ខ្មែរប៉ុស្ដិ៍ Close

ធនាគារពិភពលោក៖ សេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំ២០២១ បន្ទាប់ពីរង​ការប៉ះទង្គិចខ្លាំងពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 30
ធនាគារពិភពលោក៖ សេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំ២០២១ បន្ទាប់ពីរង​ការប៉ះទង្គិចខ្លាំងពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ធនាគារពិភពលោក៖ សេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំ២០២១ បន្ទាប់ពីរង​ការប៉ះទង្គិចខ្លាំងពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩

ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាបន្តរងគ្រោះដោយសារ​ឥទ្ធិពល​នៃ​ការ​រាតត្បាតជំងឺកូវីដ-១៩នោះ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ធនាគារពិភពលោក​បានព្យាករណ៍ថា សេដ្ឋកិច្ចនឹងរួញទំហំប្រមាណដក​២ភាគរយ​ក្នុង​ឆ្នាំ២០២០។ ទន្ទឹមនេះ ក៏មានសញ្ញាជាច្រើនបង្ហាញថាសកម្មភាពសេដ្ឋកិច្ច​កំពុងចាប់​ផ្តើម​កម្រើក​ឡើងវិញ។ ប៉ុន្តែ​ត្រូវ​បាន​រំពឹងទុកថា​នឹង​ងើបឡើងវិញ​ហើយ​លូតលាស់ បាន​ប្រហែល​​ជិត៤​ភាគរយ ក្នុង​ឆ្នាំ​២០២១។ នេះបើយោងតាមធនាគារពិភពលោក​បាន​ឱ្យ​ដឹង​នៅ​ក្នុង​របាយ​ការណ៍មួយឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជា ដែល​ត្រូវ​បានផ្សព្វផ្សាយ​។

ក្នុងរបាយការណ៍បានលើកឡើងថា នៅពេលដែលមានការធូរស្រាលបន្តិចនៅ​ក្នុង​វិធានការរក្សា​សុវត្ថិភាពសង្គម សកម្មភាពសេដ្ឋកិច្ចក្នុង​ស្រុក​កំពុងតែវិលទៅរកប្រក្រតីភាព​បន្តិចម្តងៗវិញ។ អន្តរាគមន៍ក្នុងកម្រិតដែលមិនធ្លាប់មានរបស់​រដ្ឋា​ភិបាល បាន​ជួយ​មួយ​ផ្នែក​ក្នុង​ការទ្រទ្រង់ដល់​ផ្នែក​ទទួល​ទាន​ប្រើ​ប្រាស់​ឱ្យនៅស្ថិតស្ថេរ ហើយ​អតិផរណាក៏ស្ថិត​នៅក្រោមការគ្រប់គ្រងជាប់ផង​ដែរ។ យោង​តាម​របាយ​ការណ៍​ខាងលើបានបន្ដថា លំហូរ​នៃការវិនិយោគផ្ទាល់​ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ​ និង​ទៅ​ក្នុង​វិស័យ​កសិកម្មនៅ​តែ​បន្ត​កើនឡើង ទំនង​ជា​ដោយ​សារ​ភាពទាក់​ទាញ​របស់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​​កម្ម​សេរី​ដែលកម្ពុជា​កំពុងធ្វើ​​ជាមួយ​ប្រទេស​នានា​ក្នុងតំបន់។

