ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា សន្យាចំពោះមុខប្រធានព្រឹទ្ធសភាថា នឹងជួយជំរុញវិនិយោគិនអឺរ៉ុប មកវិនិយោគនៅកម្ពុជាបន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 56
ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា សន្យាចំពោះមុខប្រធានព្រឹទ្ធសភាថា នឹងជួយជំរុញវិនិយោគិនអឺរ៉ុប មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា សន្យាចំពោះមុខប្រធានព្រឹទ្ធសភាថា នឹងជួយជំរុញវិនិយោគិនអឺរ៉ុប មកវិនិយោគនៅកម្ពុជាបន្ថែមទៀត

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសន្យាចំពោះមុខលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាថា លោកស្រីនឹងជួយជំរុញដល់វិនិយោគិនអឺរ៉ុប មកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។

ការសន្យារបស់លោកស្រី បានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសលោក សាយ ឈុំ បានអនុញ្ញាតឱ្យលោកស្រី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ លោកស្រី Carmen Moreno បានថ្លែងអំណរគុណចំពោះលោកប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកស្រី ចូលជួបសម្តែងការគួរសម។ ជាមួយគ្នានេះ លោកស្រីបានកោតសរសើរ ចំពោះការកំណែទម្រង់ជាច្រើន និងទទួលបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់។

លោកស្រី បានសន្យាជួយជំរុញឱ្យវិនិយោគិនអឺរ៉ុបបន្ថែមទៀត មកវិនិយោនៅប្រទេសកម្ពុជា។ លោកស្រី ក៏បានកោតសរសើរចំពោះព្រឹទ្ធសភា ដែលបានពិនិត្យ ឱ្យយោបល់ច្បាប់ជាច្រើន និងបាននាំមុខក្នុងការចុះមូលដ្ឋាន ដើម្បីផ្សព្វផ្សាយច្បាប់ ពន្យល់អំពីច្បាប់ឱ្យប្រជាពលរដ្ឋបានយល់ និងមានជំនឿជឿជាក់លើការអភិវឌ្ឍ និងគោលនយោបាយថ្នាក់ជាតិ។

លោកស្រី Carmen Moreno ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ជាមួយនឹងសហភាពអឺរ៉ុបយ៉ាងជិតស្និត។ ក្នុងនោះ លោកស្រីបានប្តេជ្ញាចិត្ត ក៏នឹងគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាព្រឹទ្ធសភា និងរដ្ឋសភាផងដែរ។

លើសពីនេះទៅទៀត លោកស្រី Carmen Moreno បានសម្តែងនូវសេចក្តីរីករាយ ដោយមើលឃើញនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សគួឱ្យកត់សម្គាល់។ តាមរយៈការរីកចម្រើននេះ ប្រទេសកម្ពុជានឹងសម្រេចបាន នូវចក្ខុវិស័យរបស់ខ្លួន ដែលកសាងប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកស្រី Carmen Moreno បានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា លោកស្រីនឹងខិតខំរួមចំណែកធ្វើឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ជាមួយនឹងសហភាពអឺរ៉ុប ឱ្យកាន់តែល្អប្រសើរថែមទៀត។

លោក សាយ ឈុំ បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះលោកស្រី ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា លោកប្រធានព្រឹទ្ធសភា សង្ឃឹមថា លោកស្រីនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងកម្ពុជា និងសហភាពអឺរ៉ុបកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា និងប្រជាជននៃសហភាពអឺរ៉ុប ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

លោក សាយ ឈុំ បានបញ្ជាក់ថា ប្រទេសកម្ពុជា និងសហភាពអឺរ៉ុប បានភ្ជាប់ទំនាក់ទំនងការទូត នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៤។ ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតមក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់។

លោកប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណង លើផែនការអភិវឌ្ឍ យុទ្ធសាស្រ្តជាតិ វិស័យសេដ្ឋកិច្ច សង្គម សម្របសម្រួលពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល និងវិស័យជាច្រើនទៀត។

ជាមួយគ្នានេះ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុប មានការកើនឡើង។ តាមរយៈជំនួយសហប្រតិបត្តិការអភិវឌ្ឍ របស់សហភាពអឺរ៉ុបសម្រាប់កម្ពុជា និងទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប បានរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។

លោកប្រធានព្រឹទ្ធសភា បានស្នើលោកស្រី Carmen Moreno ជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរណ៍សហភាពអឺរ៉ុប មកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍ឱ្យកាន់តែច្រើនបន្ថែមទៀត នៅកម្ពុជា។

លោកថ្លែងថា ប្រទេសកម្ពុជាបាននិងកំពុងខិតខំកែសម្រួល និងកាត់បន្ថយនីតិវិធីផ្ទៃក្នុងរបស់ខ្លួន ដើម្បីសម្រួលដល់អ្នកវិនិយោគឱ្យមានភាពងាយស្រួល។ ទន្ទឹមនេះ ប្រទេសកម្ពុជាមានតំបន់រមណីយដ្ឋានវប្បធម៌ជាច្រើនកន្លែង និងតំបន់អេកូទេសចរណ៍ជាច្រើនកន្លែង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។

លោក សាយ ឈុំ បានបញ្ជាក់ទៀតថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នជាតិនៃកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយនឹងលោកស្រីឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងមានផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