ខេត្តបាត់ដំបង រៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តថ្មី បន្ទាប់ពីលោកអភិបាលខេត្តចាស់ ចូលនិវត្តន៍
បាត់ដំបង៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អភិបាល អភិបាលរងខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគទី៥ ស្នងការ ស្នងការរង ក្នុងកងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការសាលាខេត្ត សាលាក្រុង ស្រុក។
ឯកឧត្តម ងួន រតនៈ ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដែលត្រូវចូលនិវត្តន៍។ លោក សឿម ប៊ុនរិទ្ធិ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងត្រូវបានផ្ទេរភារកិច្ចលោក អ៊ុយ សុធាវី ពីអភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឲ្យមកកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង៕