លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ បង្ការកុំអោយឆ្លងមេរោគកូវីដ-១៩
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ធ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់យកជាប់តាមខ្លួនរាល់ពេលធ្វើដំណើរនូវម៉ាស ទឹកអាល់កុល និងជឹលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។ បងប្អូនត្រូវប្រើម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ-១៩ឬទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា យើងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហើយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច៕