ខ្មែរប៉ុស្ដិ៍ Close

    អ្នកនយោបាយតុកាហ្វេ ៖ «ពេលខ្មែរមានទុក្ខ ទើបខ្មែរស្គាល់មុខសន្តានអ្នកនយោបាយដែលអន់ជាងសត្វសុនខ»

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 1295
    អ្នកនយោបាយតុកាហ្វេ ៖ «ពេលខ្មែរមានទុក្ខ ទើបខ្មែរស្គាល់មុខសន្តានអ្នកនយោបាយដែលអន់ជាងសត្វសុនខ»អ្នកនយោបាយតុកាហ្វេ ៖ «ពេលខ្មែរមានទុក្ខ ទើបខ្មែរស្គាល់មុខសន្តានអ្នកនយោបាយដែលអន់ជាងសត្វសុនខ»

    ខណៈពេលដែលកម្ពុជា និងបណ្តាប្រទេសជាច្រើនរងគ្រោះដោយទឹកជំនន់រយៈពេលចុងក្រោយនេះ មាន រូបភាពជាច្រើនត្រូវបាន បង្ហោះតាមបណ្តាញសង្គម។ មានរូបភាពមួយក្នុងចំណោមរូបភាពដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ សត្វសុនខមួយក្បាលព្យាយាមពាំកូន រត់គេចចេញពីទឹកជំនន់ដែលលិចដល់ពាក់ កណ្តាលដងខ្លួនវា។ រូបភាពនេះមានអត្ថន័យរាប់រយពាន់ដែលគួរពិចារណា។

    អត្ថន័យរបស់វានៅត្រង់ថា ក្នុងកាលៈទេសៈអាសន្ន បែបនេះ សូម្បីតែសត្វក៏ចេះជួយសង្គ្រោះកូនវា ដែរ។ ចុះហេតុអ្វីបានជា មនុស្សខ្លះ បែរជាសុខចិត្តឱបដៃឈរមើលជនរួមជាតិរបស់ខ្លួនលិចលង់ដោយមិនអើពើ ទៅវិញ? មិនត្រឹមតែមិនអើពើប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេបែរជាអង្គុយរិះគន់អ្នកដែលជួយសង្គ្រោះ យ៉ាងសស្រាក់សស្រាំ និងថែមទាំងបានរារាំងមិនឲ្យគេជួយជនរងគ្រោះដោយទឹកជំនន់ថែមទៀតក្រោមលេសថា «បើជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនោះមានន័យស្មើនឹងជួយរដ្ឋាភិបាល លោក ហ៊ុន សែន»។

    ជាការពិត វិបត្តិកូវីដ~១៩ និងគ្រោះជំនន់ទឹកភ្លៀងដែលបានកើតឡើងរយៈពេលចុងក្រោយនេះ គឺជាគ្រោះដ៏អាក្រក់មួយ សម្រាប់កម្ពុជាក៏ដូចជាសម្រាប់បណ្តាប្រទេសផ្សេងៗទៀតជាច្រើនដែលកំពុងរងគ្រោះដែរ។ ប៉ុន្តែ គ្រោះដ៏អាក្រក់នេះក៏ជា វិញ្ញាសារដ៏សំខាន់មួយផងដែរ សម្រាប់ប្រជាពលរដ្ឋខ្មែរ។ តាមរយៈវិញ្ញាសារនេះ ពួកគេអាចមើលឃើញយ៉ាងច្បាស់នូវសន្តានរបស់អ្នកនយោបាយបោកប្រាស់ទាំងឡាយដែលកន្លងទៅតែងតែអួតអាងថាខ្លួនជាអ្នកស្នេហាជាតិ ជាអ្នកស្រឡាញ់និងអាណិត ប្រជាពលរដ្ឋខ្មែរ ហើយធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋខ្មែរ។

    ប៉ុន្តែធាតុពិតរបស់ពួកគេ គឺអន់ជាងសត្វសុនខទៅទៀត។

    តើឯណាទៅពាក្យថា ស្រឡាញ់ប្រជាពលរដ្ឋខ្មែរ? និងឯណាទៅ ពាក្យថាស្នេហាជាតិ? វិញ្ញាសារជាក់ស្តែងបានបង្ហាញច្បាស់ហើយនៅពេលនេះ។

    តើអ្នកនយោបាយណាខ្លះបានចេញមុខជួយពលរដ្ឋខ្មែរពេលពួកគេជួបគ្រោះកូវីដ~១៩ និងជាពិសេស គឺគ្រោះជំនន់ទឹកភ្លៀងដែលជាគ្រោះ មហន្តរាយដ៏ធំបំផុតនិងដែលបាន យាយីនិងបំផ្លាញទ្រព្វសម្បត្តិរដ្ឋនិងឯកជនយ៉ាងច្រើនហើយបានឆក់យកជីវិតពលរដ្ឋខ្មែរមួយចំនួនផងដែរ។ គឺគ្មានអ្នកណាក្លៀវក្លា ប្តូរផ្តាច់ ស្លាប់រស់ជាមួយពលរដ្ឋ ខ្មែរជាងលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាឡើយ។ ក្រៅពីនោះ ក៏មានការរួមចំណែក ពីសម្បុរសជន បណ្តាបក្សនយោបាយមួយចំនួននិងបណ្តាប្រទេសជាមិត្តរបស់កម្ពុជាផងដែរក្រោមទឹកចិត្តមនុស្សធម៌ «ជួយគ្នាក្នុងគ្រាមានអាសន្ន»។

