ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ លោក ហ៊ុន សែន គឺជានិមិត្តរូបនៃស្មារតី «ជួយគ្នាក្នុងគ្រាមានអាសន្ន»!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 56
លិខិតមិត្តអ្នកអាន៖  លោក ហ៊ុន សែន  គឺជានិមិត្តរូបនៃស្មារតី «ជួយគ្នាក្នុងគ្រាមានអាសន្ន»! លិខិតមិត្តអ្នកអាន៖ លោក ហ៊ុន សែន គឺជានិមិត្តរូបនៃស្មារតី «ជួយគ្នាក្នុងគ្រាមានអាសន្ន»!

ជារៀងរាល់លើកនៅពេលដែលកម្ពុជាជួបគ្រោះអាសន្នដោយសារ មហន្តរាយធម្មជាតិ ឬដោយគ្រោះអាសន្នណាមួយក្តី លោក ហ៊ុន សែន តែងតែដើរតួនាទីឈានមុខគេជានិច្ចក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

ក្រៅពីតួនាទីជាអ្នកដឹកនាំប្រតិបត្តិការជួយសង្គ្រោះ ភ្លាមៗទាន់ ពេលវេលា មេដឹកនាំខ្មែររូបនេះក៏នៅ មានចំណុចដ៏លេចធ្លោមួយទៀតដែលគ្មាននរណាអាចប្រៀបផ្ទឹមបានឡើយ នោះគឺតួនាទីជានិមិត្តរូបនៃស្មារតី «ជួយគ្នាក្នុងគ្រាអាសន្ន»

ជាក់ស្តែងនៅពេលដែល ប្រជាពលរដ្ឋខ្មែរទទួលរងគ្រោះអាសន្នបណ្តាលមកពីជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយជំនន់ទឹកភ្លៀងនារយៈពេលចុងក្រោយនេះ មានសម្បុរសជនខ្មែរជាច្រើន មានតាំងពីមន្ត្រីរាជការ ឧកញ៉ា មហាសេដ្ឋី អ្នកជំនួញតូចធំរហូតដល់ប្រជាពលរដ្ឋសាមញ្ញបាន នាំគ្នាបរិច្ចាគថវិកា សម្ភារៈ និងគ្រឿងឧបភោគ បរិភោគជាច្រើនដើម្បីជួយដល់ជនរងគ្រោះបើទោះបីជាលោក ហ៊ុន សែន មិនបានចេញមុខអំពាវនាវរកជំនួយក៏ ដោយ។ ថវិកាជាច្រើនលានដុល្លារត្រូវបានសប្បុរសជនបរិច្ចាគជួយដោយស្ម័គ្រចិត្តក្នុងរយៈ ពេលយ៉ាងខ្លីបំផុត។

តើហេតុអ្វីបានជា សប្បុរសជននាំគ្នាបរិច្ចាគតាមរយៈលោក ហ៊ុន សែន ដើម្បីជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់?

ទី១៖ គឺបណ្តាលមកពីសប្បុរសជនទាំងអស់យល់ច្បាស់ណាស់ថា លោក ហ៊ុន សែន ជាមេដឹកនាំដែលដឹងសុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋ ហើយពួកគេមានជំនឿទុកចិត្តដោយឥតសង្ស័យលើមេដឹកនាំរូបនេះទាំងស្រុងថា ថវិកានិងសម្ភារៈ ឬគ្រឿងឧបភោគបរិភោគដែលពួកគេបានបរិច្ចាគប្រាកដជាបានទៅដល់ដៃប្រជាពលរដ្ឋរងគ្រោះយ៉ាងពិតប្រាកដ។ នេះគឺជាគន្លឹះដ៍សំខាន់បំផុតដែលធ្វើឲ្យសប្បុរសជនទាំងឡាយនាំគ្នាបរិច្ចាគដោយទឹកចិត្តជ្រះថ្លាបំផុតតាមរយៈលោក ហ៊ុន សែន។

ទី២៖ លោក ហ៊ុន សែន គឺជា មេដឹកនាំដែលមិនត្រឹមតែអង្គុយបញ្ជាទៅកាន់ថ្នាក់ក្រោមប៉ុណ្ណោះទេ ប៉ុន្តែគាត់តែងតែ ស្ថិតនៅជាប់ជាមួយប្រជាពលរដ្ឋរងគ្រោះជានិច្ចឲ្យតែពលរដ្ឋជួបគ្រោះអាសន្នណាមួយ។ ភាពរហ័សរហួននិងការចុះជាប់ជាមួយប្រជាពលរដ្ឋដល់ទីកន្លែងរងគ្រោះបានក្លាយជាអត្តសញ្ញាណរបស់លោក ហ៊ុន សែន ទៅហើយ។ កាយវិការជាគម្រូទាំងនេះហើយដែលធ្វើឲ្យមន្ត្រីរាជការ ឧកញ៉ា មហាសេដ្ឋី អ្នកជំនួញតូចធំ និងប្រជាពលរដ្ឋទូទៅ កោតសរសើរ និងចង់រួមចំណែកដោយស្ម័គ្រចិត្ត និងដោយរីករាយតាមលទ្ធភាពដែលខ្លួនមានដើម្បីភ្ជាប់និស្ស័យជាមួយមេដឹកនាំដ៍ឆ្នើមម្នាក់នេះ។

