ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តចេតិយឃុនឆាងឃុនផែនក្នុងខេត្តកោះកុង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ វប្បធម៌ & ប្រវត្តិសាស្រ្ដ 51
មកស្គាល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តចេតិយឃុនឆាងឃុនផែនក្នុងខេត្តកោះកុង មកស្គាល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តចេតិយឃុនឆាងឃុនផែនក្នុងខេត្តកោះកុង

រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តចេតិយឃុនឆាងឃុនផែនក្នុងខេត្តកោះកុង គឺជាទីសក្ការៈបូជាដ៏ស័ក្តិសិទ្ធសម្រាប់ភ្ញៀវទេសចរ ដើម្បីទស្សនា និងបន់ស្រន់សុំសេចក្តីសុខ ទៅតាមបំណង ប្រាថ្នា នូវអ្វីដែលចង់បាន ។

លោក សាគុណ ភក្តី អនុប្រ ធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរ ណ៍ខេត្តកោះកុង បានមានប្រ សាសន៍ថា ចេតិយនេះ មានកម្ពស់ជាង៤ម៉ែត្រ ស្ថិតលើផែថ្មប៉ប្រះទឹក មិនត្រឹមតែជាបូជ នីយដ្ឋាននៃអ្នកក្នុងខេត្តប៉ុ ណ្ណោះទេ ថែមទាំងជាកន្លែងដែលភ្ញៀវទេសចរនៅតាមបណ្តាខេត្តផ្សេងៗ ចង់ដឹង និងចង់ស្គាល់ ជាពិសេសទៅបន់ស្រន់ នៅពេលបានធ្វើដំ ណើរឆ្លងកាត់ខេត្តកោះកុងនេះ ។ លោកបន្តថា ចេតិយឃុនឆាងឃុនផែននេះ មានចំងាយ១១៧ម៉ែត្រពីត្រើយខាងលិចនៃដៃសមុទ្រ ដែលចេញពីត្រើយខាងលិច រំលេចនូវដើមកោងកាងដុះអែបមាត់ ច្រាំង ហើយមានស្ពានបេតុងមួយខ្សែអូសកាត់ទឹកសមុទ្រ សម្រាប់ចម្លងភ្ញៀវទេសចរ ទៅទស្សនាចេតិយបុរាណមួយនេះ គ្រប់ពេលគ្រប់វេលា ដោយគ្មានការនឿយណាយ សម្រាប់គយគន់ទេសភាពអមសងខាងស្ពាននេះ ហើយក៏បានឆក់យកបេះដូងភ្ញៀវទេសចរ ឱ្យមានអារម្មណ៍ស្រស់ស្រាយ ជាមួយខ្យល់ ជំនោរដ៏ស្រាលស្រទន់ បក់កាត់លើផ្ទៃទឹកបង្កើតជារលកបោកប្រដេញគ្នាពេញផ្ទៃសាគរ ។

« កន្លែងហ្នឹងនៅតែជាទីកន្លែងសក្ការៈដដែលឃុនឆាងឃុនផែននេះ នៅជាប់នឹងគល់ស្ពានកោះកុង ហើយភ្ញៀវភាគច្រើនដែលមកពីបណ្ដាខេត្តផ្សេងៗ គឺគាត់តែងតែមកបន់ស្រន់ទៅតាមលក្ខណៈព្រះពុទ្ធសាសនា ដែលជាលក្ខណៈវប្បធម៌ខ្មែររបស់យើង »

លោកបានបន្ថែមទៀតថា រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តចេតិយឃុនឆាងឃុនផែននេះ ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានចម្ងាយត្រឹមតែជាង៦៥០ម៉ែត្រប៉ុណ្ណោះ ពីស្ពានកោះកុង ដែលភ្ជាប់ដៃ សមុទ្រ ពីខាងកើត មកកាន់ត្រើយខាងលិចនៃក្រុង ខេមរភូមិន្ទ ។

សូមបញ្ជាក់ថា ចេតិយឃុនឆាងឃុនផែន មានប្រវត្តិជាប់ទាក់ទិននឹងរឿងព្រេងមួយដែលតំណាលពីស្នេហារបស់កំលោះ២នាក់ ឈ្មោះឃុនឆាង ឃុនផែន តាមស្រឡាញ់នារីម្នាក់ឈ្មោះភឹម ហើយស្នេហាត្រីកោណមួយនេះ បានធ្វើឱ្យនារីឈ្មោះភឹមបាត់បង់ជីវិត បន្ទាប់មកឃុនឆាងក៏បានសាងសង់ចេតិយបញ្ចុះសពនាងភឹម នៅត្រើយខាងលិច ដើម្បីបញ្ជាក់ពីសេចក្ដីស្រលាញ់ ហើយឃុនឆាងក៏បានយកទង់ព្រលឹងនាង ដោតនៅត្រើយខាងកើត ដើម្បីឱ្យនាងឆាប់បានចាប់ ជាតិជាថ្មី ។ ក្រោយមកនៅទីនោះ ក៏បានជាប់ឈ្មោះថាភូមិដងទង់ ចំណែកត្រើយខាងលិចកន្លែងដែលបញ្ចុះសពនាងភឹម ត្រូវបានជាប់ឈ្មោះថា ជាភូមិចេតិយរហូតដល់សព្វថ្ងៃនេះ ៕