ក្រុមការងារអគ្គលេខាធិការដ្ឋាននៃគណ:កម្មាធិកាជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានរៀបចំពិធីផ្សព្វផ្សាយ “កម្មវិធីប្រកួតប្រជែងយុវជនទេសចរណ៍ឆ្នើម ឆ្នាំ២០១៨” ក្រោមប្រធានបទ៖ ការៀបចំវត្តទេសចរណ៍គំរូ

ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារអគ្គលេខាធិការដ្ឋាននៃគណ:កម្មាធិកាជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ដែលដឹកនាំដោយលោក អាំង សុវណ្ណរ័ត្ន អគ្គលេខាធិការរងនៃគណ:កម្មាធិកាជាតិវាយតម្លៃទីក្រុងស្អាត និងជាប្រធានគណៈកម្មការវាយតម្លៃកម្មវិធីប្រកួតប្រជែងយុវជនទេសចរណ៍ឆ្នើម បានរៀបចំពិធីផ្សព្វផ្សាយ “កម្មវិធីប្រកួតប្រជែងយុវជនទេសចរណ៍ឆ្នើម ឆ្នាំ២០១៨” ប្រធានបទ៖ ការៀបចំវត្តទេសចរណ៍គំរូ វិញ្ញាសារ៖ វត្តហរិរក្សរាជនី (វត្តវាំងចាស់) ជាវត្តទេសចរណ៍គំរូ នៅទីតាំងវត្តហរិរក្សរាជិនី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោក សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក ងួន វាសនា អភិបាលស្រុកឧដុង្គ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ មន្ទីរធម្មការ និងសាសនា លោកតាអាចារ្យគណៈកម្មការវត្តវាំងចាស់ ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ប្រតិបត្តិករទេសចរណ៍ និងយុវជន ស.ស.យ.ក ស្រុកឧដុង្គ ប្រមាណ១៥០នាក់។ នៅក្នុងកម្មវិធីផ្សព្វផ្សាយនោះ ក្រុមការងារបានជម្រាបជូនលម្អិតអំពីខ្លឹមសារ លក្ខន្តិកៈ និងលក្ខណៈវិនិច្ឆ័យនៃកម្មវិធីប្រកួតប្រជែងនេះ។
គណ:កម្មាធិកាជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានការគាំទ្រពីរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ និងសាលាស្រុកឧដុង្គ បានរៀបចំកម្មវិធីប្រកួតប្រជែងនេះឡើង ដើម្បីបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីវិស័យទេសចរណ៍ដល់យុវជនកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ តាមរយៈគំនិតឆ្នៃប្រឌិតបង្កើតថ្មី ក្នុងការរៀបចំទីតាំងវត្តវាំងចាស់ ដែលជាវត្តមានវ័យចំណាស់ ជាប្រវត្តិសាស្រ្ត ជាអតីតរាជធានីឧដុង្គ ឱ្យក្លាយជាផលិតផលទេសចរណ៍សាសនា និងវប្បធម៌ដ៏ល្អមួយសម្រាប់ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នាឱកាសនោះ លោកប្រធានក្រុមការងារវាយតម្លៃក៏បានជម្រាបជូនចំណុចពិសេសមួយចំនួនដែលបេក្ខជនគួរយកចិត្តទុកដាក់ក្នុងការរៀបចំសំណើរឯកសារ រួមមាន៖
- ទី១. ការប្រកាន់ខ្ជាប់នូវទស្សនទាន “ការអភិរក្សបម្រើឱ្យការអភិវឌ្ឍ ការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស”
- ទី២. ការយកចិត្តទុកដាក់លើការរៀបចំសោភ័ណភាព ភាពស្អាត និងបៃតង នៅទីតាំងវត្ត
- ទី៣.ការរៀបចំឱ្យមានភាពសម្បូរបែបនៃផលិតផល និងសេវាកម្មទេសចរណ៍ប្រកបដោយគុណភាព ដើម្បីបម្រើដល់ភ្ញៀវទេសចរក្នុងការស្វែងយល់អំពីប្រវត្តិរបស់វត្ត
- និងទី៤. ការតភ្ជាប់ខ្សែទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍សំខាន់ៗផ្សេងៗទៀតនៅជុំវិញទីតាំងវត្ត ទាំងគោលដៅទេសចរណ៍ធម្មជាតិ និងកសិទេសចរណ៍ ដែលជាផ្នែកមួយនៃការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ដើម្បីឱ្យភ្ញៀវស្នាក់នៅ និងកម្សាន្តក្នុងខេត្តកំពង់ស្ពឺកាន់តែមានរយៈពេលយូរជាងមុន៕