ខ្មែរប៉ុស្ដិ៍ Close

មូលនិធិ​ត្រីចក្រយាន​កម្ពុជា ​ផ្តល់អំណោយ​សប្បុរសធម៌ជូនដល់​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ចំនួន ៣០៦​នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 741
មូលនិធិ​ត្រីចក្រយាន​កម្ពុជា ​ផ្តល់អំណោយ​សប្បុរសធម៌ជូនដល់​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ចំនួន ៣០៦​នាក់មូលនិធិ​ត្រីចក្រយាន​កម្ពុជា ​ផ្តល់អំណោយ​សប្បុរសធម៌ជូនដល់​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ចំនួន ៣០៦​នាក់

បងប្អូន និងលោកតា ដែលជា​អ្នក​ប្រកបរបរ​ធាក់​ស៊ីក្លូ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៣០៦​នាក់ បានទទួល​អំណោយពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា ( ស៊ីក្លូ ) នៅ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ចុង​សប្ដាហ៍​កន្លងមកនេះ ក្រោម​អធិបតីភាពលោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​មូលនិធិត្រីចក្រយាន​កម្ពុជា។​

លោក ឃួង ស្រេង បាន​មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ផ្តួចផ្តើម​ឱ្យមាន​មូលនិធិនេះ​ឡើង សំដៅ​អភិរក្ស​ស៊ីក្លូ​ដែលមាន​ដើមកំណើត​តាំងពី​សម័យ​អាណានិគមនិយម​បារាំង។ កន្លងមក ​បងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូក្នុង​រាជធានី​ភ្នំពេញ​ ចំនួន ៣០៦​នាក់ បានទទួលអំណោយ​ពី​មូលនិធិត្រីចក្រយាន​កម្ពុជា ព្រមទាំង​មាន​អំណោយ​ពេល​បុណ្យទាន​ផ្សេងៗ រួមទាំង​ការផ្តល់​ជា​ឯកសណ្ឋាន​អ្នកធាក់ស៊ីក្លូ និង​ប័ណ្ណ​ ប​.​ស​.​ស​. ដើម្បីឱ្យ​បងប្អូន​ទៅ​ព្យាបាល​ជំងឺ​ដោយ​មិន​អស់ប្រាក់។​

​លោកអភិបាល​រាជធានី​ភ្នំពេញ​ បាន​បន្តថា នេះ​ជាការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។  គោលបំណង​សំខាន់ ក្នុងការ​បង្កើតឱ្យមាន​មូលនិធិត្រីចក្រយាន​កម្ពុជា​នេះ​ឡើង គឺ​ដើម្បី​រួមចំណែក​ជួយ​សម្រួល​ការលំបាករ​បស់បង​ប្អូន ដោយ​គិតគូរ​ពី​សុខភាព ជីវភាព​រស់នៅ​របស់បងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ និងដើម្បី​រួមចំណែក​លើកស្ទួយ អភិរក្ស និង​អភិវឌ្ឍន៍​ស៊ីក្លូ ដែលមាន​ជា​យូរ​មកហើយ​ឱ្យបាន​គង់វង្ស​កុំឱ្យ​បាត់បង់ ។ លោកក៏បាន​ក្រើនរម្លឹក​ដល់​បងប្អូន​ដែល​ប្រកបរ​បរធាក់​ស៊ីក្លូ ដែល​ភាគច្រើន​មាន​វ័យ​ចំណាស់ ឱ្យ​ថែរក្សា​សុខភាព​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ ហូប​ស្អាត ផឹក​ស្អាត និងរស់នៅ​ស្អាត។ ជាពិសេស ​ការពារ​ខ្លួន​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ហើយ​ពាក់​ម៉ាស​ជាប្រចាំ នៅពេល​មាន​មនុស្សច្រើន អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។

​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រ​ធាន លេខាធិការដ្ឋាន មូលនិធិ​ត្រីចក្រយាន​កម្ពុជា បានឱ្យដឹងថា អំណោយ​ដែលបងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូទាំង​ ៣០៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន មី​១​កេស , ម៉ាស​១​ប្រអប់​ និង​ភួយ​មួយ។ លោក​បាន​បន្ត​ឱ្យដឹងថា មូលនិធិ​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ គឺមាន​រយៈពេលជាង ៣​ឆ្នាំ​មកហើយ ក្រោម​ការផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​លោក​ក៏​ជា​ប្រធានកិត្តិយស, លោក ​ឃួ​ង ស្រេង អភិបាល​រាជធានីភ្នំពេញ ជា​ប្រធាន​ក្រុមប្រឹក្សា​មូលនិធិ​នេះ។

​លោក ម៉េ​ត មាស​ភក្តី បន្តថា មូលនិធិត្រីចក្រយាន​កម្ពុជា តែង​បាន​ផ្តល់ជូន​ថវិកាទ្រទ្រង់​ (​របប​ឧបត្ថម្ភ​) ​ដល់​បងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ទាំង​ ៣០៦​នាក់ ក្នុង​ម្នាក់ៗ ៧​ម៉ឺន​រៀល​ក្នុង​រយៈពេល​១០​ថ្ងៃ ស្មើនឹង​២១​ម៉ឺន​រៀល​ក្នុង​មួយខែ។

សូម​បញ្ជាក់ដែរថា ក្នុងនោះ​បងប្អូន​ លោកតា​ ដែល​ប្រកបរ​បរធាក់​ស៊ីក្លូ ដែល​ភាគច្រើន​មានវ័យ​ចំណាស់ ខ្លះ​អាយុ ៨៣​ឆ្នាំ ខ្លះ​អាយុ​ ៨៧​ឆ្នាំ និងលោកតា អាយុ​៩០​ឆ្នាំ នៅមាន​សុខភាព​ល្អ​ អត់​មានកូន និងប្រពន្ធ ដូចនេះ​មានតែ​ធាក់​ស៊ីក្លូ​ចិញ្ចឹមជីវិត៕