ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-បារាំង ចុះអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការកងទ័ព និងកិច្ចសហការរិតចំណងមិត្តភាព សាមគ្គីភាពកាន់តែរឹងមាំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 3
កម្ពុជា-បារាំង ចុះអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការកងទ័ព និងកិច្ចសហការរិតចំណងមិត្តភាព សាមគ្គីភាពកាន់តែរឹងមាំ កម្ពុជា-បារាំង ចុះអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការកងទ័ព និងកិច្ចសហការរិតចំណងមិត្តភាព សាមគ្គីភាពកាន់តែរឹងមាំ

ស្ថានឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានឈានដល់ការចុះហត្ថលេខាជាមួយនឹងក្រសួងការពារជាតិកម្ពុជា លើអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើការជួយបណ្តុះបណ្តាល និងបង្រៀនភាសាបារាំងដល់កងកម្លាំងមួកខៀវកម្ពុជានិងកិច្ចសហប្រតិបត្តិការរវាងកងរាជអាវុធហត្ថ នៃខ.ភ.ម និងកងរាជអាវុធហត្ថសាធារណរដ្ឋបារាំង។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅអគារមិត្តភាព នាទីស្តីការគណៈរដ្ឋមន្ត្រីស្ថិតក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងលោកស្រី អ៊ីវ៉ា ង្វៀនប៊ីន (Eva NGUYEN BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

នាយឧត្តមសេនីយ៍ នាង ផាត បានមានប្រសាសន៍ថា ថ្ងៃនេះក្រសួងការពារជាតិកម្ពុជា មានកិត្តិយសណាស់ដោយបានការចុះហត្ថលេខាជាមួយសាធារណរដ្ឋបារាំងនៅលើអនុសារណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ តាមការពិតអនុស្សារណៈដែលត្រូវចុះមានចំនួនបីតែយើងចុះលើអនុស្សារណៈចំនួនពីរសិនដែលអនុស្សារណៈទីបី យើងកំពុងពិចារណាពិភាក្សាបន្តទៀតដើម្បីដំណើរការនៅពេលក្រោយ។

ក្នុងនាមលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ នាង ផាត បានសម្តែងនូវការស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះលោកស្រីឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលបានខិតខំបំពេញបេសកកម្មការងារការទូតនៅកម្ពុជា និងឈានដល់ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសយើងទាំងពីរ កម្ពុជា និងបារាំង នាពេលនេះ។ លោក បានសំដែងនូវក្តីសង្ឃឹមថា នៅពេលខាងមុខនេះ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកទ្វេឡើងបន្ថែមទៀត។

លោកស្រី អ៊ីវ៉ា ង្វៀនប៊ីន (Eva NGUYEN BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការចុះហត្ថលេខាជាមួយគ្នានាពេលនេះ គឺពិតជាមានតម្លៃនិងមានសារៈសំខាន់បំផុតចំពោះកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋបារាំងនិងព្រះរាជាណាចក្រកម្ពុជា។ ហើយនេះជាកិច្ចខិតខំប្រឹងប្រែងផងដែររបស់ភាគីបារាំងចំពោះការចេញប្រតិបត្តិការរបស់កងកម្លាំងមួកខៀវកម្ពុជានៅក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការរបស់បារាំង ជាមួយនឹងកងរាជអាវុធហត្ថកម្ពុជា។ ឆ្លៀតឱកាសនោះ លោកស្រី ចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារកងទ័ពមួកខៀវកម្ពុជាដែលបានទទួលមរណៈភាពនៅក្នុងប្រទេសម៉ាលីដោយសារជម្ងឺកូវីដនាពេលកន្លងមកនេះ។

លោកស្រីឯកអគ្គរដ្ឋទូតបារាំង បានបន្តថា ជម្ងឺកូវីដ-១៩នេះ មានឥទ្ធិពលអាក្រក់សម្រាប់ការបំពេញបេសកកម្មរបស់កងកម្លាំងមួកខៀវកម្ពុជារួមនឹងការផ្លាស់ប្តូររបស់កងទ័ពកម្ពុជានាពេលខាងមុខ។ លោកស្រី បានបញ្ជាក់ថា នាពេលឆាប់ខាងមុខនេះនឹងមានការបង្រៀនភាសាបារាំងឡើងវិញ នៅក្នុងវិស័យកងទ័ពកម្ពុជាដែលយើងនឹងសង្ឃឹមថានឹងអាចចាប់ផ្តើមនៅក្នុងខែតុលាខាងមុខនេះផងដែរ៕

អត្ថបទទាក់ទង