NOCC សម្រេចផ្លាស់ប្ដូរទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង មករត់ស្ម័គ្រចិត្តដោយខ្លួនឯងវិញ

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១​ | ព័ត៌មានទូទៅ |
NOCC សម្រេចផ្លាស់ប្ដូរទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង មករត់ស្ម័គ្រចិត្តដោយខ្លួនឯងវិញ NOCC សម្រេចផ្លាស់ប្ដូរទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង មករត់ស្ម័គ្រចិត្តដោយខ្លួនឯងវិញ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងទេសចរណ៍ បានចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នា ក្នុងការផ្លាស់ប្ដូរទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី២៥ ឆ្នាំ២០២០ នៅខេត្តសៀមរាប ដែលគ្រោងរៀបចំនាថ្ងៃទី២៤ ខែមករាខាងមុខ មកជាការត់ដោយស្ម័គ្រចិត្តខ្លួនឯង ឬ Virtual Run វិញ។

សេចក្ដីប្រកាសខាងលើ បានបញ្ជាក់ថា «ដោយសារជំងឺកូវីដ-១៩ នៅមានវត្តមានក្នុងប្រទេសកម្ពុជា និងមានការរីករាលខ្លាំងក្នុងតំបន់ និងលើពិភពលោកនៅឡើយ ដូចនេះដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់កីឡាករ-កីឡារិនី និងអ្នកគាំទ្រទាំងឡាយ NOCC និងក្រសួងទេសចរណ៍ សូមផ្លាស់ប្ដូរការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត ដែលគ្រោងធ្វើនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ខាងមុខ ប្ដូរមកធ្វើការរត់ដោយស្ម័គ្រចិត្តខ្លួនឯង Virtual Run វិញ»។

ដូច្នេះគណៈកម្មការរៀបចំ បានអំពាវនាវឲ្យកីឡាករ-កីឡាការិនី ដែលបានចុះឈ្មោះចូលរួមរត់ នៅតាមទីតាំងស្ម័គ្រចិត្តរៀងៗខ្លួន ពោលគឺនៅថ្ងៃទី២៣-២៤ ខែមករា កីឡាករ-កីឡាការិនីនៅភ្នំពេញ ត្រូវមកទទួលយកសម្ភារៈកីឡា និងបញ្ចូលកម្មវិធីរត់ ឬដើរដោយខ្លួនឯង នៅក្នុងទូរស័ព្ទដៃរបស់ខ្លួន នៅទីស្នាក់ការ NOCC ហើយនៅថ្ងៃទី៦-៧ ខែកុម្ភៈ កីឡាករ កីឡាការិនី នៅខេត្តសៀមរាប ត្រូវមកទទួលយកសម្ភារៈកីឡា និងបញ្ចូលកម្មវិធីរត់ ឬដើរដោយខ្លួនឯង នៅក្នុងទូរស័ព្ទដៃរបស់ខ្លួន ពីតំណាងគណៈកម្មការ នៅសណ្ឋាគារ Couryard។

សូមបញ្ជាក់ថា ដំបូងឡើយ ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ លើកទី២៥ នៅខេត្តសៀមរាប គ្រោងរៀបចំនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្ដែដោយកម្ពុជាជួបប្រទះនូវព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គណៈកម្មការ បានសម្រេចលើកពេលភ្លាមៗ ហើយគ្រោងរៀបចំឡើងវិញ នៅថ្ងៃទី២៤ ខែមករាខាងមុខ។ តែដោយពិនិត្យឃើញស្ថានភាព គំរាមកំហែងជាថ្មី នៃជំងឺកូវីដ-១៩ បច្ចុប្បន្ន គណៈកម្មការរៀបចំ ក្រោមការដឹកនាំរបស់ក្រសួងទេសចរណ៍ និង NOCC ក៏សម្រេចផ្លាស់ប្ដូរការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ខួបលើកទី២៥ នេះ មកជាការរត់ដោយស្ម័គ្រចិត្តខ្លួនឯងវិញតែម្ដង៕

បញ្ចេញមតិ
អត្ថបទទាក់ទង