម្ពុជា និងនៅក្នុងសហគមន៍ដែលមហន្តរាយដែលយើងទាំងអស់គ្នានឹកស្មានមិនដល់។
ហេតុដូច្នេះហើយ បានជារាជរដ្ឋាភិបាល សម្រេចកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។ ការកែសម្រួលមាត្រា៨នៃ អនុក្រឹត្យនេះ គឺសំដៅកំណត់ការពិន័យឱ្យបានកាន់តែធ្ងន់ធ្ងរនិងតឹងរឹងបន្ថែមទៀត ចំពោះអ្នកគេចវេះមិនព្រមធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យពី១លានដល់៥លានរៀល ខណៈអ្នកញុះញង់ឲ្យគេចវេះត្រូវផាកពិន័យពី១០លានដល់៥០លានរៀល។ ការបង្កើនការផាកពិន័យលើអ្នកគេចវេះពីវិធានសុខាភិបាលនេះ គឺធ្វើឡើងស្របពេលដែលពលករខ្មែរនៅតែបន្តវិលមកពីប្រទេសថៃវិញជាបន្តបន្ទាប់ ហើយមានអ្នកខ្លះនៅតែព្យាយាមគេចវេះពីការធ្វើចត្តាឡីស័កផងដែរ។
ចំណុចមួយទៀតនៃអនុក្រឹត្យដដែលនេះ បានចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាលដែលមានកំណត់ក្នុងអនុក្រឹត្យដែលទើបកែសម្រួលនេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។ ជាមួយគ្នានោះអ្នកដែលរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័កក៏ត្រូវបានពិន័យដូចគ្នានេះដែរ។ ដោយឡែក ជនណាដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយ ចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០លានរៀល ទៅ៥០លានរៀល។ ការពិន័យដូចគ្នានេះនឹងត្រូវធ្វើឡើងផងដែរ ចំពោះគ្រឹះស្ថានសុខាភិបាលឯកជនទាំងអស់ ដែលមិនបានជូនដំណឹងជាបន្ទាន់ទៅក្រសួងសុខាភិបាល ករណីមានតម្រុយបញ្ជាក់ថាអ្នកជំងឺបានគេចវេះពីការធ្វើចត្តាឡីស័ក។
បើតាមអនុក្រឹត្យនេះ បានចែងបន្ថែមថា ការពិន័យអន្តរការណ៍គឺជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។ ក្នុងករណីជនល្មើសមិនព្រមបង់ប្រាក់ពិន័យក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានសេចក្ដីសម្រេចស្ដីពីការពិន័យនេះ មន្ត្រីក្រសួងសុខាភិបាលដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន។ លើសពីការផាកពិន័យនេះ ប្រសិនបើជនណាក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេះពីការអនុវត្តវិធានការចត្តាឡីស័ក ក៏ត្រូវប្រឈមនឹងជាប់ទោសព្រហ្មទណ្ឌផ្សេងទៀតដែរ។
តាមរយៈការកែសម្រួលមាត្រា៨នៃអនុក្រឹត្យនេះ យើងសង្ឃឹមថា វិធានការជាក់លាក់ទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងដំណើរការនៃការគ្រប់គ្រងការធ្វើចត្តាឡីស័កដើម្បីពង្រឹងស្មារតី របស់គ្រប់ភាគីពាក់ព័ន្ធរួបរួមគ្នាជាធ្លុងមួយក្នុងការធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងសត្រូវឥតស្រមោលគឺជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព។ ច្បាស់ណាស់ កិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អាចទទួលជោគជ័យទៅបាន ក៏ដោយសារតែមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសគឺប្រជាពលរដ្ឋគ្រប់រូបចូលរួមការពារខ្លួន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ គ្រួសារ និងសង្គមជាតិយើង៕
ដោយ៖ តាំង ករុណា