លោក ស្វាយ ស៊ីថា ប្រកាសកាត់បៀវត្សរយៈពេល៦ខែ ក្នុង១ខែ៥០ម៉ឺនរៀល ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសកាត់បៀវត្សរយៈពេល៦ខែ ក្នុង១ខែ៥០ម៉ឺនរៀល ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ការប្រកាសរបស់លោក ស្វាយ ស៊ីថា នេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបន្តកាត់បៀវត្សរយៈពេល៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការកាត់បៀវត្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល៧ខែទៀតនេះ គឺចាប់ពីខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ២០២១។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយ ដល់ការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