ក្នុងរបាយការណ៍ដដែលបានបន្ថែមថា ទោះបីជា​ការនាំចេញ​សរុបនៃផលិតផល​កម្មន្តសាល​បាន​រង​ការ​ប៉ះទង្គិច​ពី​ការ​រាត​ត្បាតជំងឺនេះក៏ដោយ ក៏កំណើន​នៅ​តែ​បន្ត​មាន​ក្នុង​ការនាំចេញ​ផលិតផល​រោងចក្រដទៃទៀត មាន​កង់, គ្រឿងបង្គុំអគ្គិសនី, និង​គ្រឿង​បន្លាស់​រថយន្ត​ និង​គ្រឿង​ផ្សំ​នានា ហើយ​ការ​នាំចេញអង្ករ​និងផលិតផល​កសិកម្មផ្សេង​ទៀត​​​នៅ​មាន​សន្ទុះ​ខ្លាំងក្លា។ ជាមួយ​គ្នានេះ ទេសចរណ៍​ក្នុង​ស្រុកបាន​ជួយ​មួយ​ផ្នែក​ក្នុង​ការ​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ទេសចរណ៍​ និង​ការ​ធ្វើ​ដំណើរ កម្រើក​ឡើងវិញ។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់​ធនាគារ​ពិភព​លោក បានមាន​ប្រសាសន៍ថា ចក្ខុវិស័យកំណើនរបស់កម្ពុជា​នៅប្រឈម​នឹង​ភាពមិន​ប្រាកដ​ប្រជាច្រើនណាស់ ក្នុងនោះ គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនា​ពេល​នេះ គឺជា​បន្ទាន់ ​ត្រូវ​ធ្វើ​យ៉ាងណា​ស្តារ​ឡើងវិញ​នូវ​ការ​ងារ​ដែលបាត់បង់​ ឬ​ដែល​ត្រូវព្យួរ​ដោយ​សារ​តែ​​ការរាលដាលជំងឺនេះ។ លោកស្រីបានបញ្ជាក់ថា “ការឆ្ពោះទៅពេលខាងមុខ គឺជាការចាំបាច់ដែលត្រូវ​ជំរុញ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ក្នុង​ស្រុក ​និង​ពីបរទេស​ឱ្យ​ទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ និង​ក្នុង​តំបន់ដែលត្រូវ​បាន​បង្កើតឡើងកាលពីពេលថ្មីៗនេះ។ លទ្ធភាពនេះអាចធ្វើ​ទៅរួចតាម​រយៈការ​ដាក់ចេញឱ្យ​បាន​ឆាប់រហ័សនូវច្បាប់​វិនិយោគ​មាន​ភាពប្រកួត​ប្រជែង និងប្រការលើកទឹកចិត្តនានា ដល់ការវិនិយោគ អម​ដោយវិធានការទាំងឡាយសំដៅបង្កភាពងាយ​ស្រួលដល់ការ​ធ្វើ​អាជីវកម្ម​ ផង​ដែរ។”

ក្នុងរបាយការណ៍​ក៏បានផ្ដល់នូវអនុសាសន៍ដោយ​ស្នើ​ឱ្យ​បង្កើន​ការ​វិនិយោគ​សាធារ​ណៈសម្រាប់​ជួយ​​ដល់ជនក្រីក្រី និង​សម្រាប់ជំរុញកំណើន រួម​មាន​ទាំងកម្មវិធី​បង្កើត​ការ​ងារ​ជា​ថ្នូរ​យក​ប្រាក់​កម្រៃប្រចាំថ្ងៃ (cash-for-work projects) ផង។ ទន្ទឹមគ្នានេះ លើកកម្ពស់​វិស័យ​​អតិពលកម្មនានាដើម្បី​បង្កើត​ការ​ងារ​ក្នុងឱកាសដែលមានការងើបឡើងឆាប់រហ័ស​នៃ​តម្រូវការ​ទំនិញ​ប្រើ​ប្រាស់​ក្នុង​ស្រុក។ របាយការណ៍ក៏បានលើកឡើងដែរនូវឱកាស​នានា​សម្រាប់​សម្រួល​ការ​ពង្រីក​ការ​វិនិយោគ​ក្នុង​ស្រុក​និង​ពី​បរទេស ដោយផ្អែកលើ​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​និង​ក្នុង​តំបន់​ ក្នុងពេលថ្មីៗនេះ រួមមាន កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្មសេរីរវាង​កម្ពុជា និងចិន និង​ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​តំបន់ (RCEP)។

របាយការណ៍នេះ​បានចង្អុលបង្ហាញដែរអំពី​សារៈសំខាន់ចាំបាច់​បំផុត​នៃការ​រៀបចំបង្កើន​ឱ្យមានហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំមួយសម្រាប់​វ៉ាក់សាំងកូវីឌ១៩ ក៏ដូចជា​ការ​តាម​ដាន​ឱ្យ​បាន​ដិត​ដល់​ផង​ដែរ​នូវ​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋ​កិច្ច​ដែល​អាច​បង្ក​ដោយ​កំណើនអូសបន្លាយ​យូរពេករបស់​វិស័យសំណង់​ និង​អចលនទ្រព្យ។