ទី៣៖ គឺលោក ហ៊ុន សែន តែងតែបង្ហាញទឹកចិត្តអាណិតស្រឡាញ់ប្រជាពលរដ្ឋរបស់ខ្លួនដោយសុទ្ធចិត្តឥតក្លែងក្លាយហើយក៍មិនមែនជាការសម្តែងដូចអ្នកនយោបាយមួយចំនួននោះឡើយ។ មេដឹកនាំខ្មែររូបនេះពិត ជាបានបង្ហាញចេញនូវមនោសញ្ចេតនាពិតៗប្រាប់ដល់ប្រជាពលរដ្ឋថា គាត់មិនគ្រាន់តែជានាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែ គឺជាឪពុក ជាពូ ជាបងប្អូន ជាសាច់ញាតិ ជាក្រុមគ្រួសាររបស់ពលរដ្ឋខ្មែរពិតៗ។ មនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះតែងតែបានផុសឡើងយ៉ាងច្បាស់ក្រឡែតនៅរាល់ពេលដែលពលរដ្ឋខ្មែរជួបគ្រោះអាសន្នម្តងៗ។ គឺតាមរយៈមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះហើយដែលជាធ្នាក់ទាក់ទាញទឹកចិត្តឲ្យពលរដ្ឋខ្មែរមិនថាអ្នកធំ អ្នកតូច អ្នកមាន អ្នកក្រ ឲ្យរួមត្របាញ់ទឹកចិត្តចូលគ្នាបង្កើតបានជាសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគ ដើម្បីជួយដល់ជនរួមជាតិរបស់ខ្លួនក្នុងនាមខ្មែរតែមួយ។

ទី៤៖ លោក ហ៊ុន សែន គឺជាមេដឹកនាំដ៏មានឥទ្ធិពល និងដែលទទួលបានការគោរពបំផុតពីមន្ត្រីក្រោមឱវាទក៏ដូចជាពីសំណាក់មជ្ឈដ្ឋានអ្នកជំនួញ និងប្រជាពលរដ្ឋទូទៅ។ ការគោរពនេះ បានកើតឡើងក៏ដោយសារ តែលោក ហ៊ុន សែន ជាមេដឹកនាំដែលមានភាពប្រាកដនិយមបំផុតដែលសេចក្តីសម្រេចចិត្តរបស់គាត់កម្រខុសជាពិសេស គឺសេចក្តីសម្រេចចិត្តខាងនយោបាយ។ ភាពប្រាកដនិយម នេះហើយដែលធ្វើឲ្យលោក ហ៊ុន សែន ទទួលបានការកោតសរសើរ និងការគោរពបំផុតពីមនុស្សគ្រប់មជ្ឈដ្ឋាន។ នេះគឺជាមូលដ្ឋានដ៏រឹងមាំដែលធ្វើឲ្យសប្បុរសជននានាតែងតែបបួលគ្នាជួយរដ្ឋាភិបាលក្នុងគ្រាដ៏លំបាកណាមួយកើតឡើង។

ទី៥៖ សម្រាប់ប្រជាពលរដ្ឋខ្មែរជាទូទៅ លោក ហ៊ុន សែន បានក្លាយជានិមិត្តរូបនៃការជួយសង្គ្រោះជីវិតខ្មែរចេញពីសេចក្តីស្លាប់ ជានិមិត្តរូបនៃការអភិវឌ្ឍ ជានិមិត្តរូបនៃការកសាងសន្តិភាព និងការបង្រួមបង្រួមជាតិ និងជាពិសេសបំផុត ជានិមិត្តរូបនៃការធានាស្ថិរភាពនយោបាយនិងសង្គមនៅកម្ពុជា។ ដូច្នេះ នរណាៗក៏ទុកចិត្តនិងចង់ចូលរួមចំណែកក្នុងសេចក្តីល្អជាមួយគាត់ដែរ លើកលែងតែជនអគតិមួយក្តាប់តូចដែលវង្វេងជាតិ និងភ្លេចជាតិកំណើតរបស់ខ្លួនតែប៉ុណ្ណោះដែលកំពុងបន្តធ្វើសកម្មភាពទុច្ចរិតសំដៅបំផ្លាញសុខសន្តិភាពដែលទទួលបានដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់លោក ហ៊ុន សែន។

