ដំណឹងល្អ! កម្ពុជាពុំរកឃើញករណីកូវីដ-១៩ ថ្មីទេ នៅព្រឹកថ្ងៃទី២៥ ឧសភានេះ!
ក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាសថា រហូតដល់ម៉ោង ៨:៣០ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ពុំរកឃើញជំងឺកូវីដ-១៩ ថ្មីទេ។ ចំណែកចំនួនសរុបនៃអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មានចំនួន ១២៤នាក់។ ចំនួនអ្នកសំរាកពេទ្យ ២នាក់ និងជាសះស្បើយហើយ ចំនួន ១២២នាក់។ កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ឡើយ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តថា «ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡើយ។ យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយឃ្លាតពីគ្នា ឈររង់ចាំ ត្រូវឃ្លាតពីគ្នា ឈរជជែកគ្នា ក៏ត្រូវឃ្លាតពីគ្នា។ល។»។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានគូសបញ្ជាក់ថា ប្រទេសយើង រកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ យើងបានធ្វើតេស្ត ចំនួន ១៦៦៤២ នាក់ ស្មើនឹង ១០២៤ នាក់ ក្នុង ១លាននាក់៕