រដ្ឋាភិបាលចិន ផ្ដល់ជំនួយជាង ៧លានដុល្លារ ដល់កម្ពុជា លើគម្រោងចំនួន២០
រដ្ឋាភិបាលចិន បានផ្ដល់ជំនួយជាង៧លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជាលើគម្រោងចំនួន២០ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង។
ការផ្តល់ជំនួយនេះ ធ្វើឡើងតាមរយៈ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០រវាងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា និង លោក ប្រាក់សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។
លោក ប្រាក់ សុខុន មានប្រសាសន៍ថា ការផ្តល់មូលនិធិរបស់រដ្ឋាភិបាលចិននៅពេលនេះ គឺមានទឹកប្រាក់ចំនួន៧,២២៥,៤០០.០០ដុល្លារអាមេរិក( ៧លាន២សែន ២ម៉ឺន៥ពាន់៤រយដុល្លារ) ភាគច្រើនគ្របដណ្តប់ទៅលើសកម្មភាពនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម អភិវឌ្ឍធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត កសាងសមត្ថភាព ទេសចរណ៍ និងសេវាកម្ម បរិស្ថាន និងការការពារសម្បត្តិវប្បធម៌ ជាដើម ។
លោកបញ្ជាក់ថា ការជួយគាំទ្រពីមិត្តចិនបានបង្ហាញពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
សូមបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កាលពីឆ្នាំ២០១៦ គម្រោងទាំងនេះ បានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង តាមរយៈ ការបង្រួមគម្លាតនៃការអភិវឌ្ឍ ការពង្រឹងទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក និងការពង្រឹងសមត្ថភាព ក្នុងការឆ្លើយតបឱ្យកាន់តែប្រសើរឡើង៕