ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ទោះមាន ឬគ្មាន EBA!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 101
ទស្សនៈមិត្តអ្នកអាន៖ សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ទោះមាន ឬគ្មាន EBA! ទស្សនៈមិត្តអ្នកអាន៖ សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ទោះមាន ឬគ្មាន EBA!

ការសម្រេចព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ ឬ EBA របស់សហភាពអឺរ៉ុបចំពោះប្រទេសកម្ពុជាចំនួន ២០% ដោយនៅរក្សាទុករហូតដល់ទៅ ៨០% គឺមិនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលកំពុងមានកំណើនជារៀងរាល់ឆ្នាំនោះឡើយ។ និយាយដោយសាមញ្ញ ទោះបាត់ EBA ទាំងស្រុងក៏ដោយចុះ ក៏មិនអាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាជួបហានិភ័យ ឬដួលរលំបានដែរ ប៉ុន្តែវាគ្រាន់តែបន្ថយល្បឿននៃកំណើនសេដ្ឋកិច្ចកម្ពុជាបន្តិចប៉ុណ្ណោះ។ បញ្ហា EBA មិនមែនជារឿងថ្មីដែលធ្វើឲ្យយើងមានការព្រួយបារម្ភនោះទេ ពីព្រោះថា នៅថ្ងៃណាមួយ គង់តែសហភាពអឺរ៉ុប លែងផ្តល់ការអនុគ្រោះពន្ធដល់ទំនិញរបស់ប្រទេសកម្ពុជា នៅពេលដែលកម្ពុជាខ្លួនឯងមានកំណើនសេដ្ឋកិច្ចចេះតែកើនឡើង ហើយឆ្លងផុតពីប្រទេសក្រីក្រឈានទៅប្រទេសអភិវឌ្ឍន៍។

យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា ធនាគារពិភពលោក(WB) ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ជាដើម បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះ អាចមានចន្លោះពី ៦,៥-៦,៨% ធ្លាក់ចុះពី ៧,១% កាលពីឆ្នាំ២០១៩។ ការព្យាករណ៍នេះទៀតសោត មិនបានរាប់បញ្ចូល EBA នោះឡើយ មានន័យថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចចំពោះការប្រឈមណាមួយជុំវិញរឿង EBA នេះ។

កម្ពុជា ស្វាគមន៍សហភាពអឺរ៉ុបក្នុងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់ប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍។ ដោយមិននិយាយពាក់ព័ន្ធនឹងបញ្ហានយោបាយ ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនេះ បានរួមចំណែកជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងក៏បានផ្តល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋកម្ពុជាផងដែរដោយសារតែកម្ពុជា បានគោរពតាមលក្ខខណ្ឌការងារដែលសហភាពអឺរ៉ុបតម្រូវបានយ៉ាងល្អប្រសើរ ឬអាចនិយាយបានថា ល្អជាងប្រទេសនៅក្នុងតំបន់ និងបណ្តាប្រទេសផ្សេងៗទៀត។ ដូច្នេះ គេមិនអាចយករឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មកធ្វើជារបៀបវារៈនយោបាយ ហើយដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជាបានទេ។ EBA មិនមែនជាឧបករណ៍សម្រាប់គាបសង្កត់នយោបាយទេ តែវាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយប៉ុណ្ណោះ ដែលដាច់ខាតគេមិនត្រូវយកវាមកធ្វើជាឈ្នាន់នយោបាយកេងចំណេញម្តងហើយម្តងទៀតនោះឡើយ។

ជាការពិត ការផ្តល់ភាពអនុគ្រោះពន្ធដល់ទំនិញកម្ពុជានាំទៅលក់នៅទីផ្សារអឺរ៉ុប វាគ្រាន់តែជាចំណែកតូចនៃកម្លាំងចលករសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជា ក៏មិនរំពឹងតែទៅលើការអនុគ្រោះពន្ធ(EBA) ពីសហភាពអឺរ៉ុបតែមួយមុខដែលមិនស្ថិតស្ថេរនេះដែរ ពោលគឺរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេចតាំងពី ៤-៥ឆ្នាំមុនមកម្ល៉េះ ដែលគេប៉ាន់ស្មានថា EBA នឹងបាត់ទាំងស្រុងនៅឆ្នាំ២០២៤ ឬឆ្នាំ២០២៥ យ៉ាងយូរ។ បញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការឆ្លើយតបជាកញ្ចប់ ហើយបានអនុវត្តជាបន្តបន្ទាប់រហូតមកដល់ពេលនេះ និងទៅអនាកតដើម្បីកំណើនសេដ្ឋកិច្ចជាតិ។