បើតាមការ​ស្ទង់មតិតាមទូរស័ព្ទ​ដែល​ធនាគារពិភពលោក​បាន​ធ្វើ​​ពីរដងក្នុង​រយៈ​ពេលកន្លងទៅបាន​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ផ្តល់ចម្លើយដែលកំពុងធ្វើការក្នុងពេលស្ទង់មតិ មាន​ការធ្លាក់ចុះ​ពី ៨២ភាគរយនៅពេលមានការផ្ទុះជំងឺកូវីដ-១៩ដំបូង មក​នៅត្រឹម​ ៧១ភាគរយ​ក្នុង​ខែឧសភា ឆ្នាំ២០២០ ហើយតួលេខនេះហាក់ដូចជានៅដដែលក្នុងខែសីហា ឆ្នាំ២០២០។ ការ​រាតត្បាតជំងឺនេះ នៅតែបន្ត​ជះផលអវិជ្ជមានទៅលើ​សកម្មភាព​ធុរកិច្ចដែលមិន​មែនជា​ការដាំដុះ ប៉ុន្តែ​ក្នុង​សភាពមួយ​ដែល​មិនសូវធ្ងន់ធ្ងរណាស់ណាទេបើប្រៀបធៀបទៅនឹង​ពេល​​ដែលវិបត្តិនេះ​បានផ្ទុះឡើងភ្លាមៗ។ ស្របគ្នានេះដែរ ចំពោះការ​បាត់​បង់​ចំណូល​នៅតែ​មានទំហំធំធេងនៅឡើយ បើទោះជា​ការធ្លាក់ចុះចំណូល​គ្រួសារ​ថយល្បឿនបន្តិច​វិញ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​ដាក់ចេញកម្មវិធីថ្មីមួយ​សម្រាប់​ផ្ទេរសាច់ប្រាក់​ទៅ​ជួយ​​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ។ ការ​ស្ទង់មតិទាំងនោះ​បង្ហាញថា ជិត៩០ភាគរយ​នៃក្រុមគ្រួសារ​ដែលត្រូវ​បានកំណត់អត្តសញ្ញាណថាជា​អ្នក​ក្រ បាន​រាយការណ៍ថា​បាន​ទទួល​ប្រាក់​សង្គ្រោះ​​នៅក្នុង​ខែ​សីហា និង​កញ្ញាកន្លងមក។

សូមបញ្ជាក់ផងដែរថា ក្នុងរបាយការណ៍នេះ ក៏​មាន​ជំពូកពិសេស​មួយផ្តោត​ទៅលើ​ការស្ទង់មតិលើសកម្មភាពធុរកិច្ច​កម្ពុជា (Cambodia Business Pulse Surveys/BPS) ដែលត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ស្វែងយល់អំពី​ផលប៉ះពាល់របស់​កូវីដ-១៩ ទៅលើ​ធុរកិច្ច។ ការ​ស្ទង់មតិលើសកម្មភាពធុរកិច្ចនេះត្រូវ​បាន​ធ្វើ​ជាមួយ​ក្រុម​ហ៊ុន​ជាង​ ៥០០​ក្រុមហ៊ុន ​ពីខែ​មិថុនា​ ដល់​ខែ​កញ្ញា ឆ្នាំ២០២០ ហើយ​លទ្ធផលបង្ហាញថា អាជីវកម្មជាច្រើន​បាន​បើកទ្វារឡើងវិញហើយតាំងពីខែមិថុនាមក។ តែទោះយ៉ាងណាក្តី ការលក់នៅមានកម្រិតទាបខ្លាំង ពិសេស​សម្រាប់​អាជីវកម្ម​ខ្នាតមីក្រូតូច និង​មធ្យម និង​សម្រាប់​បណ្តា​ក្រុម​ហ៊ុន​ជា​ច្រើន​នៅ​ខេត្ត​សៀមរាប៕

អត្ថបទទាក់ទង