ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ ហេតុអ្វីលោក កឹម សុខា ត្រូវបានចាប់ខ្លួន?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 4
ទស្សនៈមិត្តអ្នកអាន៖ ហេតុអ្វីលោក កឹម សុខា ត្រូវបានចាប់ខ្លួន? ទស្សនៈមិត្តអ្នកអាន៖ ហេតុអ្វីលោក កឹម សុខា ត្រូវបានចាប់ខ្លួន?

នៅក្នុងមួយរយៈពេលចុងក្រោយនេះ មានការលើកឡើងមិនដាច់ពីការទាមទារឲ្យតុលាការទម្លាក់ ចោលលើការចោទប្រកាន់លោក កឹម សុខា ដោយគេបានអះអាងថា លោក កឹម សុខា គ្មានទោសកំហុស អ្វីដែលត្រូវ កាត់ទោសនោះទេ។ សម្រាប់ខ្ញុំជាអ្នកតាមដានសង្គម និងនយោបាយ មួយរូបគ្មានអ្វីប្លែក ក្នុងចិត្ត នោះទេ ពីព្រោះជនជាប់ចោទ និងបក្ខពួករបស់ជនជាប់ចោទសុទ្ធតែបានអះអាងពីភាពស្អាតស្អំរបស់ខ្លួន ដោយមិនទទួលស្គាល់ទោសកំហុសដែលខ្លួនបានប្រព្រឹត្តនោះឡើយ។ ក៏ប៉ុន្តែ នៅក្នុងផ្លូវច្បាប់ពាក្យសម្តី របស់បុគ្គលជាប់ចោទ ឬអ្នកប្តឹង(ដាក់បន្ទុក) ត្រូវសំអាងទៅលើភស្តុតាង និងសាក្សីដូចគ្នានេះដែរ នៅក្នុង សវនាការកាត់ក្តីគឺជាសមរភូមិទឡ្ហីករណ៍(ភស្តុតាង) ដូច្នេះប្រសិនបើភាគីណាមួយមានភស្តុតាងរឹងមាំជាង ដើម្បីដាក់បន្ទុក ឬដោះបន្ទុក គឺអ្នកនោះ ប្រាកដជាទទួលបានជ័យជម្នះនៅក្នុងសវនការ។

យ៉ាងណាមិញរឿងក្តីរបស់លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយ បរទេស(ក្បត់ជាតិ) ហើយត្រូវបានតុលាការដំណើរការជំនុំជម្រះក្តី នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០ នេះ គេត្រូវរកភស្តុតាង ដើម្បីដោះបន្ទុកពីការចោទប្រកាន់របស់តុលាការ ដើម្បីការពារភាពស្អាតស្អំរបស់លោក កឹម សុខា ប្រសិនបើគាត់គ្មានកំហុសពិតមែន ជៀសវាងការស្រែកអាក្រោះតាមបណ្តាញសង្គម និងប្រព័ន្ធ ផ្សព្វផ្សាយមួយចំនួន ទាមទារនេះ ទាមទារនោះដែលផ្ទុយទៅនឹងផ្លូវច្បាប់ នេះបើយើងទាំងអស់គ្នា ចង់បានប្រទេសមួយដែលមាននីតិរដ្ឋ។ ការស្រែកទាមទារឲ្យតុលាការទម្លាក់ចោល ការចោទប្រកាន់ទៅលើលោក កឹម សុខា ដែលត្រូវបានធ្វើឡើងដោយសកម្មជន មន្ត្រី អង្គការ ក្រៅរដ្ឋាភិបាល អ្នកវិភាគក្តី តាមពិតទៅមិន បានជួយអ្វីបន្តិចសោះដល់លោក កឹម សុខា ផ្ទុយទៅវិញវាគឺជាការជ្រៀតជ្រែកចូលដែនសមត្ថកិច្ចរបស់ តុលាការ ឬជាការបង្គាប់បញ្ជាតុលាការដែលជាស្ថាប័នឯករាជ្យ នៅពេលដែលអ្នកស្រែកទាមទារទាំងនោះ តែងតែរិះគន់ចោទប្រកាន់ថា តុលាការមិនឯករាជ្យ។

