ខ្មែរប៉ុស្ដិ៍ Close

អង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្ញើលិខិតកោតសរសើរជូនចំពោះសម្តេច ហ៊ុន សែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកសារ 35
អង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្ញើលិខិតកោតសរសើរជូនចំពោះសម្តេច ហ៊ុន សែន អង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្ញើលិខិតកោតសរសើរជូនចំពោះសម្តេច ហ៊ុន សែន

ឯកឧត្តម ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្ញើលិខិតកោតសរសើរជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីមនុស្សធម៌របស់កម្ពុជាអនុញ្ញាតអោយកប៉ាល់ទេសចរណ៍ MS Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ ខាងក្រោមនេះជាសេចក្ដីប្រែសម្រួលនៃខ្លឹមសារទាំងស្រុងរបស់លិខិតរបស់ ឯកឧត្តម ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO)៖

លិខិតកោតសរសើរចំពោះកម្ពុជា

ខ្ញុំសូមសំដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ក្នុងនាមអង្គការទេសចរណ៍ ពិភពលោកជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែល បានឆ្លើយតបប្រកបដោយមនុស្សធម៌គួរឲ្យកត់សំគាល់ចំពោះស្ថានភាពដ៏លំបាកនៃ នាវាទេសចរណ៍ MS Westerdam ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអនុញ្ញាតឲ្យចុះចតនៅកំពង់ផែខេត្តព្រះសីហនុ បើទោះបីជាស្ថិតក្នុងស្ថានភាពនៃការភ័យខ្លាចនៃជំងឺវីរុសកូរ៉ូណាក៏ដោយ។

ដូចយើងទាំងអស់គ្នាបានដឹង ហើយថា ការរីករាលដាលនៃជំងឺវីរ៉ុសកូរ៉ូណានាពេលបច្ចុប្បន្ននេះ គឺជាប្រភពនៃការព្រួយបារម្ភចំពោះសហគមន៍អន្តរជាតិ ហើយការខិតខំប្រឹងប្រែងដើម្បីទប់ទល់ការឆ្លងនៃជំងឺ និងការបង្កើតនូវការព្យាបាល មួយ គឺជាការងារបន្ទាន់ ចាំបាច់ដែលត្រូវដឹកនាំអនុវត្តដោយអង្គការសុខភាពពិភពលោក (WHO)។ រដ្ឋាភិបាលចិនបាននិងកំពុងចាត់វិធានការដោយប្រុងប្រយ័ត្នស្មើដៃគ្នាព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោក និងដៃគូពាក់ព័ន្ធនានាដើម្បីទប់ទល់ទៅនឹងការរាតត្បាតនៃជំងឺនេះ។

អង្គការទេសចរណ៍ ពិភពលោកក៏កំពុងពិនិត្យ យ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តន៍នៃជំងឺវីរ៉ុសកូរ៉ណា នេះ តាមរយៈកិច្ចប្រជុំជាប់ជាប្រចាំជាមួយអង្គការសុខ ភាពពិភពលោក ហើយយើងមានសេចក្តីរីករាយដែល បានដឹងថា អត្រានៃការឆ្លងជំងឺនេះមានការថយចុះ។

យើងពិតជាមានមោទនភាពណាស់ចំពោះការបង្ហាញចេញរបស់កម្ពុជា នូវសាមគ្គីអន្តរជាតិដែលនឹងលើកទឹកចិត្តដល់ប្រទេសផ្សេងៗទៀតអោយធ្វើតាម និងផ្តល់នូវការជួយគាំទ្រដ៏ចាំបាច់ជាច្រើននៅពេលណាដែលមានតម្រូវការ។

ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា អង្គការទេសចរណ៍ ពិភពលោកសូមកោតសរសើរដោយ ស្មោះចំពោះសេចក្តីក្លាហាន និងការបង្ហាញយ៉ាងកក់ក្តៅនូវក្តីស្រលាញ់ជាលក្ខណៈបងប្អូនជូនចំពោះអ្នកដំណើរជាងពីរពាន់នាក់ដែលកន្លងមកនៅតែលតោល នៅលើសមុទ្រ។

សូមសម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ។

ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili)

ចម្លងជូន: ឯឧ បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