សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះ ការយាងចូលទិវង្គតរបស់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតមួយ ចូលរួមរំលែកទុក្ខចំពោះ ការយាងចូលទិវង្គតរបស់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ រូបខ្ញុំ និងភរិយាសូមចូលរួមរំលែកនូវមរណទុក្ខជាមួយអ្នកម្នាង រួមទាំងបុត្របុត្រី ប្រកបដោយអនិច្ចលក្ខណធម៌ សង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថា ការបាត់បង់សម្តេចព្រះបរមរាមា នរោត្តម យុវនាថ គឺជាការបាត់បង់ព្រះស្វាមីប្រកបដោយសង្គហធម៌ និងការបាត់បង់ព្រះបិតា ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ពិសេសគឺការបាត់បង់អង្គព្រះរាជវង្សទ្រង់ស្នេហាជាតិ សាសនា ព្រះមហាក្សត្រមួយអង្គដ៏ល្អឆ្នើមបំផុតផងដែរ»។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់យាងយោនយកកំណើតក្នុងសុគតិភពគ្រប់ៗព្រះរជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា)។នេះបើតាមការជូនដំណឹងរបស់មន្រ្តីព្រះបរមរាជវាំង។
សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ វររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ពង្សសានមុនី។ សម្តេចព្រះបរមរាមា ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕
ខាងក្រោមនេះជាសារចូលរួមរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន៖