ទស្សនៈមិត្តអ្នកអាន៖ បោះឆ្នោតឆ្នាំ២០១៨ គឺជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
នៅសល់ប្រមាណ១០ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជាតិឆ្នាំ២០១៨ នឹងឈានចូលមកដល់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាឱឡារឹកនូវកាលបរិច្ឆេតនេះក្នុងនាមជានាយករដ្ឋមន្ត្រីស្របច្បាប់ ថាការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៦ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាកំហិត។ គេនៅចាំបានថាការបោះឆ្នោតកន្លងមក គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី បានធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ជាមួយគណបក្សជាច្រើនដែលភាគច្រើនសុទ្ធសឹងជាគណបក្សប្រឆាំងនៅកម្ពុជា និងដែលមានការគាំទ្រពីប្រទេសមហាអំណាចនៅប្លុកសេរី។
ប្រទេសកម្ពុជាបានធ្វើការបោះឆ្នោត ៥អាណត្តិកន្លងមកហើយក្នុងនោះគេតែងឃើញមានការតវ៉ា និងការធ្វើបាតុកម្មដោយអំពើហិង្សា ទាមទារឱ្យមានការបែងចែកអំណាចពីគណបក្សឈ្នះឆ្នោតជារឿយៗ ឬពេលខ្លះឱ្យមេដឹកនាំដែលឈ្នះឆ្នោតចុះចេញពីតំណែងទៀតផង នៅរាល់ពេលដែលលទ្ធផលឆ្នោតចេញម្តងៗ។ ទង្វើ និងសកម្មភាពរបស់បក្សប្រឆាំងទាំងនេះ គឺសុទ្ធតែមានការគាំទ្រពេញទំហឹងពីប្រទេសមួយចំនួន។ ក៏ប៉ុន្តែប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត តែងគិតថាការបោះឆ្នោតទាំង៥អាណត្តិកន្លងមកនោះគឺជាការប្រកួតដោយស្មើភាពគ្នា គ្មានការលូកដៃចូលពីបរទេសឡើយ។ ប៉ុន្តែ ក្រោយពេលដែល កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានសារភាពថា ខ្លួនបានទទួលបញ្ជា និងការឧបត្ថម្ភគាំទ្រគ្រប់យ៉ាងពីអាមេរិកតាំងពីឆ្នាំ១៩៩៣ ដើម្បីការផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំនៅកម្ពុជា ទើបគ្រប់បក្សនយោបាយដែលចូលរួមការបោះឆ្នោតកន្លងមក បាននាំគ្នាភ្ញាក់ផ្អើល និងថ្កោលទោសនូវអំពើក្បត់ជាតិរបស់ កឹម សុខា និងបានដាក់ពាក្យបណ្តឹងស្នើសុំឱ្យក្រសួងមហាផ្ទៃរំលាយគណបក្សមួយនេះជាបន្តបន្ទាប់ ក្នុងនោះរួមមានគណបក្សហ៊្វុនស៊ីនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។ យោងតាមច្បាប់ស្តីពីគណបក្សនយោបាយ គ្រប់បក្សនយោបាយទាំងអស់មានសិទ្ធិធ្វើជាដើមបណ្តឹងប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សដែលធ្វើខុសនឹងច្បាប់ស្តីពីគណបក្សនយោបាយបាន។
