ខ្មែរប៉ុស្ដិ៍ Close

ទឹកស្អាតក្នុងក្រុងសៀមរាប នឹងបង្កើនសមត្ថភាពផលិតដល់ ៩០ពាន់ម៉ែត្រត្រីគុណ ខណៈបច្ចុប្បន្នការផ្គត់ផ្គង់ បានត្រឹមតែជិត៤០ភាគរយប៉ុណ្ណោះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 63
ទឹកស្អាតក្នុងក្រុងសៀមរាប នឹងបង្កើនសមត្ថភាពផលិតដល់ ៩០ពាន់ម៉ែត្រត្រីគុណ ខណៈបច្ចុប្បន្នការផ្គត់ផ្គង់ បានត្រឹមតែជិត៤០ភាគរយប៉ុណ្ណោះ ទឹកស្អាតក្នុងក្រុងសៀមរាប នឹងបង្កើនសមត្ថភាពផលិតដល់ ៩០ពាន់ម៉ែត្រត្រីគុណ ខណៈបច្ចុប្បន្នការផ្គត់ផ្គង់ បានត្រឹមតែជិត៤០ភាគរយប៉ុណ្ណោះ

(សៀមរាប)៖ បច្ចុប្បន្នការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងបានត្រឹមតែជិត៤០ភាគរយប៉ុណ្ណោះ ឬស្មើនឹងការផលិតបាន៣០ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ដែលបរិមាណនេះទាមទារឲ្យមានការពង្រីកសមត្ថភាពរហូតដល់ ៩០ពាន់ម៉ែត្រត្រីគុណ នេះបើតាមការឲ្យដឹងពី ឯកឧត្តម ឃុត វុត្យារិទ្ធិ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។

ឯកឧត្តម ឃុត វុត្យារិទ្ធិ បញ្ជាក់ថា គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត សម្រាប់ក្រុងសៀមរាបនេះ អនុវត្តដោយផ្អែកតាមការសិក្សាអំឡុងឆ្នាំ២០១០ និងចុះកិច្ចព្រមព្រៀងឥណទាន រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនហៅកាត់ថា ចាយកា (JICA)។ គម្រោងនេះដែរ កសាងឡើងត្រូវបានប៉ាន់ស្មានថា នឹងផ្គត់ផ្គង់ទឹកស្អាត សមស្របជាមួយនឹងកំណើនមនុស្សរស់នៅក្នុងក្រុងសៀមរាប រហូតដល់ឆ្នាំ២០៣០។ទោះបីជំងឺកូវីដ-១៩ នៅបន្តគម្រាមកំហែងដល់ប្រទេសកម្ពុជាក៏ដោយ ក៏គម្រោងនេះនៅតែបន្ត។ តាមរយៈរបាយការណ៍នាដើមខែធ្នូនេះ គម្រោងនេះ នឹងត្រូវស្ថាបនាបញ្ចប់នៅឆ្នាំ២០២២ ដែលវាស្របគ្នាទៅនឹង គម្រោងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបដែរ។ ជាមួយនោះ គម្រោងរៀបចំឲ្យមានការស្ថាបនាលូរំដោះទឹកភ្លៀង បណ្តាញលូបញ្ចេញទឹកកខ្វក់ និងការរៀបចំសោភ័ណភាពដងស្ទឹងសៀមរាបផងដែរ។

សូមជម្រាបថា គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានចែកជា៣ផ្នែក៖ ផ្នែកទី១ គឺសាងសង់ប្រឡាយចំហ ស្ថានីយបូមទឹកឆៅ បំពង់មេនាំទឹកឆៅ២ខ្សែ ស្មើនឹងជាង៩គីឡូម៉ែត្រ និង បំពង់មេនាំទឹកស្អាតប្រវែង ២៣ គីឡូម៉ែត្រ ដោយរយៈពេលសាងសង់៣ឆ្នាំ ចាប់ផ្តើមអនុវត្តក្នុងខែមករា ដែលមកដល់ដើមខែធ្នូឆ្នាំ២០២០នេះ លទ្ធផលសម្រេចបានប្រហែលជា១៧ភាគរយ។ ផ្នែកទី២៖ ផ្គត់ផ្គង់ និងដាក់បំពង់ចែកចាយទឹកស្អាតប្រវែង ១៦៦គីឡូម៉ែត្រក្នុងក្រុងសៀមរាប មានរយៈពេល៣ឆ្នាំសម្រាប់ការសាងសង់ មកដល់ពេលនេះ លទ្ធផលសម្រេចបានជាង ៥៦ភាគរយ និងផ្នែកទី៣៖ គឺការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត មានសមត្ថភាពផលិតបាន ៦០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ មានរយៈពេលសាងសង់២ឆ្នាំ៨ខែ ដែលមកដល់ពេលនេះ លទ្ធផលសម្រេចបាន១៥ភាគរយ និងទាំងផ្ដល់ការផ្គត់ផ្គង់បរិក្ខារសម្រាប់ស្ថានីយបូមទឹកឆៅផងដែរ៕

អត្ថបទទាក់ទង