ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បើកកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រនៅខេត្តកែប
នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រជុំទី២ នៅថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែ ធ្នូ ២០១៧ខាងមុខនេះ។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះ រួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូក្រសួងទេសចរណ៍ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក និងមន្រ្តីសាលាខេត្តជាច្រើនរូបផងដែរ។
គួរបញ្ជាក់ថា សម្រាប់ពិធីបុណ្យសមុទ្រឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៧ ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តកែប ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគត គឺបច្ចុប្បន្ន» ដែលព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះ នឹងប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា នាថ្ងៃទី២២ ខែធ្នូ នៅមុខសាលាខេត្តកែប៕