ត្បិតថា EBA បានជួយសម្រួលដល់ទំនិញរបស់កម្ពុជា នាំចូលទៅកាន់សហភាពអឺរ៉ុបដោយរួចពន្ធ តែបើអត់ EBA មិនមែនមានន័យថា កម្ពុជាបាត់បង់ទីផ្សារនៅសហភាពអឺរ៉ុបនោះដែរ។ ផ្ទុយទៅវិញ កម្ពុជានៅតែអាចនាំទំនិញទៅកាន់សហភាពអឺរ៉ុបបានដដែល ហើយអាចនាំទំនិញបានច្រើនជាងមុនទៀតក៏ថាបាន វាអាស្រ័យលើតម្រូវការរបស់ប្រជាពលរដ្ឋតាមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ដោយយើងគ្រាន់តែបង់ពន្ធទៅលើមុខទំនិញក្នុងចំនួនណាមួយប៉ុណ្ណោះ។ កម្ពុជា មិនមែនធ្វើពាណិជ្ជកម្មតែជាមួយសហភាពអឺរ៉ុបមួយនោះទេ គឺមានទីផ្សារធំៗជាច្រើនទៀតដូចជាប្រទេសអង់គ្លេស ក៏ជាទីផ្សារធំរបស់ប្រទេសកម្ពុជាដែរក្នុងការធ្វើពាណិជ្ជកម្ម ពោលគឺទំនិញរបស់កម្ពុជាដែលនាំចេញទៅអឺរ៉ុបពាក់កណ្តាល អាចនាំចេញទៅប្រទេសអង់គ្លេសបានជាធម្មតា។ ទីផ្សារប្រទេសចិន ដែលជាប្រទេសធ្វើពាណិជ្ជកម្មលេខមួយលើពិភពលោកមានប្រជាជនជាង ១៤០០លាននាក់ ទីផ្សារប្រទេសកូរ៉េខាងត្បូង ទីផ្សារនៅអាស៊ី ពិសេសនៅតំបន់អាស៊ានខ្លួនឯងផ្ទាល់។ ជាងនេះទៀតសោត កម្ពុជា បានពង្រីកទីផ្សារធ្វើពាណិជ្ជកម្មទៅកាន់តំបន់មជ្ឈិមបូព៌ា អាមេរិកឡាទីន និងតំបន់អាហ្វ្រិកជាដើម។ ដូច្នេះ យើងមិនគួរបារម្ភពេកទេ រឿង EBA របស់សហភាពអឺរ៉ុបនេះ ពោលគឺយើងត្រូវមើលព្រៃទាំងមូល កុំមើលតែដើមឈើមួយដើម។

គួររំលឹកបន្តិចថា ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំ២០១៩ កន្លងទៅនេះ បានដាក់ចេញនូវវិធានការជិត ២០ចំណុច ដើម្បីកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនឯកជនដែលកំពុងរកស៊ីនៅកម្ពុជា។ ក្នុងនោះរួមមាន ការកែសម្រួលស្ថាប័នគយ ការដកកាំកុងត្រូលចេញពីតាមច្រកព្រំដែន និងការលុបចោលភ្នាក់ងារកម្ពុជានាវាចរ ហៅកាត់ថា កាំសាប ការកាត់បន្ថយការស្កេន(Scan) ទំនិញតាមទូកុងតឺន័រដែលត្រូវដឹកចេញ ឬនាំចូល ជាពិសេសការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង ការកាត់បន្ថយថ្លៃសេវាលើកដាក់នៅតាមកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក ការកាត់បន្ថយថ្លៃអគ្គិសនី ការអភិវឌ្ឍសហគ្រាសធន់តូច និងមធ្យម ការកាត់បន្ថយថ្ងៃឈប់សម្រាកសម្រាប់បុណ្យជាតិ ការកាត់បន្ថយការចុះធ្វើអធិការកិច្ចនៃស្ថាប័នចម្រុះឲ្យមកនៅក្រោមស្ថាប័នតែមួយ រួមទាំងការលើកលែង និងកាត់បន្ថយការចំណាយលើសេវាកម្មផ្សេងៗទៀត។ ការដាក់ចេញនូវកញ្ចប់វិធានការកំណែទម្រង់នេះ នឹងធ្វើឲ្យវិស័យឯកជនកាត់បន្ថយការចំណាយនានា ដែលគិតជាទឹកប្រាក់សរុបជាង ៤០០លានដុល្លារក្នុងមួយឆ្នាំៗ។

ជារួមមកវិញ ការសម្រេចព្យួរ EBA ផ្នែកខ្លះរបស់សហភាពអឺរ៉ុប មិនមែនជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជានោះទេ ផ្ទុយទៅវិញ វាជាឱកាសមាសសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើការកំណែទម្រង់ផ្ទៃក្នុងខ្លួនកាន់តែមានប្រសិទ្ធភាពថែមទៀត ដូចទិសស្លោកដែលលោកនាយករដ្ឋមន្ត្រី បានដាក់ចេញ «កំណែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ»។ ការធ្វើកំណែទម្រង់នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុវត្តតាំងពីអំឡុងសម័យសង្គ្រាមស៊ីវិលមកម៉្លេះ ទើបរដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងជាតិផង និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ រហូតឈានដល់ការនាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជាតិដូចសព្វថ្ងៃនេះ។ នៅពេលនេះ កម្ពុជា មានសុខសន្តិភាពពេញលេញរយៈពេល ២០ឆ្នាំមកហើយ ជាកត្តាអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេស ហើយក៏ជាឱកាសល្អសម្រាប់ដំណើរការកំណែទម្រង់ខាងក្នុងដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល៕

ដោយ៖ សុខ សុវណ្ណ

អត្ថបទទាក់ទង