ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ឆ្នាំ២០២០ ក្រសួងដាក់ការតាមដានទៅលើ Page ព័ត៌មានក្លែងក្លាយជាង ១ពាន់ករណី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 311
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ឆ្នាំ២០២០ ក្រសួងដាក់ការតាមដានទៅលើ Page ព័ត៌មានក្លែងក្លាយជាង ១ពាន់ករណី មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ឆ្នាំ២០២០ ក្រសួងដាក់ការតាមដានទៅលើ Page ព័ត៌មានក្លែងក្លាយជាង ១ពាន់ករណី

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងព័ត៌មានបានដាក់ការតាមដានទៅលើ Page ព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ជេរប្រមាថចំនួន១,៣៤៣ករណី។ សម្រាប់ផេកដែលបានបង្ហោះព័ត៌មានក្លែងក្លាយទាំងអស់នោះ ផេកខ្លះត្រូវបានក្រសួងព័ត៌មានផ្ញើទៅអគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការបន្ត ខណៈផេកមួយចំនួនទៀត ក៏ត្រូវបានផ្ញើជូនទៅក្រុមហ៊ុន Facebook ដើម្បីមានវិធានការចាត់ការ។ ជាមួយគ្នានោះផេកព័ត៌មានខ្លះ ក៏ត្រូវបានក្រសួងព័ត៌មាន ផ្ញើជូនទៅក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ដើម្បីធ្វើការបិទចោលផងដែរ។ លោក ផុស សុវណ្ណ បានថ្លែងបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី ការប្រើប្រាស់អ៊ីធឺណិតប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ និងដោយមានការចូលរួមពីសិក្ខាកាមជាច្រើននាក់ផងដែរ។

លោក ផុស សុវណ្ណ បានបញ្ជាក់ទៀតថា សិក្ខាសាលានេះ ក៏ដើម្បីជាការចែករំលែកដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យបានស្វែងយល់ពីការប្រើប្រាស់អ៊ីនធឺណិត និងការចែកចាយនូវព័ត៌មានផ្សេងៗ ប្រកបដោយសុវត្ថិភាព ដោយសារបច្ចុប្បន្ននេះ ការផ្សព្វផ្សាយភាគច្រើនគឺនៅលើបណ្តាញអ៊ីនធ័រណែត។ ដូចនេះហើយគឺត្រូវដឹងថា តើព័ត៌មាននោះមានប្រភពមកពីណា មានបរិបទត្រូវនឹងអ្វីដែលយើងចង់បានឬអត់ ហើយបើយើងមិនដឹងច្បាស់ទេ រួចយកទៅចែកចាយបន្តនោះ និងបង្ករឱ្យប្រជាពលរដ្ឋ មានការភ័ណ្ឌច្រឡំ ទាក់ទងនឹងរឿងទាំងអស់នោះ។

លោកបានបញ្ជាក់ទៀតថា ការរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្នលើវិស័យបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយបានចូលរួមយ៉ាងសកម្មក្នុងការពង្រីកការតភ្ជាប់ទំនាក់ទំនងរបស់មនុស្សជាតិ និងបានផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់ប្រតិបត្តិករ សោតទស្សន៍ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយជានានា នូវមធ្យោបាយជាច្រើនប្រកបដោយគុណភាព ក្នុងការផ្សព្វផ្សាយមាតិការបស់ខ្លួន និងបានផ្តល់ឱ្យប្រជាពលរដ្ឋទទួលបាននូវមាតិកាដ៏សម្បូរបែប ក៏ដូចជាបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋគ្រប់រូប អនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មានកាន់តែទូលំទូលាយ។ ប៉ុន្តែ បច្ចេកវិទ្យា ក៏បានធ្វើឱ្យការផ្សព្វផ្សាយ និងការចែករំលែកព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយ ព័ត៌មានញុះញង់ ប្រព្រឹត្តទៅបានកាន់តែលឿនជាងពេលមុនៗទ្វេរដង ដែលប៉ះពាល់យ៉ាងធំធេងដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ បង្កឱ្យមានអសណ្តាប់ធ្នាប់សង្គមផងដែរ។ បញ្ហាអវិជ្ជមានទាំងនេះបានបង្កឱ្យមានការរើសអើង ឬអុជអាលឱ្យមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿសាសនា និន្នាការនយោបាយ ឋានៈ ឬស្ថានភាពឯទៀតដូចជាការបង្កឱ្យមានចលាចល បណ្តាលឱ្យអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់សាធារណៈ វប្បធម៌ប្រពៃណីជាតិ និងទំនាក់ទំនងជាមួយប្រទេសដទៃផងដែរ។

លោក ផុស សុវណ្ណ បានបញ្ជាក់ទៀតថា ការផ្សព្វផ្សាយមិនពិត ក្លែងបន្លំ អំពីជំងឺកូវីដ-១៩ ក៏បាននាំឱ្យសាធារណជនយល់ខុស និងមានការសង្ស័យលើការអនុវត្តការងារ របស់អាជ្ញាធរមានសមត្ថកិច្ច ដែលធ្វើប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈផងដែរ៕

អត្ថបទទាក់ទង