ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងសាធារណការ ស្នើឱ្យអាជ្ញាធរលុបបំបាត់យានដ្ឋាន​កែច្នៃយានយន្ត​គ្មានច្បាប់អនុញ្ញាត ឲ្យអស់ត្រឹមឆ្នាំ២០១៩នេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 765
រដ្ឋមន្ត្រីក្រសួងសាធារណការ ស្នើឱ្យអាជ្ញាធរលុបបំបាត់យានដ្ឋាន​កែច្នៃយានយន្ត​គ្មានច្បាប់អនុញ្ញាត ឲ្យអស់ត្រឹមឆ្នាំ២០១៩នេះរដ្ឋមន្ត្រីក្រសួងសាធារណការ ស្នើឱ្យអាជ្ញាធរលុបបំបាត់យានដ្ឋាន​កែច្នៃយានយន្ត​គ្មានច្បាប់អនុញ្ញាត ឲ្យអស់ត្រឹមឆ្នាំ២០១៩នេះ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកញ្ជូន បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឱ្យចុះត្រួតពិនិត្យ និងលុបបំបាត់យានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្តដែលគ្មានច្បាប់អនុញ្ញាត ឲ្យអស់ពីប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០១៩នេះ។ លោកបានលើកឡើងដូចនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល១០ខែ នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកញ្ជូន។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមស្នើឲ្យអាជ្ញាធរសមត្ថកិច្ចនៅតាមរាជធានីខេត្ត ជំនាញទាំងអស់ត្រូវតែចុះពិនិត្យ ហើយលុបឲ្យអស់នូវយានដ្ឋានជួលជុល កែច្នៃ ដំឡើងឲ្យអស់ដែលនៅសល់២១ គ្មានច្បាប់អនុញ្ញាត»។

លោកបានបន្តថា ការកែច្នៃ ជួសជុលខុសបច្ចេកទេស ក៏បង្កឲ្យមានគ្រោះថ្នាក់ និងមានបញ្ហាដល់សុវត្ថិភាពចរាចរណ៍ផងដែរ។ ដូច្នេះយានដ្ឋានកែច្នៃដំឡើងដែលគ្មានច្បាប់ត្រូវ បិទឲ្យអស់នៅឆ្នាំនេះ ដើម្បីកុំឲ្យធ្វើរបាយការណ៍ឆ្នាំក្រោយទៀត នៅមានយានដ្ឋានកែច្នៃដំឡើងនៅមានសល់ទៀត។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា៖ «សូមសុំណូមពរឲ្យលុបបំបាត់ឲ្យអស់នៅក្នុងខែធ្នូនេះ ហើយនៅឆ្នាំ២០២០ ត្រូវមានយានដ្ឋានកែច្នៃ ដំឡើង ជួសជុលត្រូវមានច្បាប់ឲ្យអស់»។

តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត សរុបចំនួន ៣៥៥៦កន្លែង ក្នុងនោះមានច្បាប់អនុញ្ញាត ចំនួន២៧៩៥ កន្លែង និងអត់ច្បាប់អនុញ្ញាតចំនួន ៧៦១កន្លែង ក្នុងនោះមានយានដ្ឋានជួសជុល មានចំនួន៣២៨១កន្លែង មានច្បាប់អនុញ្ញាតចំនួន២៥៤១កន្លែង និងអត់ច្បាប់អនុញ្ញាតចំនួន៧៤០កន្លែង។ យានដ្ឋានកែច្នៃដំឡើង មានចំនួន២៧៥ កន្លែង មានច្បាប់អនុញ្ញាតចំនួន ២៥៤កន្លែង អត់មានច្បាប់អនុញ្ញាត ២១កន្លែង៕

អត្ថបទទាក់ទង