ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ៦៩ឆ្នាំ នៃដំណើរឡើង-ចុះ គណបក្សប្រជាជន កាន់តែរួបរួម កាន់តែរឹងមាំ និងនៅតែជាជម្រើសតែមួយគត់របស់ប្រជាជនកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 17
លិខិតមិត្តអ្នកអាន៖ ៦៩ឆ្នាំ នៃដំណើរឡើង-ចុះ គណបក្សប្រជាជន កាន់តែរួបរួម កាន់តែរឹងមាំ និងនៅតែជាជម្រើសតែមួយគត់របស់ប្រជាជនកម្ពុជា លិខិតមិត្តអ្នកអាន៖ ៦៩ឆ្នាំ នៃដំណើរឡើង-ចុះ គណបក្សប្រជាជន កាន់តែរួបរួម កាន់តែរឹងមាំ និងនៅតែជាជម្រើសតែមួយគត់របស់ប្រជាជនកម្ពុជា

យោងតាមប្រភពនៃការផ្សព្វផ្សាយពីសារព័ត៌មានថ្មីថ្មី នូវអត្ថបទមួយដែលនិពន្ធដោយលោក សំ រិទ្ធី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ក្រោមចំណងជើងថា «៦៩ឆ្នាំ នៃដំណើរឡើង-ចុះ គណបក្សប្រជាជនកាន់តែរួបរួម កាន់តែរឹងមាំ និងនៅតែជាជម្រើសតែមួយគត់របស់ប្រជាជនកម្ពុជា» ដែលមានខ្លឹមសារដូចខាងក្រោម៖

ថ្ងៃអាទិត្យទី២៨ ខែមិថុនា ឆ្នាំ២០២០ គឺជាខួបលើកទី៦៩នៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា ដែលមហាជនសង្កេតឃើញមានការអបអរសាទរពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងយុវជនរបស់គណបក្សប្រជាជន តាមរយៈការបង្ហោះសារដឹងគុណ និងអបអរសាទរលើបណ្តាញទំនាក់ទំនងសង្គមយ៉ាងសន្ធឹកសន្ធាប់។ ផ្តើមចេញពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាក្នុងបុព្វហេតុទាមទារឯករាជ្យពីអាណានិគមបារាំង គណបក្សប្រជាជនកម្ពុជាដែលបានចាប់បដិសន្ធិនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បានឆ្លងកាត់ដំណើរឡើង-ចុះជាច្រើនបន្តបន្ទាប់ក្នុងរយៈពេល៦៩ឆ្នាំ និងបានបង្ហាញយ៉ាងច្បាស់ពីភាពកាន់តែរួបរួម និងកាន់តែរឹងមាំរបស់ខ្លួន ជាពិសេសការបន្តជាជម្រើសតែមួយគត់របស់ប្រជាជនកម្ពុជា។

