ខ្មែរប៉ុស្ដិ៍ Close

សហរដ្ឋអាមេរិកមិនចោទក្រុមតាលីបង់ជាអ្នកបាញ់ទម្លាក់ យន្តហោះយោធាខ្លួនឡើយ តែថាវាជាឧបទេវហេតុ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 531

(វ៉ាស៊ីនតោន)៖ ប្រធានសេនាធិការកងទ័ពអាកាសអាមេរិក លោក ដេវីដ ហ្គោលហ្វេន (David Goldfein) បានទទួលស្គាល់ហើយថា សហរដ្ឋអាមេរិកពិតជាបាត់បង់ យន្ដហោះស៊ើបការណ៍ធុន E-11A ប្រាកដមែន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយក្រុមតាមលីបង់អះអាងថា ខ្លួនគឺជាអ្នកបាញ់ទម្លាក់យន្ដហោះនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ លោក Goldfein បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានបាត់បង់យន្ដហោះមួយគ្រឿង ប្រាកដមែននៅអាហ្វហ្គានីស្ថាន តែយើងមិនទាន់ដឹងពីតំណែង ឬមុខនាទីរបស់ក្រុមអាកាសយានិក ដែលជិះនៅលើយន្ដហោះនេះទេ»។ ទោះបីជាបែបនេះក្តី មន្ត្រីអាមេរិកបានអះអាងថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតរកមូលហេតុពិតប្រាកដ នៃការធ្លាក់យន្តហោះ E-11A ដោយមិនទាន់ទទួលស្គាល់ថា វាត្រូវបានបាញ់ទម្លាក់ដោយពួកតាលីបង់នោះឡើយ។

លោក Goldfein មិនបានបញ្ជាក់អ្វីបន្ថែមពីចំនួនមនុស្សស្លាប់ ឬអ្នករងរបួសពិតប្រាកដឡើយ ខណៈបើតាមសេចក្ដីរាយការណ៍បឋមដំបូង គឺអាចមានមនុស្សជាង ១០នាក់នៅលើយន្ដហោះ E-11A ដែលបានធ្លាក់នៅថ្ងៃចន្ទសប្ដាហ៍នេះនៅឯតំបន់ សាដូឃែល (Sado Khel) នៃស្រុក ដេហ៍យ៉ាក (Deh Yak) ខេត្តហ្គាស្នី (Ghazni) ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ហើយមន្ត្រីជាន់ខ្ពស់នៃស្ថាប័ន CIA អាមេរិក ក៏អាចមានវត្តមានលើយន្តហោះដែរ។ តំបន់ Sado Khel គឺជាតំបន់មួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។

គួរជម្រាបថា E-11A គឺជាប្រភេទយន្ដហោះស៊ើបការណ៍ពិសេសមួយ បំពាក់ដោយបច្ចេកវិទ្យាដែលអាចផ្ដល់ព័ត៌មានដល់កងទ័ពអាមេរិក នៅលើដី និងយន្ដហោះចម្បាំងនៅលើអាកាស នូវព័ត៌មានជាក់លាក់ពីស្ថានភាពនៅលើសមរភូមិ ព្រមទាំងអាចទំនាក់ទំនងជាមួយអង្គភាពដទៃ ទោះបីជានៅក្នុងស្ថានភាពលំបាក ឬតំបន់ភ្នំជាដើម៕

អត្ថបទទាក់ទង