ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ «ទឹកស្អាតដើម្បីទាំងអស់គ្នា»

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 841
    លិខិតមិត្តអ្នកអាន៖ «ទឹកស្អាតដើម្បីទាំងអស់គ្នា»លិខិតមិត្តអ្នកអាន៖ «ទឹកស្អាតដើម្បីទាំងអស់គ្នា»

    ចាប់តាំងពីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ បញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ បានក្លាយជារឿងមួយដែលប្រជាពលរដ្ឋតែងតែជាក្តីកង្វល់ជាទូទៅៗហើយ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតំបន់ជាយរាជធានីភ្នំពេញតែម្តង។ ប្រជាពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍថ្មីនៃរាជធានីភ្នំពេញ ដែលស្ថិតនៅជាយក្រុង បច្ចុប្បន្ននេះគ្រួសារខ្លះនៅមិនទាន់ទទួលបានសេវាទឹកស្អាតដោយផ្ទាល់ពីរដ្ឋនៅឡើយទេ ខណៈគ្រួសារប្រជាពលរដ្ឋខ្លះទៀត គឺទទួលបានទឹកស្អាតរបស់រដ្ឋហើយ ប៉ុន្តែការប្រើប្រាស់មិនទាន់គ្រប់គ្រាន់នៅឡើយ។ ទឹកនៅតំបន់ខ្លះទៀត គឺអាចបើកប្រើបានតែពេលយប់ប៉ុណ្ណោះ។ ដោយសារតែបញ្ហានេះ ប្រជាពលរដ្ឋខ្លះ ក៏បង្ខំចិត្តដាក់ម៉ូទ័របូមទឹកជំនួយបន្ថែមដើម្បីទាញទឹកមកប្រើ ហើយខ្លះទៀតកំពុងប្រើទឹកទិញពីឯកជន ទឹកទិញតាមឡាន ទឹកអណ្តូង និងទឹកស្រះជាដើម។ ពាក់ព័ន្ធនឹងបញ្ហាប្រឈមទាំងអស់នេះ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មិនបានព្រងើយកន្តើយ ឬគេចវេស មិនយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋនោះឡើយ។ គេសង្កេតឃើញថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតត្រូវបានសាងសង់ និងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញនូវតំរូវការរបស់ប្រជាពលរដ្ឋ ដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

    ការផ្តត់ផ្គង់ទឹកស្អាត នៅមិនទាន់គ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនេះ គឺបណ្តាលមកពីសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹក នៅមិនទាន់គ្រប់គ្រាន់ ហើយការផលិតទឹកស្អាតមិនទាន់បានគ្រប់គ្រាន់នេះផងដែរ គឺដោយសារតែរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅខ្វះរោងចក្រប្រព្រឹតកម្មទឹកស្អាតនៅឡើយ។ ដោយសារតែបែបនេះហើយ ទើបរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងសាងសង់បន្ថែមនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ហើយក៏មានគម្រោងពង្រីកខ្លួនជាបន្តបន្ទាប់ទៀតនាពេលអនាគតផងដែរ។ បច្ចុប្បន្ននេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតជាមធ្យមបានប្រហែល៩០% នៃតម្រូវការទឹកស្អាតប្រចាំថ្ងៃនៅរាជធានីភ្នំពេញ។ នៅក្នុងនោះ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទាំងអស់គឺមានចំនួន៤ រួមមានរោងចក្រផលិតទឹកស្អាតភូមិព្រែក, ជ្រោយចង្វារ, និរោធ និងចំការមន បាននិងកំពុងកែលំអរនិងពង្រីកសមត្ថភាពផលិត។ ជាមួយគ្នានេះដែរ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីមួយទៀត ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ គឺរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង។ ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនេះ នឹងត្រូវធ្វើឡើងចំនួន២ជំហាន ដែលគ្រោងចំណាយថវិកាអស់ ៣៤៨លានដុល្លារអាមេរិក។ ជំហានទី១ និងទី២នេះ អាចផលិតទឹកស្អាតបានប្រមាណ ៣៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

    សូមបញ្ជាក់ថា ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគាំទ្រនូវពាក្យស្លោកដែលស្នើឡើងដោយលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលថា «ទឹកស្អាតសម្រាប់ទាំងអស់គ្នា»។ បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យុទ្ធសាស្រ្តនៃការអភិវឌ្ឍប្រទេស ដែលលោកបានដាក់ចេញជាង៣០ឆ្នាំមកហើយ គឺអាទិភាព៤យ៉ាង រួមមាន មនុស្ស ទឹក ផ្លូវ និងភ្លើង ហើយយុទ្ធសាស្ត្រអាទិភាពទាំង៤យ៉ាងនេះ នឹងសមស្របត្រឹមត្រូវនឹងស្ថានភាពតម្រូវការជាក់ស្តែងក្នុងរយៈពេលមិនតិចជាង៥០ឆ្នាំទៀតទេសម្រាប់ប្រទេសកម្ពុជា។

