ខ្មែរប៉ុស្ដិ៍ Close

ខែដំបូងឆ្នាំនេះ ពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិ បានជិត២៤០លានដុល្លារ កើនឡើងជិត១៥ភាគរយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 56
ខែដំបូងឆ្នាំនេះ ពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិ បានជិត២៤០លានដុល្លារ កើនឡើងជិត១៥ភាគរយ ខែដំបូងឆ្នាំនេះ ពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិ បានជិត២៤០លានដុល្លារ កើនឡើងជិត១៥ភាគរយ

នៅខែដំបូង ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទបានមានចំនួន៩៥៦.៧៦ប៊ីលានរៀល ស្មើនឹងប្រមាណជា ២៣៩.១៩លានដុល្លារអាមេរិក កើនឡើង១៤.៧៤%បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ពន្ធដារ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលកត់ត្រាតាមប្រភេទ អ្នកជាប់ពន្ធក្នុងខែមករា ឆ្នាំ២០២០នេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ផងដែរក្នុងនោះ អ្នកជាប់ពន្ធធំកើនឡើង ១២.៩៨%, អ្នកជាប់ពន្ធមធ្យមកើនឡើង ៣៩.១២%, និងជាពិសេស អ្នកជាប់ពន្ធតូច កើនឡើង៦០៧.៩៧%។

លោកបានណែនាំបន្ថែម ដល់គ្រប់អង្គភាព ឱ្យបន្តឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល។ ក្នុងស្មារតីបុរេសកម្ម និងអនុវត្តតាមអនុសាសន៍ណែនាំរបស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះហានីភ័យនៃម៉ាក្រូសេដ្ឋកិច្ចសាកល និងក្នុងតំបន់ ក្នុងកាលៈទេសៈដែលស្ថានភាពនៃការប្រកួតប្រជែង នៃពាណិជ្ជកម្មអន្តរជាតិ និងបម្រែបម្រួលនៃភូមិសាស្ត្រនយោបាយផងដែរ ព្រមទាំងត្រូវគិតគូរទាំងទិដ្ឋភាព (១) ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និង (២) វិធានការជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលផ្តល់នូវស្ថានភាពអំណោយផលនិងទាក់ទាញការវិនិយោគ។

ជាមួយគ្នានេះ លោក គង់ វិបុល ក្រើនរម្លឹកនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងបង្កាទប់ស្កាត់ចំពោះជម្ងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 ហើយសិក្សាអំពីផលប៉ះពាល់ដល់ចំពោះសកម្មភាពសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលនៃវីរុសកូរ៉ូណានេះ។

សម្រាប់ឆ្នាំ២០២០នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ១១,៥៤៣.៣១ប៊ីលានរៀល (ប្រមាណ២ ៨៨៥.៨៣លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម៖

  • បន្តពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រថ្មី ស្របតាមប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ដីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ។
  • បន្តរៀបចំយន្តការពិនិត្យ និងតាមដានការគេចវេះពន្ធ ចំពោះប្រភេទទំនិញដែលមានហានិភ័យដល់ចំណូលពន្ធមួយចំនួន ជាអាទិ៍ សម្ភារសំណង់ ស៊ីម៉ង់តិ៍ បេតុងនិងប្រេងឥន្ទនៈ ព្រមទាំងបន្តពង្រឹងយន្តការពិនិត្យ និងតាមដាន ការអនុវត្តការបិទតែមប្រិ៍អាករលើផលិតផលបារី និងរៀបចំអនុវត្តការបិទតែមប្រិ៍អាករ លើផលិតផលស្រាបៀរ ដើម្បីឱ្យការបង់ពន្ធមានតម្លាភាព និងធានាការប្រកួតប្រជែងដោយស្មើភាព។
  • បន្តពង្រឹងការងារចុះបញ្ជីពន្ធដារ ឱ្យមានប្រសិទ្ធភាពនិងតម្លាភាព ដើម្បីធានាការផ្ដល់សេវាឱ្យបានល្អប្រសើរ និងការគ្រប់គ្រងចំណូលពន្ធ មានប្រសិទ្ធភាពខ្ពស់។
  • បន្តការរៀបចំកម្មវិធី “ពន្ធដារកម្ពុជា” ដោយផ្សព្វផ្សាយនិងជួបជជែកជាមួយអ្នកជាប់ពន្ធផ្ទាល់ (GDT Facebook Live)។
  • បន្តពង្រឹងការងារចាត់ចែងលិខិតប្រកាស ដោយត្រៀមដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing), កម្មវិធីប្រកាសពន្ធសម្រាប់អ្នកជាប់ពន្ធតូច និងទម្រង់លិខិតប្រកាសពន្ធប្រចាំខែថ្មី។
  • ត្រៀមអនុវត្តដាក់ឱ្យប្រើប្រាស់ នូវកម្មវិធីវិក្កយបត្រនាំសំណាង (Invoice Lucky Draw App) ដើម្បីពង្រឹងអនុលោមភាពសារពើពន្ធ និងតម្លាភាព ក្នុងការកំណត់ហានិភ័យដើម្បីធ្វើសវនកម្មពន្ធដារ។
  • បន្តពង្រឹងប្រសិទ្ធភាព នៃត្រួតពិនិត្យការតាមដានឯកសារ និងផ្តល់លទ្ធភាពជូនអ្នកជាប់ពន្ធ ឬសាធារណជនមានភាពងាយស្រួល ក្នុងការតាមដានពីវឌ្ឍនភាព នៃឯកសាររបស់ខ្លួន ដែលបានដាក់មកកាន់ អគ្គនាយកដ្ឋានពន្ធដារដោយប្រើប្រាស់នូវកម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (Document Checking and Tracking App)។
  • ដាក់ឱ្យអនុវត្តនូវគោលការណ៍ នៃកម្មវិធីកែទម្រង់ធនធានមនុស្ស ជាពិសេសគោលការណ៍កំណត់ចំណាត់ថ្នាក់ នៃកម្រិតប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការទទួលខុសត្រូវរបស់ ប្រធានអង្គភាព (Merit and Demerit System)។
  • បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៍បង់ពន្ធ និងពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ ជាពិសេស សម្រាប់រយៈពេលនៃការប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ ដោយបន្តពង្រឹងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលជូនមន្ត្រីអនុវត្តផ្ទាល់ និងជូនអ្នកជាប់ពន្ធ។
  • ពង្រឹងកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ ដោះស្រាយករណីឯកសារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធកកស្ទះនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្តចុះយុទ្ធនាការជួយខេត្តដែលបានការកកស្ទះឯកសារ និងបន្តអនុវត្តយន្តការដោះស្រាយដូចភ្លៀងរលឹម។
  • បន្តជំរុញបញ្ចប់ការរៀបចំធ្វើបច្ចុប្បន្នភាព ច្បាប់ស្ដីពីសារពើពន្ធ និងបទប្បញ្ញត្តិស្ដីពីពន្ធដារនានា ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យសម្រេច។
  • បន្តអនុវត្តវិធានការចាំបាច់នានាដូច ដែលមានកំណត់ក្នុងសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២០ និងយុទ្ធសាស្រ្តកៀគរចំណូល ឆ្នាំ២០១៩-២០២៣៕

Fresh News

អត្ថបទទាក់ទង