ផែនការទុច្ចរិតដែល កឹម សុខា ព្រមទាំងគូកនក្នុងបក្សសង្គ្រោះជាតិបានអនុវត្តន៍ គឺថិតក្រោមការបង្គាប់បញ្ជា និងផ្តល់ការគាំទ្រទាំងថវិកា សម្ភារៈ និងបច្ចេកទេសពីអាមេរិកដែលជាមេគំនិត ប៉ុន្តែ ត្រូវបានរាជរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់បានទាន់ពេលវេលា និងចាប់បានមេក្លោងធំទៀតផង។ ម្យ៉ាងទៀត ឈរលើវីដេអូឃ្លីបដែលផ្សព្វផ្សាយដោយបណ្តាញផ្សព្វផ្សាយ CBN ដែលមានទីតាំងនៅប្រទេសអូស្រ្តាលី អំពីការថ្លែងដោយអំនួតរបស់ កឹម សុខា ខ្លួនឯងផ្ទាល់នោះគឺ កឹម សុខា ជាអ្នកអនុវត្តផែនការសម្ងាត់នៃការធ្វើបដិវត្តពណ៌នៅកម្ពុជា ក្នុងដំណាក់កាលទី១ ដោយយកលំនាំតាមការធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅយូហ្គោស្លាវី ក្រោមស្លាក«ការផ្លាស់ប្តូរជាវិជ្ជមាន» ដែលជាពាក្យបិទបាំងគំនិតទុច្ចរឹតរបស់បក្សខ្លួន។
ការផ្តល់លុយជាច្រើនសន្ធឹកសន្ធាប់ពីអាមេរិកដល់អង្គការមិនមែនរដ្ឋាភិបាល ជ្រកក្រោមឈ្មោះវិទ្យាស្ថានដូចជា NDI, IRI, CANVAS ជាដើម គឺដើម្បីជួយដល់បក្សប្រឆាំងក្រោមលេសលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តែតាមពិតប្រឆាំងនឹងរដ្ឋអំណាចតែប៉ុណ្ណោះ។ បន្ថែមលើនេះទៀត បណ្តាញផ្សព្វផ្សាយដែលស៊ីប្រាក់ខែអាមេរិក បានដើរតួផ្សព្វផ្សាយព័ត៌មានដែលមានលក្ខណៈបំភ្លៃ បំភាន់ បំផ្លើស និងបំប៉ោង ដើម្បីបញ្ឆេះកំហឹងប្រឆាំងនឹងរដ្ឋាភិបាល ហើយពេលខ្លះបានបញ្ឆេះកំហឹងវណ្ណះសង្គម ឱ្យមានការស្អប់ខ្ពើម រវាងអ្នកមាន និងអ្នកក្រទៀតផង ដែលបញ្ហានេះសូម្បីតែនៅសហរដ្ឋអាមេរិកបច្ចុប្បន្ន ក៏នៅតែមានដូចគ្នា។ ភស្តុតាងទាំងនេះ អាចឱ្យយើងសន្និដ្ឋានបានថា ការបោះឆ្នោត៥អាណត្តិកន្លងមកគឺហាក់ដូចជាមិនមានភាពយុត្តិធម៌ និងតម្លាភាពឡើយ សម្រាប់គណបក្សដែលគ្មានការជួយជ្រោមជ្រែងពីបរទេស ជាពិសេសគឺគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយឯករាជ្យមិនរណបបរទេស ហើយវាក៏ជារឿងអយុត្តិធម៌ផងដែរដែលប្រទេសកម្ពុជា ជារដ្ឋឯករាជ្យមួយត្រូវបានមហាអំណាចបរទេសមួយមកលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងដោយសំងាត់បែបនេះ។
ក្រោយពីបែកធ្លាយនូវផែនការក្បត់របស់ កឹម សុខា ដែលបានឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់មក យើងអាចនឹកឃើញឡើងវិញ កាលពីការបោះឆ្នោតដំបូងនាឆ្នាំ១៩៩៣ ដែលពេលនោះគឺពិតជាមានការលូកដៃពីអាជ្ញាធរបណ្តោះអាសន្នសហប្រជាជាតិ ដែលហៅកាត់ថា អ៊ុនតាក់ (UNTAC) យ៉ាងច្បាស់ក្រឡែតព្រោះក្រោយការបោះឆ្នោតហើយ ហិបឆ្នោតមួយចំនួនត្រូវបានគេរកឃើញនៅក្នុងស្រះទឹក និងហិបឆ្នោតមួយចំនួនទៀតត្រូវបានជ្រុះរប៉ាត់រប៉ាយតាមផ្លូវនៅពេលដឹកជញ្ជូន ហើយសន្លឹកឆ្នោតដែលជ្រុះរប៉ាត់រប៉ាយនោះភាគច្រើននៅតំបន់ដែលប្រជាជនមានការគាំទ្រច្រើនមកលើគណបក្សប្រជាជនកម្ពុជា។ ដូច្នេះហើយ បានជាលទ្ធផលឆ្នោតនៅពេលនោះគណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបាន