ខ្មែរប៉ុស្ដិ៍ Close

អ្នកស្រុកចំណុះជើងវត្តអាធ្វានាំគ្នាប្រារព្ធពិធីឡើងអ្នកតាបួងសួងសុំសេចក្តីសុខតាមទំនៀមពីបុរាណ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 35

ប្រជាជនចំណុះជើងវត្តអាធ្វា រួមមានភូមិទ្រាក ភូមិកក្រាញ់ ភូមិក្រសាំងរលើង និងភូមិស្ពានជ្រាវ បានមូលមីរជួបជុំគ្នានៅប្រាសាទអាធ្វា ប្រារព្ធពិធីឡើងមាឃឬឡើងអ្នកតា រៀងរាល់ថ្ងៃ៣កើត ខែមាឃ តាមទម្លាប់តពីបុរាណ។

កិច្ចពិធីនេះមានរៀបចំបាយសម្ល បង្អែមចង្អាប ក្បាលជ្រូក គ្រឿងរណ្តាប់ស្លាធម៌ បាយសី វង់ភ្លេង អ្នកស្នងរូប ដើម្បីរាំថ្វាយ និងសែនថ្វាយម្ចាស់ទឹក ម្ចាស់ដី អារក្ស អ្នកតា មានលោកតាមហារាជ ហាជម្ពួ ស្តេចនាគខៀវ នាគស នាគខ្មៅ នាគក្រហម ស្តេចអណ្តើក ស្តេចហនុមាន តាឥសី ម្រេញគង្វាល ស្តេចយមរាជ។ល។ ដែលថែរក្សាប្រាសាទអាធ្វា។

ចំណុចសំខាន់នៃពិធីនៅប្រាសាទអាធ្វា គឺការចូលរូប ដើម្បីបង្កើតទំនាក់ទំនងរវាងមនុស្សនិងទេព ដើម្បីឱ្យទេពបានរាំរែកសប្បាយ ហូបចុកឆ្អែតឆ្អន់ មុននឹងចាកចេញទៅស្រុកលំនៅខ្លួនវិញ។ អ្នកស្រុកជឿថា ការរៀបចំពិធីឡើងមាឃឬឡើងអ្នកតានេះ គឺដើម្បីសុំសេចក្តីសុខចម្រើន ចៀសផុតពីរោគាព្យាធិ គ្រោះកាចឧបទ្រពចង្រៃដល់មនុស្សសត្វ។ ម្យ៉ាងទៀត ក៏ដើម្បីអរគុណដល់អ្នកតា ម្ចាស់ទឹកម្ចាស់ដី ដែលផ្តល់ទឹកភ្លៀង ដីមានជីជាតិ ធ្វើឱ្យកសិកម្មទទួលបានផលល្អ។

លោកតា កែវ អាយុ ៧០ ឆ្នាំ ជាចាស់ទុំនៅក្នុងភូមិទ្រាកបានឱ្យដឹងថា ឱ្យតែដល់ហេមន្តរដូវ អ្នកស្រុកអ្នកភូមិបានមូលមតិគ្នារៀបចំពិធីឡើងមាឃឬឡើងអ្នកតានៅប្រាសាទវត្តអាធ្វាជាប្រចាំ។ លោកតាបន្តថា កម្មវិធីនេះមានជាយូរយារមកហើយ លើកលែងតែអំឡុងពេលប្រទេសមានសង្គ្រាមទេ ដែលមិនអាចរៀបចំបាន។

លោកយាយ ហុង អាយុ៦១ឆ្នាំ មានប្រសាសន៍ថា លោកយាយតែងតែមកចូលរួមពិធីឡើងអ្នកតាជារៀងរាល់ឆ្នាំមិនដែលខានឡើយ ទោះបីរវល់យ៉ាងណា ក៏ត្រូវមកចូលរួមដែរ។ លោកយាយជឿថា លោកតាមហារាជនិងលោកតាមហាជម្ពួ តែងជួយថែរក្សាភូមិស្រុក និងគ្រួសារលោកយាយបានសុខសប្បាយ។ ម្យ៉ាងការធ្វើដូច្នេះ ក៏ជាគំរូមួយនៃការបង្រៀនកូនចៅជំនាន់ក្រោយឱ្យចេះធ្វើតាម កុំឱ្យទំនៀមនេះបាត់បង់ទៅតាមចាស់ៗដែលស្លាប់ទៅ។

បន្ទាប់ពីបញ្ចប់កិច្ចពិធីឡើងមាឃ ឬឡើងអ្នកតានៅប្រាសាទវត្តអាធ្វា ក៏មានការរៀបចំសែនព្រេន ឡើងមាឃ ឬឡើងអ្នកតាដូចគ្នានេះដែរ នៅទីតាំងទួលតាមឿង និងទួលយាយប៉ុកផងដែរ៕

អត្ថបទទាក់ទង