ខ្មែរប៉ុស្ដិ៍ Close

    ក្នុងចំណោមប្រទេសអាស៊ាន មានតែកម្ពុជា និងឥណ្ឌូណេស៊ីប៉ុណ្ណោះ ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 767
    ក្នុងចំណោមប្រទេសអាស៊ាន មានតែកម្ពុជា និងឥណ្ឌូណេស៊ីប៉ុណ្ណោះ ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តក្នុងចំណោមប្រទេសអាស៊ាន មានតែកម្ពុជា និងឥណ្ឌូណេស៊ីប៉ុណ្ណោះ ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត

    លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន អាជ្ញាធរខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធនានា ជួបសំណេះសំណាលជាមួយសហគមន៍ដែលទទួលបានថវិកាអភិវឌ្ឍន៍ភូមិដំណាក់កាលទី២ នៃគម្រោងរ៉េដបូក នៃដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិសាស្ត្រភូមិពូជូ ឃុំសែនមនោរម្យ ស្រុកអូររាំង និងប្រជាសហគមន៍និងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងស្រែពក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

    នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធនានា អង្គការដៃគូរួមមានអង្គការ WCS និង WWF នៅកម្ពុជា ព្រមទាំងប្រជាសហគមន៍ដែលបានចូលរួមការពារនិងអភរិក្សធនធានធម្មជាតិ ហើយកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិកន្លងមកបានល្អប្រសើរ ដែលអនុញ្ញាតឱ្យកម្ពុជាអាចលក់ឥណទានកាបូន និងប្រើប្រាស់ដើម្បីការងារអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

    លោក សាយ សំអាល់ បានគូសបញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព។ ជាមួយគ្នានេះ ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ (ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ផងដែរ។ លោក សាយ សំអាល់ បានថ្លែងថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

    សូមបញ្ជាក់ថា រេដបូក (REDD+: Reducing Emission from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណង ១) ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និង ២) ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាស ដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានលើកទឹកចិត្តដល់ប្រទេសសម្បូរណ៍ព្រៃឈើ ខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរដើម្បីទទួលបានថវិកាក្នុងទម្រង់ជាទីផ្សារកាបូនស្ម័គ្រចិត្ត (Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល (Result-Based Payment)។

    សូមជំរាបថា ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា៕

    អត្ថបទទាក់ទង