    ចំណែកឯអ្នកនយោបាយដែលតែងតែអួតអាងក្អេងក្អាងថា ជា អ្នកស្នេហាជាតិនិងជាអ្នក ស្រឡាញ់ប្រជាពលរដ្ឋខ្មែរនោះ បែរជាសម្ងំឈឹង ឱបដៃឈរ មើលទុក្ខវេទនារបស់ពលរដ្ឋខ្មែរធ្វើព្រងើយ។ ទន្ទឹមនឹងនោះ អង្គការសង្គម ស៊ីវិលនិងអ្នកតាំងខ្លួនថាជាអ្នកវិភាគឯករាជ្យ ទាំងឡាយដែលតែងតែនិយាយបូរបាច់គ្រប់រឿងឥតឈប់ឈរ ហើយតាំងខ្លួនជាអ្នកចេះដឹង ជាជើងឯកខាងសិទ្ធិមនុស្សនោះ ក៏ស្ងាត់ឈឹងមិនបានចេញមុខជួយអ្វីដល់ខ្មែរដូចដែលពួកគេធ្លាប់និយាយឆ្កាដៃឆ្ការជើងអួតអាងទាល់តែសោះ។

    ពេលនេះ អាប៉ោងបានបើកគ្របហើយ គឺគ្មានអ្វីជាអាថ៌កំបាំងទៀតឡើយ។ កាលពីមុន នៅពេលពួកគេអំពាវនាវឲ្យបរទេសផ្តាច់ជំនួយពីកម្ពុជា ឬ ជំរុញឲ្យបរទេសដាក់ទណ្ឌកម្មលើកម្ពុជា ពួកគេក៏ធ្វើឡើងក្រោមហេតុផលថា ដើម្បីដាក់ទណ្ឌកម្មលើលោក ហ៊ុន សែន ដែរ។ តាមពិត ពួកគេ និយាយបែបនេះគឺគ្រាន់តែជាលេសយកលោក ហ៊ុន សែនមកបិទបាំងតែប៉ុណ្ណោះ។ ប៉ុន្តែ គោលដៅពិតប្រាកដរបស់ពួកគេគឺដាក់ទណ្ឌកម្មលើពលរដ្ឋខ្មែរតែម្តង។

    ពួកគេមានចេតនាបំផ្លាញខ្មែរ យ៉ាងពិតប្រាកដពីព្រោះ បើតាមអត្ថន័យរបស់ពួកគេ គឺដើម្បីបំផ្លាញរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន គឺត្រូវផ្តើមពីការបំផ្លាញខ្មែរមួយប្រទេសតាមទ្រឹស្តី «ដុតផ្ទះដើម្បីចំអិន បាយមួយឆ្នាំង»។ ហេតុអ្វីបានជាក្រុមនេះគិតយ៉ាងដូច្នេះ?

    ចម្លើយគឺមកពីពួកគេយល់ច្បាស់ណាស់ថា លោកហ៊ុន សែន និងប្រជាពលរដ្ឋខ្មែរបានផ្សារសាច់ផ្សារឈាមជាប់គ្នាទៅហើយ។ ដោយសារតែលោកហ៊ុន សែន និងពលរដ្ឋខ្មែរជាមនុស្សតែមួយបែបនេះហើយបានជារាល់ពេលដែលពលរដ្ឋខ្មែរមានទុក្ខ តែងតែ មានមុខលោក ហ៊ុន សែន។ ហើយជាការឆ្លើយតបមកវិញ រាល់ពេលបោះឆ្នោត លោក ហ៊ុន សែន តែងតែឈ្នះជាដរាប។ នេះជាហេតុផលសត្យានុម័តដែលក្រុមប្រឆាំងជ្រុលនិយមនិងជនអគតិមួយចំនួនគិតថា ត្រូវតែ បំផ្លាញខ្មែរមួយនគរដើម្បីប្រឆាំងជាមួយលោក ហ៊ុន សែន។ តាមរយៈទង្វើបែបនេះ ពលរដ្ឋ ខ្មែរពិតជាបានយល់យ៉ាងច្បាស់ដោយឥតមន្ទិលឡើយថា អ្នកនយោបាយបែបនេះគឺជាជនទុច្ចរិតដែលមានចេតនា បំផ្លាញខ្មែរយ៉ាងពិតប្រាកដ។

