ខ្មែរប៉ុស្ដិ៍ Close

សិប្បកម្មផលិតឧបករណ៍សេរ៉ាម៉ិច នៅសៀមរាបផលិតកែច្នៃវត្ថុប្រើប្រាស់ពីដីឥដ្ឋ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ មុខរបរ 33
សិប្បកម្មផលិតឧបករណ៍សេរ៉ាម៉ិច នៅសៀមរាបផលិតកែច្នៃវត្ថុប្រើប្រាស់ពីដីឥដ្ឋ សិប្បកម្មផលិតឧបករណ៍សេរ៉ាម៉ិច នៅសៀមរាបផលិតកែច្នៃវត្ថុប្រើប្រាស់ពីដីឥដ្ឋ

សិប្បកម្មផលិតឧបករណ៍សេរ៉ាម៉ិច មួយកន្លែងក្នុងក្រុងសៀមរាប កំពុងផលិតកែច្នៃវត្ថុប្រើប្រាស់ពីដីឥដ្ឋជាច្រើនប្រភេទដើម្បីបន្តថែរក្សាមរតកដូនតាដែលបានបន្សល់ទុកផង និងលក់ជូនអតិថិជនផង។

លោកសុន សីហៈ ម្ចាស់សិប្បកម្មមរតកសេរ៉ាម៉ិច បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា សិប្បកម្មនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ លើទឹកដីខេត្តសៀមរាប ក្នុងគោលបំណងចូលរួមអភិរក្សថែរក្សាប្រពៃណី សម្បត្តិវប្បធម៌របស់ជាតិ ដែលជាកេរដំណែលពីដូនតាបានបន្សល់ទុក ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានដឹង និងចូលរួមគាំទ្រ ក៏ដូចជាថែរក្សាបន្តទៀតឱ្យបានគង់វង្ស។

លោកបន្តថា បច្ចុប្បន្នសិប្បកម្មរបស់លោកអាចផលិតរបស់ប្រើប្រាស់ឬវត្ថុផ្សេងៗពីដីឥដ្ឋបានចំនួនជាង១០០ប្រភេទទៅតាមការកម្មង់របស់អតិថិជន ដូចជា៖របស់ប្រើប្រាស់ក្នុងគេហដ្ឋាន មានចាន ឆ្នាំង កែវ និងរូបសំណាកឬរូបសត្វដទៃទៀត ដែលមានតម្លៃចាប់ពី១ដុល្លារ រហូតដល់៣០០ ដុល្លារ។

និយាយរួមទៅរបស់ប្រើប្រាស់ មានថូ មានកែវ ចាន ឆ្នាំង រូបសត្វគ្រប់ប្រភេទ ឱ្យតែគាត់ចង់បានយើងច្នៃពីដីឥដ្ឋបានទាំងអស់ មានរូបសំណាកពីបុរាណយើងធ្វើបានជាង១០០ប្រភេទ។ខ្ញុំចង់ផ្តោតឱ្យយើងទាំងអស់គ្នាបានស្គាល់ថាម៉េចជាកុលាលភាជន៍ ឬសេរ៉ាម៉ិច ហើយគាត់នឹងអាចជួយផ្សព្វផ្សាយបន្ត ទៅកូនខ្មែរជំនាន់ក្រោយៗទៀត គាត់ដឹងថាអាហ្នឹងគេធ្វើអ៊ីចឹង កុលាលភាជន៍ជារបស់ខ្មែរយើងទេ ពេលយើងនិយាយពី កុលាលភាជន៍គាត់អត់ស្គាល់ទេ ឱ្យគាត់ស្វែងយល់ ចេះសិក្សាពីការតាំងចិត្ត ការអត់ធ្មត់ ទៅលើក្បាច់រចនា។

លោកសុន សីហៈ ម្ចាស់សិប្បកម្មមរតកសេរ៉ាម៉ិច បានសំណូមពរដល់ប្រជាពលរដ្ឋ សូមបន្តគាំទ្រផលិតផលគ្រឿងស្មូន ដែលជាស្នាដៃរបស់កូនខ្មែរ ដើម្បីជាការចូលរួមអភិរក្សមរតកដូនតាដែលបានបន្សល់ទុក។

គួរជម្រាបផងដែរថា កុលាលភាជន៍ គឺជាបុរាណវត្ថុសិល្បៈ មានដូចជា ភាជន៍ដី,ចាន,ឆ្នាំងឬក្អម ដែលធ្វើដោយដីឥដ្ឋដុតក្នុងសីតុណ្ហភាពខ្ពស់ សម្រាប់ដាក់ភោជនាហារ មានបាយ ទឹកជាដើម។គ្រឿងស្មូនឆ្នាំង ក្អម ដែលភាសាបាលីហៅថា គ្រឿងកុលាលភាជន៍ គឺជាសិប្បកម្មប្រពៃណី ដែលបានបន្សល់ទុកពីបុរាណរហូតមកដល់សព្វថ្ងៃនេះ៕

អត្ថបទទាក់ទង