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ថា ការកំណត់យកនយោបាយទឹកនេះ គឺបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ។ គួររំលឹកថា បណ្តាញទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ គឺមានប្រើប្រាស់មុនរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុន្តែបណ្តាញនេះត្រូវបានបំផ្លាញចោលទាំងស្រុង ក្នុងរបបប្រល័យពូជសាសន៍។ តាមអនុសាសន៍របស់ប្រមុខដឹកនាំកម្ពុជា តម្រូវការទឹកក្នុងរាជធានីភ្នំពេញ គឺកើនឡើងជារៀងរាល់ថ្ងៃ ដូច្នេះរដ្ឋាករទឹក ត្រូវតែប្រឹងប្រែងក្នុងការអភិវឌ្ឍសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ ចក្ខុវិស័យរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺបានប្តេជ្ញាចិត្តបន្តធ្វើឲ្យសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនឱ្យមានការរីកចម្រើនប្រកបដោយចីរភាព ព្រមទាំងធ្វើជាអ្នកផ្តល់ប្រឹក្សាជាអ្នកសម្របសម្រួល ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជនខេត្ត-ក្រុងនៅទូទាំងប្រទេសកម្ពុជា មានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា។

    ឆ្លើយតបនឹងចក្ខុវិស័យខាងលើ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកំណត់នូវបេសកកម្មរបស់ខ្លួន គឺធានាផ្គត់ផ្គង់ទឹកស្អាតគ្មានមេរោគ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសបា្តហ៍ មានសម្ពាធគ្រប់គ្រាន់ និងក្នុងតម្លៃមួយសមស្របជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីប្រជុំជនរបស់ខេត្តកណ្តាលដែលជាប់នឹងរាជធានីភ្នំពេញ ដោយមិនមើលរំលងប្រជាពលរដ្ឋក្រីក្រឡើយ។ ក្រៅពីនេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងចែករំលែកបទពិសោធន៍ការងាររបស់ខ្លួន ដល់បណ្តារដ្ឋាករទឹកខេត្ត-ក្រុងមួយចំនួននៅក្នុងប្រទេសកម្ពុជា ព្រមទាំងបណ្តាអង្គភាពទឹកស្អាតក្នុងតំបន់ និងក្នុងពិភពលោកតាមសំណូមពរ សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាក៏ដូចជាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពិភពលោក។

    កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាល គឺផ្តោតសំខាន់ក្នុងការផ្តល់ជូននូវទឹកស្អាតសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដោយគ្មានការរើសអើង និងព្រងើយកន្កើយ ឬធ្វេសប្រហែសឡើយ ទាំងបរិមាណ និងគុណភាពទឹក។ ជាក់ស្តែងគុណភាពទឹកស្អាតដែលផ្គត់ផ្គង់ដោយរដ្ឋាករទឹកគឺ ស្របតាមស្តង់ដារគុណភាពទឹកផឹករបស់អង្គការសុខភាពពិភពលោក ព្រមទាំងស្តង់ដារគុណភាពទឹកផឹកថ្នាក់ជាតិផងដែរ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការត្រួតពិនិត្យគុណភាពទឹក ៣ដងក្នុងមួយថ្ងៃ ទៅលើទឹកដែលបានធ្វើប្រព្រឹត្តកម្មរួច នៅតាមរោងចក្រប្រព្រឹត្តកម្ម និងទឹកនៅតាមបណ្តាញចែកចាយចំនួន៨០គំរូក្នុងមួយសប្តាហ៍។ ក្រៅពីនេះ ទិន្នន័យគុណភាពទឹករបស់រដ្ឋាករទឹកប្រចាំឆ្នាំ ពីមន្ទីរពិសោធន៍ប្រទេសសឹង្ហបូរី និងមន្ទីរពិសោធន៍ទីក្រុងសៀងហៃ គឺជាអំណះអំណាងបញ្ជាក់អំពីគុណភាពទឹកស្អាតរបស់រដ្ឋាករទឹក។ ទាំងនេះគឺជាការគិតគូរយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយក្នុងពេលអនាគតកម្ពុជានឹងកសាងបាននូវរោងចក្រផលិតទឹកស្អាតគ្រប់គ្រាន់តាមតំរូវការរបស់ប្រជាពលរដ្ឋជាក់ជាមិនខាន៕

    ដោយ៖ ស ជាតិ

    អត្ថបទទាក់ទង