បើមើលទៅដំណើររបស់គណបក្សកាន់អំណាចមួយនេះក្នុងរយៈពេល៤២ឆ្នាំចុងក្រោយ បន្ទាប់ពីការរំដោះប្រជាជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គណបក្សប្រជាជនកម្ពុជាតែងបង្ហាញភាពរឹងមាំ និងមោះមុតរបស់ខ្លួនក្នុងការដឹកនាំដោយការប្រកាន់ខ្ជាប់នូវបុព្វហេតុបម្រើប្រជាជន ការពារសុខសន្តិភាព និងរក្សានិរន្តរភាពនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ដោយឡែក បើពិនិត្យ និងកត់សម្គាល់លើការលើកឡើងជារឿយៗរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជន សារសំខាន់ៗដែលបង្ហាញពីសមិទ្ធផល ឬស្នាដៃដែលសម្រេចបាន តែងរំលេចភ្ជាប់ជាមួយនឹងការឆ្លងកាត់ឧបសគ្គ និងការលំបាកជាច្រើន។ ជាក់ស្តែង ព្រឹត្តិការណ៍ធំៗមួយចំនួនត្រូវបានរៀបរាប់ដើម្បីឆ្លុះបញ្ចាំងពីការកសាង និងស្តារប្រទេសឡើងវិញក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ចន្លោះឆ្នាំ១៩៧៨ ដល់១៩៩៣ ការរំដោះប្រទេសពីសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរៃ និងការដឹកនាំប្រទេសខណៈដែលសង្គមបន្តមានអស្ថិរភាព ការគ្រប់គ្រងប្រទេសដែលមិនទាន់មានការរួបរួមពេញលេញនៃរដ្ឋអំណាច និងកងកម្លាំងប្រដាប់អាវុធក៏ដូចជាការព្យាយាមយ៉ាងមោះមុតដើម្បីដឹកនាំប្រទេសក្នុងស្ថានភាពដែលកម្ពុជាបន្តទទួលរងសម្ពាធពីបណ្តាប្រទេសមួយចំនួន។ ក្នុងដំណាក់កាលនោះ ទាមទារឱ្យរដ្ឋាភិបាលត្រូវគិតគូរគ្រប់ជ្រុងជ្រោយទាំងការទប់ស្កាត់ការពារកុំឱ្យរបបខ្មែរក្រហមវិលត្រលប់មកវិញផង និងមួយផ្នែកត្រូវស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅមុខផង។ បើមើលទៅលើទិដ្ឋភាពការបរទេសវិញ រដ្ឋាភិបាលប្រទេសកម្ពុជាលើឆាកអន្តរជាតិគឺមិនទាន់មានការទទួលស្គាល់ជាផ្លូវការនៅឡើយនៅពេលនោះ។

បន្ទាប់មក នៅឆ្នាំ១៩៩៧ មានការផ្ទុះអាវុធនៅកណ្តាលទីក្រុងភ្នំពេញ និងបញ្ហាវិបត្តិហិរញ្ញវត្ថុអាស៊ី ដែលកម្ពុជាផ្ទាល់បានរងការប៉ះពាល់យ៉ាងខ្លាំងទាំងសង្គម និងសេដ្ឋកិច្ច។ សង្គ្រាមបានបង្កការខាតបង់ជាច្រើនស្ទើរគ្រប់វិស័យ រីឯប្រជាជននៅតែមានការភ័យខ្លាច ខណៈវិបត្តិហិរញ្ញវត្ថុក្នុងតំបន់ ធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានថមថយគួរឱ្យកត់សម្គាល់។ ក្នុងឆ្នាំ២០០៨ វិបត្តិហិរញ្ញវត្ថុអាស៊ី និងពិភពលោក បានកើតឡើងដែលពេលនោះលំនឹងសេដ្ឋកិច្ចកម្ពុជាផ្ទាល់មិនទាន់មានសភាពច្បាស់លាស់នៅឡើយ។ អំឡុងពេលដែលដៃម្ខាងរបស់កម្ពុជាកំពុងខិតខំទប់ទល់ការលំបាកផ្នែកសេដ្ឋកិច្ច ដៃម្ខាងទៀតត្រូវការពារអធិបតេយ្យភាព និងបូរណភាពទឹកដីក្នុងព្រឹត្តិការណ៍ប្រាសាទព្រះវិហារ និងថែមទាំងត្រូវគិតគូររៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៤ ដែលជាកាតព្វកិច្ចខានពុំបានស្របតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានឆ្លងកាត់ព្រឹត្តិការណ៍ប៉ុនប៉ងជាបន្តបន្ទាប់នៃការធ្វើបដិវត្តន៍ពណ៌ប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០១៣។ ដោយឡែក ថ្មីៗនេះ គិតចាប់ពីដើមឆ្នាំ២០២០ ខណៈប្រទេសក្នុងពិភពលោកជួបវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ទាំងផ្នែកសង្គម និងសេដ្ឋកិច្ចផងដែរ។ បើទោះបីជាមានឧបសគ្គ និងការលំបាកដូចបានឆ្លុះបញ្ចាំងខាងលើក៏ពិតមែន តែថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅតែបង្ហាញជំហររួបរួម រឹងមាំ ជាមួយនឹងការសម្រេចបានស្នាដៃ និងសមិទ្ធផលនានាដែលបម្រើដល់ប្រយោជន៍ប្រជាជនកម្ពុជា ដោយប្រកាន់ខ្ជាប់នៅទិសស្លោក៖ «គណបក្សប្រជាជន ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន»។

