ខ្មែរប៉ុស្ដិ៍ Close

ផ្លូវថ្មីចំនួន ៣៤ខ្សែ​នៅខេត្តព្រះសីហនុ នឹងមានដាំដើមឈើ និងផ្កា ៩ ប្រភេទ យ៉ាងស្រស់ស្អាត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 72
ផ្លូវថ្មីចំនួន ៣៤ខ្សែ​នៅខេត្តព្រះសីហនុ នឹងមានដាំដើមឈើ និងផ្កា ៩ ប្រភេទ យ៉ាងស្រស់ស្អាត ផ្លូវថ្មីចំនួន ៣៤ខ្សែ​នៅខេត្តព្រះសីហនុ នឹងមានដាំដើមឈើ និងផ្កា ៩ ប្រភេទ យ៉ាងស្រស់ស្អាត

ក្នុង​កិច្ចប្រជុំ​មួយ​កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២០ លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ការរៀបចំដាំរុក្ខជាតិនៅតាមដងផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលមានផ្កា និងដើមឈើ ០៩ប្រភេទផ្សេងៗគ្នា ដើម្បីលម្អតាមដងផ្លូវ លើកស្ទួយសោភ័ណភាពក្រុង ជាលំនឹងបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ រដ្ឋបាលខេត្តសម្រេចបង្កើតក្រុមការងារ ៤ក្រុម ដើម្បីរៀបចំចុះពិនិត្យទីតាំង នៃការដាំដើមឈើនៅតាមបណ្តោយដងផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។

លោក លី រស្មី ប្រធានក្រុមការងារបច្ចេកទេសសាងសង់ផ្លូវខេត្តព្រះសីហនុបានធ្វើបទបង្ហាញពីប្រភេទដើមឈើ និងផ្កាដែលត្រូវយកមកដាំលម្អតាមដងផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ មានដូចជា៖

១. ដើមរាជ្យព្រឹក្ស ដាំនៅតាមដងផ្លូវ មហាវិថីរាម វិថីជោត្តញាណ វិថីបុរីកម្មករ វិថីគុជអាស៊ី វិថីអូរឈើទាលកំណាត់១ ផ្លូវ លេខ៥០៣. ៥០៥. ៥០៧. ៨០១. ៦០២ វិថីឆ្នេរអូឈើទាល និងវិថីឆ្នេរអូត្រេះ ។

២.ដើមផ្កាចា ដាំនៅតាមដងផ្លូវ មហាវិថីឆ្នេររាម មហាវិថីជំទាវម៉ៅ វិថី២ធ្នូ(ចាប់ពីស្ពានព្រែកទប់ដល់ព្រះរាជដំណាក់) វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូត្រេះ ។

៣.ដើមនាងនួន ដាំតាមដងផ្លូវ វិថីសែនត្រជាក់ចិត្ត វិថីឆ្នេរពយជំទាវម៉ៅ វិថីលេខ៨៣៧-១ វិថីកោះពូឡូវ៉ៃ វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ ។

៤.ដើមធ្នង់ ដាំនៅតាមដងផ្លូវវិថីមិត្តភាពកម្ពុជា-រុស្ស៉ី លេខ៧០៥ វិថី២៨មិថុនា វិថី២ធ្នូ (ចាប់ពីរង្វង់មូលតោពីរដល់ផ្លូវកែងកែវវិថី២៨មិថុនា) វិថីឆ្នេរអូរឈើទាល និងវិថីអូរត្រេះ ។

៥.ដើមឥន្ទនេល ដាំនៅតាមដងផ្លូវ វិថីឯករាជ្យ វិថីលំហែព្រះភូមិន្ទ វិថីអូត្រេះកំណាត់ទី៣ ដល់ស្ពានសែនត្រជាក់ចិត្ត ផ្លូវកាត់ទទឹងអូរត្រេះ វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ ។

៦.ដើមក្ងោក ដាំតាមដងផ្លូវលេខ៨០៦ ផ្លូវលេខ ១០៦ ផ្លូវលេខ៨១០ ផ្លូវលេខ ៨១៨៨ ផ្លូវលេខ១០២ វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ ។

៧.ដើមបូរព្រឹក្ស ដាំតាមដងផ្លូវ វិថីអូត្រេះ វិថី២ធ្នូ (ចាប់ពីផ្លូវកែងវិថី២៨ មិថុនា ដល់ស្ពានព្រែកទប់) វថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ ។

៨.ដើមរំដួល ដាំតាមដងផ្លូវលេខ១១៥ វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ ។

៩.ដើមផ្កាក្រដាស ដាំតាមមហាវិថីរាម មហាវិថីឆ្នេររាម មហាវិថីជំទាវម៉ៅ ។ ចំនួនដើមឈើ និងរុក្ខជាតិលម្អដែលគ្រោងនឹងធ្វើការដាំមានចំនួន ១៣,៣៤០ដើម ហើយចំនួនផ្កាក្រដាសសរុបទាំង ៣មហាវិថី មានចំនួន ៦០,២០០គុម្ព៕

អត្ថបទទាក់ទង