ព្រោះវាពិតជាមានការឃុបឃិត និងលូកដៃពីបរទេសក្នុងការធ្វើឱ្យលទ្ធផលឆ្នោតមានភាពមិនប្រក្រតី។ មកដល់ពេលនេះ ផែនការសម្ងាត់នេះត្រូវបានសារភាពដោយ កឹម សុខា ថាមហាអំណាចបរទេសគឺពិតជាបានជួយរៀបចំផែនការតាំងពីឆ្នាំ១៩៩៣ ដើម្បីធ្វើបដិវត្តពណ៌នៅកម្ពុជា ក្នុងដំណាក់កាលទី១ ដោយបានជួយ កឹម សុខា ជាពិសេសជួយគណបក្ស សម រង្ស៊ី គណបក្សសិទ្ធិមនុស្ស និងរហូតដល់មានការបញ្ចុះបញ្ចូលឱ្យមានការរួមគ្នាជាគណបក្សសង្គ្រោះជាតិនាពេលបច្ចុប្បន្ននេះ។
ដូច្នេះ ការរៀបចំបោះឆ្នោតតាំងពីឆ្នាំ១៩៩៣ មក គឺមិនបានបង្ហាញនូវភាពស្មើសិទ្ធិគ្នា និងយុត្តិធម៌ក្នុងការប្រកួតប្រជែងនោះឡើយ ដោយហេតុថាគណបក្សប្រឆាំងដែលជាកូនជឹងរបស់បរទេសបានទទួលនូវការឧបត្ថម្ភទាំងផែនការ យុទ្ធសាស្ត្រ ថវិកា និងការប្រមូលកំលាំងជាសំងាត់ តាមរយៈសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាល ដូចជា NDI; IRI; CANVAS ដែលមានប្រព័ន្ធផ្សព្វផ្សាយឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក ដូចជា RFA; VOA; VOD និងកាសែត The Cambodia Daily; Phnom Penh Post ជាដើម ជាអ្នកជួយបំពងសំលេងក្នុងការបំភ្លៃ បំភាន់ បំផ្លើស និងបំប៉ោងស្ថានការណ៍ពិតនៅកម្ពុជា។
ការវែកមុខរកឃើញនូវប្រភព និងការទប់ស្កាត់បានទាន់ពេល នៃការលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងដោយបរទេស របស់រដ្ឋាភិបាលនាពេលនេះគឺពិតជាសញ្ញាដ៏ល្អមួយសម្រាប់ពង្រឹងតម្លាភាព និងភាពយុត្តិធម៌នៃការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ។ គ្រប់បក្សនយោបាយដែលចូលរួមប្រកួត នឹងទទួលបាននូវការបោះឆ្នោតមួយមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រោះគ្មានការជ្រៀតជ្រែក និងការកកូរកកាយ បង្គាប់បញ្ជាពីមហាអំណាចបរទេស និងក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិល ប្រតិកិរិយា ដែលកន្លងមកពួកគេបានធ្វើសកម្មភាពដោយខុសច្បាប់នៅកម្ពុជា។
កម្ពុជាបច្ចុប្បន្ន លែងក្លាយជាឋានសួគ៌សម្រាប់សម្ព័ន្ធសង្គមស៊ីវិល ដែលមិនគោរពច្បាប់តទៅទៀតហើយ។ គ្រប់ភាគីទាំងអស់ត្រូវតែយល់ដឹងពីនីតិរដ្ឋ។ ច្បាប់ គឺជាច្បាប់ ដោយមិនអាចបំភ្លៃថាជាការគាបសង្កត់ ឬជាការដាក់សម្ពាធខាងនយោបាយ លើបក្សប្រឆាំងនោះឡើយ។ ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនឹងក្លាយជាការប្រកួតប្រជែងដោយស្មើភាពគ្នា ពោលគឺជាការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ សម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ដែលចូលរួម៕
ដោយ៖ ពង្ស សុក្រឹត្យ