ឆ្នាំ១៩៩៨ សង្គ្រាមរ៉ាំរ៉ៃក្នុងប្រទេសត្រូវបានបញ្ចប់ទាំងស្រុងក្រោមការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយមូលដ្ឋាននៃសុខសន្តិភាពនេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កើនជាមធ្យមក្នុងរង្វង់៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ។ អ្វីដែលគួរឱ្យកត់សម្គាល់ថែមទៀតនោះ គឺការអភិវឌ្ឍពីប្រទេសចំណូលទាប មកជាប្រទេសចំណូលមធ្យមកម្រិតទាប គិតត្រឹមឆ្នាំ២០១៥។ រីឯអត្រាភាពក្រីក្រនៅកម្ពុជា បានបន្តធ្លាក់ចុះជាលំដាប់ពីជាង៥៣.២% មកនៅក្រោម១០% គិតត្រឹមឆ្នាំ២០១៩។ ទន្ទឹមនេះកម្ពុជា មានឱកាសបង្ហាញសក្តានុពល ដែលមិនធ្លាប់មានសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចលើគ្រប់ផ្នែក គ្រប់វិស័យក្នុងនាមជាម្ចាស់លើជោគវាសនារបស់ខ្លួន ខណៈទទួលបានភាពស្មើមុខមាត់ទាំងថ្នាក់តំបន់និងនៅលើឆាកអន្តរជាតិ។ ពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្នក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន បានបង្ហាញភាពទទួលខុសត្រូវខ្ពស់ចំពោះប្រជាជនរបស់ខ្លួន តាមរយៈការដាក់ចេញនូវវិធានការ និងយន្តការជាបន្តបន្ទាប់ស្របតាមស្ថានភាពជាក់ស្តែង ការរៀបចំឱ្យមានកម្មវិធីសប្បុរសកៀរគរការចូលរួមពីសាធារណជន ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺនេះ។ ត្រង់ចំណុចការចូលរួមនេះ បន្ទាប់ពីមានការប្រកាសពីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ សមាជិក សមាជិការបស់គណបក្សប្រជាជន បានបង្ហាញស្មារតី គាំទ្រចូលរួមយ៉ាងខ្លាំងក្លា ដោយការស្ម័គ្រចិត្តកាត់ប្រាក់បៀវត្សរបស់ខ្លួនតាមលទ្ធភាព ឧបត្ថម្ភចូលរួមក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។ ជាមួយនេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផងដែរ។

ជារួមក្នុងដំណើរឡើង-ចុះដែលគណបក្សប្រជាជនកម្ពុជាបានឆ្លងកាត់ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនេះ បានបន្តដំណើរទៅមុខកាន់តែរឹងមាំ ជាមួយនឹងការរួបរួមគាំទ្រឥតងាករេរបស់សមាជិក សមាជិការបស់ខ្លួន និងការបន្តគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្រោមស្មារតីនៃការលះបង់ និងការដាក់ប្រយោជន៍ប្រជាជន និងប្រទេសជាតិជាចម្បង។ បើទោះបីជាបានឆ្លងកាត់កត្តាប្រឈមជាច្រើន មិនថាកត្តាសន្តិសុខជាតិ កត្តាសេដ្ឋកិច្ច កត្តាក្នុងស្រុក និងអន្តរជាតិ ឬបញ្ហាពិភពលោក អ្វីដែលជាជោគជ័យមួយក្នុងចំណោមជោគជ័យនានានោះ គឺគណបក្សប្រជាជនកម្ពុជា នៅតែបន្តជាជម្រើសតែមួយគត់របស់ប្រជាជនកម្ពុជាក្នុងរយៈពេល៤២ ឆ្នាំចុងក្រោយ៕

ដោយ៖ លោក សំ រិទ្ធី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ

អត្ថបទទាក់ទង