សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទម្លាយពីការអប់រំកូនៗ
(ភ្នំពេញ)៖ កូនៗទាំង៥របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានគេមើលឃើញថា ជាកុលបុត្រ កុលធីតា ដែលបានលុះដោយគន្លងធម៌ សីលធម៌ និងចរិយាធម៌យ៉ាងល្អនៅក្នុងសង្គម។
ការអប់រំទូន្មានកូនៗឱ្យបានល្អប្រសើរជាករណីកិច្ចដ៏ចាំបាច់របស់មាតាបិតា។ ក្នុងសៀវភៅ «ប៊ុន រ៉ានី ភរិយាបុរសខ្លាំងនៃកម្ពុជា» របស់លោក ឆាយ សុផល បានគូសរំលេចពីវិធីសាស្ត្រនៃការអប់រំកូនរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។
ក្នុងសៀវភៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសរំលេចថា សម្តេច និងសម្តេចតេជោ មានសំណាងដែលកូនៗ លុះដោយគន្លងធម៌។
តែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានលើកបង្ហាញពីការតឹងរឹង និងម៉ឺងម៉ាត់ក្នុងការអប់រំកូនៗផងដែរ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ក្នុងសៀវភៅ របស់លោក ឆាយ សុផល យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបថា ស្វាមីខ្ញុំជាមនុស្សស្អប់កូនអ្នកទន់ខ្សោយ។ គាត់និយាយរឿងនេះតាំងពីក្រោយរៀបការមុនពេលដែលយើងមានកូនមកម្ល៉េះ ដូចនេះហើយបានជាគាត់ និងខ្ញុំប្រមូលផ្តុំអប់រំកូនលើសីលធម៌ សុជីវធម៌ ចរិយាធម៌ និងគុណធម៌»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមថា «ស្វាមីខ្ញុំកាន់កាប់សៀវភៅទំនាក់ទំនងរវាងសាលា និងគ្រួសារ។ គាត់ពិនិត្យ និងធ្វើមូលវិចារទៅកាន់លោកគ្រូ អ្នកគ្រូវិញ ដោយសុំឱ្យជួយអប់រំអំពីសីលធម៌ និងអត្តចរិត»។
បើតាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, កូនៗរបស់សម្តេច គ្មានសំណាងបានជិះរថយន្តទៅសាលាទេ។ ពួកគេត្រូវដើរពីផ្ទះវិមានឯករាជ្យទៅសាលាចតុមុខ មានតែលោក ម៉ាណែត ម្នាក់ទេ ដែលបានជិះកង់ និងយូរៗបានជិះម៉ូតូទៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
សម្តេចបានបន្ថែមថា ដល់វេនបោសសម្អាតសាលា កូនៗសម្តេចតែងមានអំបោស និងបង្គីយកពីផ្ទះ ដែលសម្តេចតេជោ ទិញឱ្យគ្រប់កូនៗយកទៅសម្អាតសាលា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរំលឹកថា ពេលលោក ម៉ាណែត ចូលវិទ្យាល័យ សាលាតម្រូវឱ្យកូនសិស្សជាយុវជនដេកយាមសាលា ម៉ាណែត ក៏ត្រូវដេកយាមសាលាដូចយុវជនផ្សេងទៀតដែរ។
«គោលបំណងធំរបស់គ្រួសារខ្ញុំ និងខ្ញុំ គឺចង់ឱ្យមានភាពស្មើភាពនៅក្នុងចំណោមសិស្សានុសិស្សគ្មានការរើសអើងរវាងកូនប្រជាជន និងកូនអ្នកមានអំណាច»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឱ្យដឹងថា គ្រួសារសម្តេច កាន់វិន័យតឹងតែងចំពោះកូនៗ នៅផ្ទះបង្រៀនកូនៗឱ្យចេះរើសស្រូវចេញពីអង្ករមុនយកទៅដាំបាយ។ ប្រសិនបើកូនណាមួយធ្វើកំហុស គឺកូនៗជាប់ពិន័យទាំងអស់ ដោយឱ្យអង្គុយទាំងអស់គ្នា អានសៀវភៅ ឬនៅស្ងៀមស្ងាត់ ធ្វើយ៉ាងនេះសំដៅឱ្យកូនចេះអប់រំគ្នា កុំឱ្យមានកំហុស។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ឱ្យដឹងដែរថា ពេលកូនចេញទៅរៀននៅបារាំង និងអាមេរិក សម្តេចតេជោ បានទៅ តាមរៀបវិន័យឱ្យកូនៗដោយសរសេរបិទនៅបន្ទប់ទឹក និងជញ្ជាំង។ ដូចជាចេញពីបន្ទប់ទឹក ត្រូវបិទភ្លើង មិនត្រូវនិយាយឮសំឡេងទៅក្រៅផ្ទះ ចាយលុយប៉ុន្មាន ត្រូវសុំការអនុញ្ញាតពីនរណា? ដើរឆ្ងាយពីផ្ទះប៉ុន្មានម៉ែត្រ ត្រូវសុំការអនុញ្ញាតពីនរណា?។ល។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវបានគេប្រសិទ្ធនាមជាមាតាមនុស្ស បានគូសបញ្ជាក់ថា «នេះជាការគ្រប់គ្រងដ៏តឹងតែង តែកូនៗមិនធ្វើឱ្យយើងលំបាកនោះទេ។ គេចេះកសាង និងគ្រប់គ្រងខ្លួនបានយ៉ាងល្អ»។
បើតាមសៀវភៅលោក ឆាយ សុផល បានគូសបញ្ជាក់ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានបំណងឱ្យកូនប្រុសទាំង៣ គឺលោក ហ៊ុន ម៉ាណែត, លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី បានរៀនឱ្យចប់ថ្នាក់បណ្ឌិតទាំងអស់គ្នា។ ប៉ុន្តែមានតែ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងម្នាក់គត់ ដែលបានបញ្ចប់ថ្នាក់បណ្ឌិត ហើយក៏មានតែកូនថ្នាក់ដឹកនាំប្រទេសតែម្នាក់ដែរ ដែលបានរៀន និងបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធាក្នុងទីក្រុង West Point សហរដ្ឋអាមេរិក។
ចំណែកលោក ហ៊ុន ម៉ានិត និង លោក ហ៊ុន ម៉ានី បើទោះបីជាមិនបានបញ្ចប់ថ្នាក់បណ្ឌិត (គិតត្រឹមឆ្នាំ២០១៩) ក៏ដោយ ក៏ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ម្នាក់ពីរដែរ នៅឯសហរដ្ឋអាមេរិក និងនៅអូស្ត្រាលី៕