គេនៅចាំបានថា លោក កឹម សុខា បាននិយាយទាំងអំនួតក្នុងវីដេអូក្លីបដែលត្រូវបានផ្សព្វផ្សាយ ដោយបណ្តាញ CBN (Cambodian Broadcasting Network) នៅប្រទេសអូស្រ្តាលីថា ៖ «តាំងពីឆ្នាំ ១៩៩៣ ដែលខ្ញុំជាប់ជាតំណាងរាស្ត្រដំបូង អាមេរិកាំង រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិក មុនគេបង្អស់ ក្នុងនាមអ្នកនយោបាយខ្មែរក្នុងប្រទេស ដើម្បីឲ្យយល់ពីដំណើរការប្រជាធិបតេយ្យ គេហៅខ្ញុំមួយឆ្នាំម្តងៗ ឲ្យខ្ញុំទៅអាមេរិក តាំងពីឆ្នាំ១៩៩៣ រហូតចុងក្រោយនេះ ក៏គេបានសម្រេចថា ដើម្បីឲ្យកម្ពុជាមានការផ្លាស់ប្តូរ នោះ គេត្រូវឲ្យខ្ញុំដកខ្លួនចេញពីនយោបាយមួយដំណាក់សិន។ ខ្ញុំក៏បានលាឈប់ពីនយោបាយពីគណបក្ស នយោបាយដែលខ្ញុំធ្លាប់នៅនោះ នៅឆ្នាំ២០០២ ដើម្បីបង្កើតអង្គការមួយឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា។ តើគេឲ្យបង្កើតដើម្បីអី? គេថា បើចង់ប្តូរថ្នាក់ដឹកនាំ យើងមិនអាចទៅជល់ខាងលើបានទេ មុននឹងប្តូរ ខាងលើបានទាល់តែគាស់អាក្រោមសិន ទាល់តែប្តូរពីក្រោមទៅមុនជាយុទ្ធសាស្ត្ររបស់ប្រទេសប្រជាធិប តេយ្យគេធ្វើ ហើយសហរដ្ឋអាមេរិកដែលគេជួយខ្ញុំនេះ គេឲ្យខ្ញុំយកម៉ូឌែល តាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ដែលគេប្តូរមេដឹកនាំផ្តាច់ការ មីឡូសូវិចបាននោះ មីឡូសូវិច រថក្រោះសម្បើមណាស់បងប្អូន ប៉ុន្តែគេប្តូរបានដោយសារតែគេធ្វើយុទ្ធសាស្ត្រហ្នឹង ហើយគេយកបទពិសោធន៍ហ្នឹងមកឲ្យខ្ញុំធ្វើនៅស្រុកខ្មែរ តែអត់មាននរណាដឹងទេ។….ឥឡូវនេះមានប្រទេសមហាអំណាចមួយខាងលទ្ធិប្រជាធិបតេយ្យ គេកំពុងជួយ គណបក្សសង្គ្រោះជាតិដើម្បីរៀបចំនូវគោលនយោបាយកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីត្រៀមទៅ ដឹកនាំប្រទេស។…ខ្ញុំផ្ទាល់ក៏ត្រូវបានការគាំទ្រពីរដ្ឋាភិបាលអាមេរិកជាថវិកាដើម្បីបណ្តុះនូវលទ្ធិប្រជាធិបតេយ្យអស់រយៈពេល ៥ឆ្នាំហើយ ហើយថ្ងៃនេះ លទ្ធផលដែលបានមកអំពីការជួយរបស់ប្រជាពលរដ្ឋអាមេរិក បានធ្វើឱ្យប្រជាជនខ្មែរក្រោកឈរឡើងហើយបងប្អូន»។

តាមរយៈវីដេអូក្លីបនេះ លោក កឹម សុខា បានពន្យល់យ៉ាងពិស្តារអំពីផែនការ ដែលលោកបានធ្វើ តាមការណែនាំរបស់រដ្ឋាភិបាលបរទេស គឺជាភស្តុតាងបង្ហាញពីសេណារីយ៉ូទុច្ចរិតដែលបានអនុវត្ត ប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន ម្តងហើយ ម្តងទៀត។ ជាក់ស្តែង មេរៀនបទពិសោធន៍នេះ ត្រូវបានអតីតគណបក្សប្រឆាំងយកមកអនុវត្ត នៅក្នុងអំឡុងការបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៣ ហើយ សកម្មភាពដែលគណបក្សនេះបានធ្វើទាំងមុន និងទាំងក្រោយការបោះឆ្នោតត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែនចាត់ទុកថា ជាផែនការបដិវត្តន៍ពណ៌ដ៏ពិសពុលមិនអាចអត់ឱនបានឡើយ។

វីដេអូក្លីបនេះហើយ ដែលជាដើមចមធ្វើឲ្យលោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពី យប់ថ្ងៃទី ០៣កញ្ញា ឆ្នាំ ២០១៧ ពីបទសន្ទិដ្ឋិភាព (ក្បត់ជាតិ) ដោយមានផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា កើតចេញពីការបោះឆ្នោតតាមរយៈការឃុបឃិតជាមួយបរទេស។
ទន្ទឹមគ្នានេះ ក៏មានភស្តុតាងដទៃទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន គឺបានបង្ហាញឲ្យ ឃើញច្បាស់អំពីផែនការសម្ងាត់នៃការឃុបឃិតគ្នារវាងឈ្មោះ កឹម សុខា និងបក្ខពួកជាមួយបរទេសដែល ធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជា។ អំពើនៃការឃុបឃិតគ្នាជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិដែល មានចែងនៅក្នុងច្បាប់កម្ពុជាជាធរមាន។
ទោះយ៉ាងណា រឿងក្តីរបស់លោក កឹម សុខា

ដែលត្រូវជាប់ចោទពីបទសន្ទិដ្ឋិភាព(ក្បត់ជាតិ) មាន តែតុលាការទេដែលមានឆន្ទានុសិទ្ធិជាអ្នកសម្រេចថា លោក កឹម សុខា មានទោស ឬគ្មានទោស។ ខ្ញុំយល់ថា អ្នកស្រែកទាមទារនេះ ទាមទារនោះ រួមទាំងអ្នកវិភាគក្តី អង្គការក្រៅរដ្ឋាភិបាលក្តីអាចគ្រាន់តែធ្វើឡើងដើម្បី ការពារឆ្នាំងបាយខ្លួន ឬគ្រាន់តែចង់ស៊ីពែរ លោក កឹម សុខា ដើម្បីចង់ល្បីឈ្មោះលើហ្វេសប៊ុក ឬប្រព័ន្ធ ផ្សព្វផ្សាយតែប៉ុណ្ណោះ ធាតុពិតពួកគេទាំងអស់នោះ គ្មានភស្តុតាងអ្វីយកមកសំអាង ក្នុងតុលាការដើម្បីជួយដោះបន្ទុកលោក កឹម សុខា ក្នុងតុលាការនោះទេ៕

ដោយ៖ សុខ វាសនា

អត្ថបទទាក់ទង