ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ាណែត បង្ហាញពីភាពជោគជ័យនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់បណ្តាប្រទេសអាស៊ាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
លោក ហ៊ុន ម៉ាណែត បង្ហាញពីភាពជោគជ័យនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់បណ្តាប្រទេសអាស៊ាន លោក ហ៊ុន ម៉ាណែត បង្ហាញពីភាពជោគជ័យនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់បណ្តាប្រទេសអាស៊ាន

នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ានទាំង ០៩ ផ្សេងទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី ២១ (21st ACAMM) តាមរយៈប្រព័ន្ធ វីដឺអូខុនហ្រែ្វន (Virtual Conference) ដែលរៀបចំឡើងក្រោមការសម្របសម្រួលរបស់កងទ័ពជើងគោកប្រ៊ុយណេ ជាប្រធាននៃកិច្ចប្រជុំ និងក្រោមប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតបរបស់កងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន នៅចំពោះមុខការប្រែប្រួលបញ្ហាសន្តិសុខតំបន់ ស្របតាមគន្លងបែបបទថ្មីក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩” នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំនេះ មេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន បានកត់សម្គាល់អំពីបញ្ហាប្រឈមរួមរបស់កងទ័ពនៅចំពោះមុខវិបត្តិ នៃជំងឺរាតត្បាតសាកលកូវីដ-១៩ ដែលធ្វើឱ្យកងទ័ពនៃប្រទេសនីមួយៗ ត្រូវរ៉ាប់រងទទួលខុសត្រូវលើការងារច្រើន ក្នុងពេលតែមួយ។ ក្នុងនោះ ក្រៅពីការខិតខំបំពេញភារកិច្ចស្នូលជាប្រចាំ ដោយត្រូវធ្វើយ៉ាងណារក្សាឱ្យការបំពេញការងារប្រព្រឹត្តទៅជាធម្មតា ទាំងការងារប្រតិបត្តិការ, ការងារហ្វឹកហ្វឺន និងកិច្ចសហការផ្សេងៗ ស្របតាមគន្លងបែបបទថ្មីនៃជំងឺកូវីដ-១៩ កងទ័ពក៏ត្រូវមានភារកិច្ចចូលរួមជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ ដើម្បីការពារសុខភាព និងអាយុជីវិតប្រជាជនផងដែរ។

ឆ្លងតាមបទបង្ហាញរបស់កងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាននីមួយៗ លើបទពិសោធន៍នៃការឆ្លើយតបចំពោះជំងឺកូវីដ-១៩ កិច្ចប្រជុំក៏បានកត់សម្គាល់អំពីជោគជ័យក្នុងកម្រិតផ្សេងៗគ្នា នៃការចូលរួមរបស់កងទ័ពក្នុងការគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួនលើការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសាកលនេះ ក្នុងនោះកងទ័ពបានដើរតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងការចូលរួមរៀបចំផែនការ, ការផ្តល់នូវសម្ភារៈ និងការដឹកជញ្ជូន, ការប្រើប្រាស់កម្លាំងសុខាភិបាល, ការសហការជាមួយស្ថាប័ននគរបាលនៅក្នុងការត្រួតពិនិត្យនៅតាមច្រកព្រំដែន និងការអនុវត្តដោយម៉ឺងម៉ាត់ នូវរាល់វិធានការសុខាភិបាលទប់ស្កាត់បាននូវការចម្លង នៅក្នុងអង្គភាពជាដើម។ ជាពិសេសទោះនៅក្នុងកាលៈទេសៈនៃវិបត្តិនេះ កងទ័ពក៏នៅតែខិតខំព្យាយាមរក្សាបាននូវសមត្ថភាពពេញលេញ និងការត្រៀមលក្ខណៈគ្រប់ពេលវេលា អាចបំពេញភារកិច្ច និងប្រតិបត្តិការស្ទើរដូចធម្មតា។

ជាក់ស្តែង ខណៈដែលបណ្តាប្រទេសអាស៊ានភាគច្រើនទទួលរងនូវវិបត្តិគ្រោះទឹកជំនន់ និងខ្យល់ព្យុះ ដែលកន្លងទៅថ្មីៗនេះ កងទ័ពបានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជារួម នៅចំពោះមុខវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមិនទាន់លុបបំបាត់បាននៅឡើយ កិច្ចប្រជុំបានកត់សម្គាល់អំពីតម្រូវការ នៃការជំរុញកិច្ចសហប្រតិបត្តិការរួមគ្នា រវាងកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីដោះស្រាយបញ្ហាសន្តិសុខទាំងប្រពៃណី និងមិនមែនប្រពៃណី រួមទាំងបញ្ហាជំងឺកូវីដ-១៩ ដែលជាបញ្ហាកំពុងប្រឈមថ្មីនេះ តាមរយៈការពិចារណារៀបចំសកម្មភាព សហប្រតិបត្តិការមួយចំនួនដូចជា ការជួបប្រជុំ, ការផ្លាស់ប្តូរបទពិសោធន៍របស់នាយទាហានគ្រប់ជាន់ថ្នាក់ និងការធ្វើលំហាត់លើតុតាមប្រព័ន្ធ ICT ទន្ទឹមនឹងការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពនៅក្នុងវិស័យសន្តិសុខព័ត៌មានវិទ្យា ដើម្បីឱ្យការទំនាក់ទំនងតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះរក្សាបាននូវសុវត្ថិភាពខ្ពស់។

ក្នុងអំឡុងពេលកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីភាពជោគជ័យរបស់កម្ពុជា នៅក្នុងការគ្រប់គ្រងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ស្របពេលដែលថ្មីៗនេះ ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសសេណេហ្គាល់ បានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសលេខ ៣ ក្នុងចំណោម ១៦៦ ប្រទេសក្នុងពិភពលោក និងជាប្រទេសលេខ ១ នៅក្នុងទ្វីបអាស៊ី ចំពោះប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ និងបានសង្កត់ធ្ងន់ថា ភាពជោគជ័យនេះ មិនមែនជាការចៃដន្យនោះទេ។ ជាក់ស្តែងណាស់ គឺជាជោគជ័យដែលកើតឡើងដោយសមត្ថភាព នៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា របស់រាជរដ្ឋាភិបាលកម្ពុជាលើស្ថានភាពនៃវិបត្តិនេះ តាមរយៈការដាក់ចេញនូវវិធានការឆ្លើយតបជាច្រើនប្រកបដោយភាពម៉ឺងម៉ាត់។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាការជួបប្រជុំលើកទី២ តាមរយៈប្រព័ន្ធ វីដឺអូខុនហ្រែ្វន (Virtual Conference) រវាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន បន្ទាប់ពីជំនួបពិសេសកាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ៕

អត្ថបទទាក់ទង