ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស នៅតែបន្តកើនឡើងរហូតលើស ១០០០ លានដុល្លារ
លោក William (Bill) Jesse Longhurst លោក ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា បានអះអាងថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអង់គ្លេស រហូតមកដល់ពេលនេះ នៅតែបន្ដកើនឡើងរហូត លើស ១,០០០លានដុល្លារ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោកឯកអគ្គរាជទូត ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ក្នុងឱកាសស្ថានទូតប្រារព្ធព្រះរាជពិធី បុណ្យចម្រើនព្រះជន្មគម្រប់ ៩២ព្រះវស្សា ព្រះមហាក្សត្រីយានី អេលីហ្សាបេត្ស ទី២។ ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងមន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងតំណាងទូតប្រចាំនៅកម្ពុជា ជាច្រើនរូបទៀតផងដែរ។
តាមរយៈអ្នកបកប្រែ លោកឯកអគ្គរាជទូត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «បើយើងជជែកទាក់ទងអំពីពាណិជ្ជកម្មទ្វេរភាគីរវាងអង់គេ្លស និងកម្ពុជា មានលើសពី១,០០០លានដុល្លារហើយ បើគិតដល់បច្ចុប្បន្ននេះ ដែលក្នុងនោះភាគច្រើន គឺការនាំចេញរបស់កម្ពុជា លើផលិតផលវាយនភ័ណ្ឌ ទៅកាន់ទីផ្សារអង់គ្លេស»។ បើតាមលោក William (Bill) Jesse Longhurst បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗរបស់អង់គ្លេស បានបន្ដមកបណ្ដាក់ទុននៅកម្ពុជា ខណៈដែលរដ្ឋាភិបាលអង់គ្លេស កំពុងខិតខំជំរុញបន្ថែមទៀតលើការងារពាណិជ្ជកម្មមួយនេះ។
លោកឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជា ដែលនឹងបញ្ចប់អាណត្តិរបស់ខ្លួនក្នុងរយៈពេល២ខែទៀតនេះ បានគូសបញ្ជាក់ថា ការដែលវិនិយោគិនរបស់អង់គ្លេស បន្ដមកបណ្ដាក់ទុននៅកម្ពុជា ក៏ដោយសារមើលឃើញពីសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ដកើនឡើងនៅតែខ្លាំង ដែលសេដ្ឋកិច្ចបែបនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគ ហើយកម្ពុជាក៏មានកម្លាំងពលកម្មវ័យក្មេងជាច្រើនផងដែរ។
សូមរំលឹកថា នៅក្នុងឆ្នាំ២០១៦ ទំហំនៃការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស គឺនៅក្នុងរង្វង់ប្រមាណ ៨០០លានដុល្លារអាមេរិក ដែលនៅក្នុងទំហំទឹកប្រាក់នេះ កម្ពុជាបាននាំចេញនូវផលិតផលប្រភេទកសិកម្ម និងវាយនភ័ណ្ឌទៅកាន់ចក្រភពអង់គ្លេស នូវទឹកប្រាក់ប្រមាណ ៧៦៧លានដុល្លារ និងបាននាំចូលមកវិញនូវផលិតផលអេឡិកត្រូនិក និងមុខទំនិញផ្សេងទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារ ៕