ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋពីហានិភ័យដែលអាចកើតឡើងដោយសារសំណង់អគារចាស់ទ្រុឌទ្រោម
![ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋពីហានិភ័យដែលអាចកើតឡើងដោយសារសំណង់អគារចាស់ទ្រុឌទ្រោម](https://khmerpostasia.com/app/uploads/2018/04/2018-04-30-19.20.19.jpg)
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃច័ន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នេះ ក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង លោកនាយកទីចាត់ការអន្តរវិស័យ និងអាជ្ញាធរក្រុង-សង្កាត់-ភូមិ ប៉ុស្ថិ៍រដ្ឋបាល បានចុះជួបប្រជុំផ្សព្វផ្សាយលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តដល់ប្រជាពលរដ្ឋចំនួន១២ គ្រួសារ ក្រោយពីបានចុះត្រួតពិនិត្យ ជំនាញបានវាយតម្លៃថា គុណភាពសំណង់អគារស្នាក់នៅចំនួន១៣ ល្វែងបានសាងសង់តាំងពីឆ្នាំ ១៩៣១ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវផ្សារក្រោម ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មកដល់បច្ចុប្បន្ននេះ សំណង់អគារទាំងនេះ មានសភាពទ្រុឌទ្រោមខ្លាំង មិនមានគុណភាពអាចបន្តប្រើប្រាស់បាន និងមានហានិភ័យខ្ពស់ដល់អ្នកស្នាក់នៅ ដោយសារសរសរធ្នឹម និងបេតុងប្លង់សេជ្រាបទឹក ពុកផុយ ច្រែសស៊ី របេះបេតុង ងាយនឹងបាក់ស្រុត ដែលគួរឱ្យព្រួយបារម្ភជាខ្លាំង។
ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ ដែលអាចកើតមានឡើងដោយសារការបាក់ស្រុត រលំ សំណង់អគារនេះ រដ្ឋបាលខេត្ត បានស្នើសុំឱ្យប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងសំណង់អគារខាងលើទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ឬគួរចាកចេញពីទីតាំងសំណង់ខាងលើនេះ ជាបណ្តោះអាសន្នសិន៕