សរុបមកវិញ ជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀងដែលកំពុងកើត មាននៅកម្ពុជានាពេលនេះគឺជាគ្រោះដ៏អាក្រក់បំផុតមួយ។ ប៉ុន្តែ នៅក្នុងគ្រោះអាក្រក់នេះ វាក៏បានស្តែងចេញអោយយើងឃើញនូវសញ្ញាល្អមួយចំនួនគួរឲ្យកត់សម្គាល់៖

  • សញ្ញាល្អមុនគេគឺ សមត្ថភាពក្នុងការដឹកនាំចាត់ចែងរបស់នាយករដ្ឋមន្ត្រីខ្មែរឈ្មោះ ហ៊ុន សែន ដែលអាចទប់ទល់បានយ៉ាងល្អទាំងជាមួយកូវីដ-១៩ ទាំងជាមួយគ្រោះទឹកជំនន់។
  • សញ្ញាល្អបន្ទាប់មកទៀតគឺ ការលេចឡើងនូវស្មារតីសាមគ្គីរវាងខ្មែរនិងខ្មែរក្រោមដំបូលដឹកនាំរបស់លោក ហ៊ុន សែន ហើយ ស្មារតីនេះក៏កាន់តែរីកធំឡើងជាលំដាប់ដែលជាទីសង្ឃឹមដ៏រឹងមាំរបស់ខ្មែរទៅថ្ងៃអនាគត។
  • សញ្ញាល្អមួយទៀតគឺ ភាពសស្រាក់សស្រាំរបស់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទក៏ដូចជារបស់ខ្មែរគ្រប់មជ្ឈដ្ឋានក្នុងការជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដោយមិនខ្លាចការនឿយហត់។ ពួកគេបាននិងកំពុងបំពេញបេសកកម្មដោយទឹកចិត្តមោទនភាពក្នុងនាមជាកូនចៅលោក ហ៊ុន សែន ដែលយកមេដឹកនាំធ្វើជាគម្រូ។ នេះគឺជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំជុំវិញលោក ហ៊ុន សែន។
  • រីឯសញ្ញាល្អចុងក្រោយមួយទៀតគឺ ការលេចឡើងយ៉ាងច្បាស់ក្រឡែតនូវនិន្នាការពីរផ្ទុយគ្នាស្រឡះរវាងអ្នកដែលជាទីពឹងដ៏កក់ក្តៅបំផុតរបស់ពលរដ្ឋខ្មែរ និងអ្នកដែលចាំទះដៃអបអរនិងចាំតែស្តីបន្ទោសដើម្បីជាន់ពន្លិចនៅពេលខ្មែរមានគ្រោះអាសន្ន។ និន្នាការទាំងពីរនេះអាចអនុញ្ញាតឲ្យពលរដ្ឋខ្មែរ បែងចែកបានយ៉ាងច្បាស់ថា តើពួកគាត់ត្រូវជ្រើសរើសយកអ្នកណាជាមេដឹកនាំ ពោលគឺគ្មានអ្នកណាក្រៅពីលោក ហ៊ុន សែន នោះឡើយ។

«ជួយគ្នាក្នុងគ្រាអាសន្ន» គឺជាពាក្យគន្លឹះដែលលោក ហ៊ុន សែន តែងតែនិយាយមិនដាច់ពីមាត់នៅក្នុងគ្រាដែលកម្ពុជាជួបគ្រោះអាសន្ន។ ពាក្យគន្លឹះនេះ បាននិងកំពុងក្លាយជាចលនាជាតិមួយដើម្បីបំផុសស្មារតី សាមគ្គីភាពផ្ទៃក្នុងរវាងខ្មែរនិងខ្មែរផង និងក៏កំពុងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ជនរងគ្រោះដោយទឹកជំនន់ផង ហើយវាក៏កំពុងក្លាយជានិមិត្តរូប នៃស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ននៅក្នុងសង្គមខ្មែរតែម្តង។ សម្រាប់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនិយាយដោយឡែក និងសម្រាប់ពលរដ្ឋខ្មែរទូទៅនិយាយជារួម «លោក ហ៊ុន សែន គឺពិតជានិមិត្តរូបនៃស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន» ដោយមិនអាចប្រកែកបានឡើយ។

ដូច្នេះ វត្តមានរបស់លោក ហ៊ុន សែន ពិតជាមិនអាចខ្វះបានក្នុងការបន្តដើរតួនាទីជាស្នូលនៃកម្លាំងសាមគ្គីជាតិដ៏រឹងមាំនេះ៕

ដោយ : អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង