យី! ប្រទេស ៧ នេះ ម៉េចក៏គ្មានរបស់ទាំងនេះទៅវិញ
នៅលើពិភពលោកទាំងមូលមានជិត ២០០ ប្រទេស ក្នុងនោះយើងតែងឮរឿងរ៉ាវប្លែកៗកើតឡើងជុំវិញផែនដីនេះ។
ខាងក្រោមនេះគឺជាប្រទេសចំនួន៧ ដែលគ្មានរបស់ពុំគួរគ្មាន៖
៧ គ្មានកងទ័ព (ប្រទេសកូស្តារីកា)
គ្រប់ប្រទេសទាំងអស់តែងព្យាយាមអភិវឌ្ឍវិស័យយោធារបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃដើម្បីត្រៀមទុកការពារខ្លួន ឬ ប្រយុទ្ធ។ ប៉ុន្តែ កូស្តារីកា ជាប្រទេសមួយដែលគ្មានយោធាតាំងពីឆ្នាំ១៩៤៨មកម្ល៉េះ។
នៅពេលនោះលោកប្រធានាធិបតី Jose Figueres Ferrer កែប្រែរដ្ឋធម្មនុញ្ញថ្មីដែលយោធាត្រូវគេលុបបំបាត់ចោល ហើយទុកលុយទាំងនេះទៅអភិវឌ្ឍន៍វិស័យ អប់រំ វប្បធម៌ សុខាភិបាល ក៏ដូចជាការកែលម្អកម្លាំងប៉ូលិស។
៦ គ្មានរដ្ឋាភិបាល ( បែលហ្សិក)
តម្រូវការចាំបាច់សម្រាប់រដ្ឋអធិបតេយ្យភាព គឺត្រូវមានរដ្ឋាភិបាលគ្រប់គ្រងកិច្ចការទាំងអស់។ ក្នុងឆ្នាំ ២០១១ បែលហ្សិក បានបំបែកឯតទគ្គកម្មពិភពលោកដោយសារតែប្រទេសនេះគ្មានរដ្ឋាភិបាលផ្លូវការអស់រយៈពេលយូរបំផុត សរុប ៥៨៩ ថ្ងៃដោយគ្មានរដ្ឋាភិបាលដឹកនាំ។ បែលហ្សិកអនុវត្តនយោបាយមានលក្ខណៈវិមជ្ឈការយ៉ាងខ្ជាប់ខ្ជួន ដែលរដ្ឋាភិបាលបានផ្ទេរអំណាច និងធនធានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកអនុវត្ត ហេតុដូច្នេះបើទោះជាប្រទេសនេះគ្មានរដ្ឋាភិបាល ក៏ដំណើរការដឹកនាំប្រទេសប្រព្រឹត្តទៅជាប្រក្រតី។
៥ គ្មានបំណុលបរទេស (ប្រ៊ុយណេ)
អាមេរិកជាមហាអំណាចជំពាក់បំណុលគេច្រើនជាងគេ បំណុលកើនដល់ជិត ២០ ទ្រីលាន (២០ ០០០ ០០០ ០០០ ០០០ដុល្លារ) ខណៈដែលបំណុលសរុបទាំងអស់របស់ពិភពលោកមានប្រមាណ ៧៦ ទ្រីលាន ដុល្លារអាមេរិក។ ដោយឡែកប្រ៊ុយណេដែលជាប្រទេសតូចមួយនៅអាស៊ីអាគ្នេយ៍ មិនជំពាក់បំណុលគេសូម្បីមួយរៀល។
តើប្រទេសនេះអាចជៀសពីបំណុលបរទេសតាមរបៀបណា? ពាក្យ២ម៉ាត់គឺ “ឧស្ម័ន” និង “ប្រេង” ដែលជាទ្រព្យសម្បត្តិមិនចេះរីងស្ងួតរបស់កូនប្រទេសតូចមួយនេះ។ បន្ទាប់ពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ ១៩៨៤ ប្រ៊ុយណេអភិវឌ្ឍន៍យ៉ាងលឿនមិនគួរឲ្យជឿ។
៤ គ្មានបទភ្លេងគោរពទង់ជាតិ (សាធារណរដ្ឋស៊ីប្រ៊ូស)
សាធារណរដ្ឋស៊ីប្រ៊ូស (Republic of Cyprus) គ្មានភ្លេងជាតិផ្ទាល់ខ្លួនឡើយ។ ប្រទេសនេះបានយកបទភ្លេងគោរពទង់ជាតិរបស់ក្រិក មកធ្វើជាភ្លេងជាតិរបស់ខ្លួន។ បទភ្លេងជាតិ “Hymn to Liberty ឬបទចម្រៀងដើម្បីសេរីភាព” របស់ក្រិកមាន១៥៨ឃ្លា ដែលជាភ្លេងជាតិវែងជាងគេបំផុតនៅលើពិភពលោក។
៣ ភ្លេងជាតិដែលគ្មានសូម្បីមួយតួអក្សរ (អេស្ប៉ាញ)
ថ្វីបើសាធារណរដ្ឋស៊ីប្រ៊ូស បានយកភ្លេងជាតិប្រទេសគេមកធ្វើជាបទភ្លេងគោរពទង់ជាតិរបស់ខ្លួន អេស្ប៉ាញ ក៏ស្រដៀងនោះដែរ។ ប្រសិនបើលោកអ្នកមើលការប្រកួត World Cup ហើយកាមេរ៉ាអូសទៅលើកីឡាករនៅពេលគោរពទង់ជាតិ នោះលោកអ្នកនឹងឃើញបបូរមាត់ពួកគេមិនកម្រើកសូម្បីបន្តិច ព្រោះពួកគេគឺជាជនជាតិអេស្ប៉ាញ។
ភ្លេងជាតិរបស់អេស្ប៉ាញ “Marcha Real ឬ ហៅតាមភាសាអង់គ្លេស Royal March” មិនមានទំនុកច្រៀងទេ តាំងពីឆ្នាំ ១៩៧៨ មកម្ល៉េះ។ ប៉ុន្តែកាលពីមុនភ្លេងជាតិមានពាក្យសម្រាប់ច្រៀងប៉ុន្តែពាក្យពេចន៍ទាំងនោះត្រូវបានគិតថាជា “ហ្វាស៊ីស” ក្នុងរបបផ្តាច់ការ ម្ល៉េះហើយក៏សម័យក្រោយមកសម្រេចថាមិនប្រើពាក្យតែម្តង។
២ គ្មានស្មៅ (Greenland)
បើទោះជាមានឈ្មោះថា Greenland ប៉ុន្តែប្រទេសនេះមិនមានពណ៌បៃតងដូចឈ្មោះឡើយ គ្មានឡើយស្មៅនៅប្រទេសនេះ។ Greenland ដែលជាតំបន់ស្វយ័តពីប្រទេសដាណឺម៉ាកគ្មានស្មៅ ដោយសារលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំង ព្រោះនៅចន្លោះមហាសមុទ្រអាត្លង់ទិច និងមហាសមុទ្រអាកទិច។ ដោយសារគ្មានស្មៅដូច្នោះហើយ ទើបប្រទេសនេះមានការលំបាកក្នុងការបញ្ចុះបញ្ចូល FIFA ក្នុងការជ្រើសយកជាម្ចាស់ផ្ទះក្នុងការប្រកួតបាល់ទាត់។
១ គ្មានមូស (ប្រទេសអ៊ីស្លង់)
សត្វមូសគឺជាសត្វដែលសម្លាប់មនុស្សច្រើនបំផុតនៅលើពិភពលោក។ ត្រីឆ្លាមសម្លាប់មនុស្សត្រឹមតែ ១០ នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំៗ ដំរីទឹកសម្លាប់មនុស្ស ៥០០ នាក់ ឆ្កែសម្លាប់មនុស្សប្រមាណ ២៥ ០០០ និង ពស់សម្លាប់មនុស្សប្រហែល ៥០ ០០០ ក្នុងមួយឆ្នាំៗ។ ប៉ុន្តែមូសសម្លាប់មនុស្សច្រើនជាងគេបំផុតលើលោក ប្រហែល ៧២៥ ០០០ នាក់ក្នុងមួយឆ្នាំៗ។ នេះបើតាម វិបសាយ Listverse។
មូសជាសត្វដែលខ្លាចអាកាសធាតុត្រជាក់ ប៉ុន្តែ Greenland ដែលត្រជាក់ខ្លាំងនៅតែមានមូស ចម្លែកតែប្រទេសអ៊ីស្លង់ (Iceland) គ្មានឡើយសត្វមូស៕
ប្រភព៖ Sabay