លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នគ្រប់ពេលចំពោះជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ កូវីដ-១៩
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ទោះបីនៅក្នុងទីក្រុង ឬនៅតាមជនបទស្រុកស្រែចម្ការ ត្រូវប្រុងប្រយ័ត្នគ្រប់ពេលចំពោះជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវ។
តាមរយៈផេកហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា មកទល់ពេលនេះស្ថានការណ៍នៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវ គឺនៅតែជាក្តីព្រួយបារម្ភដ៏ធំបំផុតរបស់ពិភពលោក។ មកទល់ថ្ងៃនេះដែរ ក៏មិនទាន់មានថ្នាំព្យាបាលកូវីដ-១៩ នៅឡើយទេ មានជាង២១៦ប្រទេស គឺចំនួនអ្នកឆ្លងរោគកូវីដ-១៩ បានកើនឡើងជាបន្តបន្ទាប់រហូតដល់ ៨,២៤២,៩៩៩ នាក់ និងមានអ្នកស្លាប់រហូតដល់ ៤៤៥,៥៣៥នាក់។ លោកបានបន្តថា ថ្មីៗនេះ នៅកម្ពុជាយើងក៏មានអ្នកឆ្លងរោគកូវីដ-១៩ ថ្មី០២នាក់ មកពីឥណ្ឌូណេស៊ី និង០១នាក់ទៀតមកពីម៉ាឡេស៊ី ដែលសរុបមកប្រទេសយើងមានអ្នកឆ្លង១២៩នាក់ ដែលព្យាបាលជាសះស្បើយ ១២៦នាក់ និង០៣នាក់ កំពុងសម្រាកព្យាបាល។
លោកបានគូសបញ្ជាក់ទៀតថា សូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នគ្រប់ពេល ទោះបីនៅក្នុងទីក្រុង ឬនៅតាមជនបទស្រុកស្រែចម្ការគឺត្រូវមានម៉ាស់ពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុល ឬជែលសម្លាប់មេរោគឱ្យបានជាប្រចាំ។ ចំពោះទីកន្លែងប្រមូលផ្តុំដែលមានមនុស្សច្រើនដូចជា ផ្សារ ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរ ហាងលក់ទំនិញ ជាពិសេសមន្ទីរព្យាបាល និងមន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ត្រូវតែមានម៉ាស់ ទឹកអាល់កុល ឬជែលដើម្បីឱ្យពលរដ្ឋប្រើប្រាស់ការពារកុំឱ្យមានការចម្លងរោគកូវីដ-១៩ពីម្នាក់ទៅម្នាក់ ព្រោះជំងឺនេះយើងមើល មិនឃើញទេ ហើយងាយឆ្លងរាលដាលលឿនណាស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិ ដែលយកចិត្តទុកដាក់ការពារខ្លូន និងការពារសមាជិកក្នុងក្រុមគ្រួសារដើម្បីសុវត្ថិភាពសុខភាពចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នានៅទូទាំងប្រទេស៕