    កាលពីមុន មានតែរដ្ឋាភិបាល លោក ហ៊ុន សែន និងអ្នកគាំទ្ររដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទេដែលបានមើលឃើញ នូវអំពើទុច្ចរិតរបស់ក្រុមនេះ។ ប៉ុន្តែ វិញ្ញាសារកូវីដ~១៩ និងជំនន់ទឹកភ្លៀងនៅពេលនេះបាននិងកំពុងបកស្បែកមុខក្រុមនេះ ដើម្បីឲ្យពលរដ្ឋខ្មែរគ្រប់រូប រាប់ទាំងអ្នកធ្លាប់គាំទ្រក្រុមនេះផងឲ្យបានភ្លឺភ្នែកស្វាងស្រឡះជ្រះពីមន្ទិលសង្ស័យហើយមើល ឃើញច្បាស់ថា ក្រុមនេះពិតជា មានចេតនាទុច្ចរិតដូចរដ្ឋាភិបាល ធ្លាប់បានអះអាងពិតប្រាកដមែន ពីព្រោះពេលពួកគេមានទុក្ខ ឃើញតែមុខលោក ហ៊ុន សែន និងអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែនទេដែលចេញមកជួយ។ ចំណែកឯក្រុមអ្នកនយោបាយដែលខ្លួនធ្លាប់គាំទ្រនោះបែរជាស្ងាត់ឈឹង!

    ជាភ័ព្វសំណាងល្អណាស់សម្រាប់ពលរដ្ឋខ្មែរដែលមាន លោក ហ៊ុន សែន ឈរពាំងការពាររហូតដើម្បីចាកផុតពី ការបំផ្លាញរបស់ក្រុមអ្នកនយោបាយទុច្ចរិតជ្រុលនិយម ទាំងនោះ។

    ចំណុចដែលគួរអោយចាប់អារម្មណ៍បំផុតដែលលោក ហ៊ុន សែនបាននិយាយពីស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យកាលពីថ្ងៃសៅរ៍ទី ២៤ តុលា ២០២០ ក្នុងឱកាស សំណេះសំណាលនិងចែកអំណោយដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀងនោះគឺ លោក ហ៊ុន សែបានបញ្ជាក់ថា «លោកមានសមត្ថភាពអាច រំលាយអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមហើយនាំមកនូវសន្តិភាពពេញផ្ទៃប្រទេសបាន ប៉ុន្តែ លោកគ្មានលទ្ធភាពនិយាយជាមួយក្រុមទុច្ចរិតជ្រុលនិយម នេះបានឡើយ» ដោយសារតែ នយោបាយប្រឆាំងផ្កាប់មុខនិងជំនាញខាងលាបពណ៌របស់ក្រុម នេះ។ ក្នុងន័យនេះ លោក ហ៊ុន សែន ចង់ប្រាប់ពលរដ្ឋខ្មែរ ក៏ដូច ជាបរទេសខ្លះថា ក្រុមនេះអស់កែហើយ។

    ទោះយ៉ាងណា ប្រជាពលរដ្ឋខ្មែរ មានជំនឿយ៉ាងមុតមាំថា លោក ហ៊ុន សែន មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈរការពារ ប្រទេសនិងប្រជាពលរដ្ឋខ្មែរចេញពីការបំផ្លិចបំផ្លាញរបស់ក្រុម នេះបានដោយមិនអនុញ្ញាតឲ្យពួកគេបំផ្លាញខ្មែរបានឡើយ។

    ដូច្នេះ ខ្មែរពិតជាត្រូវការវត្តមានលោក ហ៊ុន សែនជាមេដឹកនាំយូរអង្វែងតទៅទៀតពីព្រោះមានតែលោក ហ៊ុន សែនទេ ដែលដឹងសុខទុក្ខរបស់ខ្មែរ និងមានតែលោក ហ៊ុន សែនទេ ដែលមានសមត្ថភាពអាចឈរការពារខ្មែរឲ្យរួចផុតពីគ្រោះថ្នាក់គ្រប់យ៉ាងបាន។ ចំណែកឯអ្នកនយោបាយដែលឈរឱបដៃ មើលខ្មែររងគ្រោះនិងដែល មានសន្តានអន់ជាងសត្វសុនខទៅ ទៀតនោះ គឺពិតជាមិនមែនជាសេចក្តីត្រូវការរបស់ពលរដ្ឋខ្មែរសោះឡើយ។ សុភាសិតបូរាណមួយពោលថា «ក្រោយពេលភ្លៀងមេឃស្រឡះ»។ យ៉ាងណាមិញ «ក្រោយពេលខ្មែរមានទុក្ខ ខ្មែរក៏បានស្គាល់មុខសន្តានអ្នកនយោបាយដែលអន់ជាងសត្វសុនខ» ដែរ៕

    ដោយ : អ្នកនយោបាយតុកាហ្វេ

    អត្ថបទទាក់ទង