ខ្មែរប៉ុស្ដិ៍ Close

លោកស្រី ឱ វណ្ណឌីន ក្រើនរំលឹកដល់ពលរដ្ឋ ត្រូវបន្ដប្រុងប្រយ័ត្នខ្ពស់ និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ខណៈករណីកូវីដថ្មី ត្រូវបានរកឃើញជាបន្ដបន្ទាប់ (Video Inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 22
លោកស្រី ឱ វណ្ណឌីន ក្រើនរំលឹកដល់ពលរដ្ឋ ត្រូវបន្ដប្រុងប្រយ័ត្នខ្ពស់ និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ខណៈករណីកូវីដថ្មី ត្រូវបានរកឃើញជាបន្ដបន្ទាប់ (Video Inside) លោកស្រី ឱ វណ្ណឌីន ក្រើនរំលឹកដល់ពលរដ្ឋ ត្រូវបន្ដប្រុងប្រយ័ត្នខ្ពស់ និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ខណៈករណីកូវីដថ្មី ត្រូវបានរកឃើញជាបន្ដបន្ទាប់ (Video Inside)

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំលឹក និងអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋទូទាំងកម្ពុជា បន្ដប្រុងប្រយ័ត្នខ្ពស់នឹងជំងឺកូវីដ-១៩ ដោយបន្ដគោរព និងអនុវត្ដវិធាននានា ដើម្បីការពារ ទប់ស្កាត់នូវជំងឺកូវីដ-១៩ ដែលសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា តែងតែធ្វើការអំពាវនាវ និងក្រសួងបានដាក់ចេញ។

តាមរយៈសារដែលមានរយៈពេលជាង៩នាទី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ដោយសារបច្ចុប្បន្ននេះ ថ្វីត្បិតតែយើងបានបិទបញ្ចប់ព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆិកា ប៉ុន្ដែបញ្ហាការចម្លងរាតត្បាតជំងឺកូវីដ-១៩ នៅតែជាបញ្ហាសាធារណៈ ដែលយើងទាំងអស់គ្នាត្រូវតែគ្នាប្រុងប្រយ័ត្នខ្ពស់។

លោកស្រីបន្ដថា «យើងដឹងហើយថា នៅថ្ងៃនេះក្រសួងសុខាភិបាលបានរកឃើញ អ្នកដែលមានវិជ្ជមានជំងឺកូវីដ-១៩ថ្មី រហូតដល់ទៅចំនួន១៥នាក់ ដែលជាពលករ ធ្វើដំណើរពីប្រទេសថៃ ដែលចំនួនឆ្លងនេះគឺច្រើន ហើយអាចនឹងមានអ្នកឆ្លងកូវីដ-១៩នេះ ជាបន្ដបន្ទាប់ទៀត ដូច្នេះសូមបងប្អូនយើង កុំមានធ្វេសប្រហែសឱ្យសោះ»។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា «យើងងាយស្រួលក្នុងការភ្លេចនូវជំងឺកូវីដ-១៩ ដោយយើងគិតថា បច្ចុប្បន្ននេះបានបិទបញ្ចប់ព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆិកា ដោយគ្មានបញ្ហាអ្វីព្រួយបារម្ភ។ កាលណាដែលយើងគិតបែបនេះ គឺយើងមើលងាយខ្លួនយើង យើងបានដាក់ខ្លួនយើង ឱ្យបើកចំហយ៉ាងទូលំទូលាយណាស់ សម្រាប់ជំងឺកូវីដ អាចវាយលុកចូលមកសរីរាង្គកាយយើង ដោយងាយស្រួលជាទីបំផុត»។

សូមជម្រាបថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន១៥នាក់ ដែលជាពលករមកពីប្រទេសថៃ។ គិតត្រឹមម៉ោង៧៖០០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកជំងឺកូវីដ-១៩ សរុបចំនួន៤២៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៨១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៥នាក់៕

អត្ថបទទាក់ទង