ខ្មែរប៉ុស្ដិ៍ Close

    អង្គការមូលនិធិទំពាំងស្នងឫស្សី កែច្នៃសំណល់ប្លាស្ទិកឱ្យក្លាយជាដុំឥដ្ឋឬការ៉ូឡាសម្រាប់បម្រើវិស័យសំណង់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ មុខរបរ 540
    អង្គការមូលនិធិទំពាំងស្នងឫស្សី កែច្នៃសំណល់ប្លាស្ទិកឱ្យក្លាយជាដុំឥដ្ឋឬការ៉ូឡាសម្រាប់បម្រើវិស័យសំណង់អង្គការមូលនិធិទំពាំងស្នងឫស្សី កែច្នៃសំណល់ប្លាស្ទិកឱ្យក្លាយជាដុំឥដ្ឋឬការ៉ូឡាសម្រាប់បម្រើវិស័យសំណង់

    អង្គការមូលនិធិទំពាំងស្នងឫស្សី បាន កែច្នៃសំណល់ប្លាស្ទិក ឱ្យក្លាយទៅជាដុំឥដ្ឋ ឬការ៉ូឡាសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ក្នុងគោលបំណងចូលរួមកាត់បន្ថយការបំពុលបរិស្ថាន ដែលបង្កឡើងដោយប្លាស្ទិក។

    លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានមានប្រសាសន៍ថា គំនិតកែច្នៃសំណល់ប្លាស្ទិក ឱ្យក្លាយទៅជាដុំឥដ្ឋ ឬ ការ៉ូឡានេះ ដោយសារអង្គការបានបង្កើតឱ្យមានជាយុទ្ធនាការ «យកអង្ករដូរយកបា្លស្ទិក» ដែលជាសកម្មភាពជំរុញឱ្យអ្នកភូមិ ក្នុងសហគមន៍ ខិតខំប្រមូលសំណល់ប្លាស្ទិក បែងចែកទុកដាក់ឱ្យបានត្រឹមត្រូវ និងទទួលអង្ករដោយមានទិសដៅរួមក្នុងការអភិរក្សបឹងទន្លេសាប ក៏ដូចជាសត្វស្លាបទឹកនិងត្រី ដែលទទួលរងគ្រោះពីការបំពុលដោយប្លាស្ទិក ។

    លោកបន្តថា ការប្រមូលសំណល់ប្លាស្ទិកយកទៅធ្វើជាវត្ថុធាតុដើម ក្នុងការផលិតជាឥដ្ឋ ឬ ការ៉ូឡា ដោយរំពឹងថា ក្រៅពីជួយសម្អាតបរិស្ថាន ផលិតផលដែលផលិតចេញពីប្លាស្ទិកនេះ នឹងអាចចូលរួមកែប្រែហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងទីវត្តអារាម នៅក្នុងសហគមន៍លិចទឹករបស់ពួកគេបានល្អប្រសើរ ។

    លោកបានបន្ថែមទៀតថា តាមការសិក្សានិងបទពិសោធពីប្រទេសជឿនលឿនមួយចំនួន ប្លាស្ទិកដែលប្រមូលបានពីអ្នកភូមិទាំងអស់ គឺត្រូវយកមកហាលឱ្យស្ងួត រួចហើយកិនកម្ទេចជាមួយម៉ាស៊ីនឱ្យម៉ត់ ដើម្បីលាយជាមួយវត្ថុធាតុដើមដ៏ទៃទៀត ដូចជាស៊ីម៉ងត៍ ខ្សាច់ ហើយការធ្វើដូច្នេះ បានធ្វើឱ្យវត្ថុធាតុដើមចំណាយតិច ចំណែកគុណភាពមានភាពរឹងមាំដូចគ្នា បើអនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ។

    លោកបន្តថា បច្ចុប្បន្ននេះ យើងបាននាំចូលម៉ាស៊ីនពីបរទេសមក ដោយម៉ាស៊ីននេះ គឺដូចជាម៉ាស៊ីនកិនស្រូវដែរ គឺយើងយកប្លាស្ទិកគ្រប់ប្រភេទមិនប្រកាន់នោះទេ គឺដាក់ចូលក្នុងម៉ាស៊ីននោះកិនកម្ទេចឱ្យខ្ទេច ដើម្បីធ្វើជាការ៉ូឡា ធ្វើជាឥដ្ឋបរិស្ថាន បើយើងដកសមាសធាតុដុំគ្រួសចេញ ចង់និយាយថា ជាធម្មតាសំណង់គ្រឿងសំណង់ទូទៅ គេប្រើគ្រួសល្អិតហើយនិងខ្សាច់ ស៊ីម៉ង់ អ៊ីចឹងគ្រួសល្អិតនោះជំនួសដោយប្លាស្ទិកទៅវិញ។

    លោកបន្តថា អង្គការគ្រោងពង្រីកគំនិតកែច្នៃសំណល់ប្លាស្ទិកឱ្យក្លាយទៅជាដុំឥដ្ឋ ឬ ការ៉ូឡាសម្រាប់ប្រើប្រាស់នេះ ឱ្យមានវិសាលភាពធំទូលាយ នៅជុំវិញបឹងទន្លេសាបតែម្ដង ដោយមានការសហការជាមួយក្រសួងបរិស្ថានដោយផ្ទាល់ ដែលជួយឱ្យកម្មវិធីនេះកាន់តែទូលំទូលាយ និងអាចប្រើបានទូទៅជុំវិញបឹងទន្លេសាប មិនថាតែក្នុងខេត្តសៀមរាបនោះទេ រួមមានទាំងខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដើម្បីអាចអនុវត្តគម្រោងនេះបានដូចគ្នា ។

    សូមបញ្ជាក់ថា អង្គការមូលនិធិទំពាំងស្នងឫស្សី ប្រមូលប្លាស្ទិកបានប្រមាណជាង៣០តោន ពីយុទ្ធនាការ «យកអង្ករដូរយកបា្លស្ទិក» ដែលចាប់អនុវត្តកាលពីខែមិថុនា ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន សាកល្បងក្នុងសហគមន៍ចំនួន២ គឺសហគមន៍មេជ្រៃ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានសមាជិកចំនួន៣០៥គ្រួសារ និងសហគមន៍បណ្តែតទឹកចុងប្រឡាយ ក្នុងភូមិចុងប្រឡាយ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាបដែលមានសមាជិក៥០គ្រួសារ ៕