ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមរំលែកព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 154

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមរំលែកព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលព្រះអង្គបានយាងសោយទីវង្គតកាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីនៃរាជរដ្ឋាភិបាលទាំងអស់បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះ​អាល័យជាទីបំផុត និងសូមព្រះបរមរាជានុញ្ញាត ចូលរួមរំលែកនូវព្រះមរណទុក្ខជាមួយ អង្គសម្តេចម៉ែ និងព្រះ​ករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រមទាំងញាតិវង្សានុវង្ស ចំពោះការបាត់បង់សម្តេចរាជបុត្រី នាពេលនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការសុគតរបស់សម្តេចរាជបុត្រីព្រះរៀម គឺជាការបាត់បង់នូវឥស្សរជនខ្មែរ ដ៏ឆ្នើមមួយព្រះអង្គ ដែលបានលះបង់ព្រះបញ្ញាញាណ និងព្រះកាយពល ពេញមួយព្រះជន្មរបស់សម្តេច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ តាមរយៈស្នាព្រះហត្ថក្នុងការការពារ ថែរក្សា និងអភិវឌ្ឍ សិល្បៈ វប្បធម៌ ប្រពៃណីជាតិ ពិសេសកេរ្តិ៍ដំណែលវប្បធម៌ របាំអប្សរាខ្មែរ មានតម្លៃជាប្រវត្តិសាស្ត្រ ដែលត្រូវបានអង្គការ យូណេស្កូទទួលស្គាល់ និងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

សូមលំអោនកាយឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ឌ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សូមព្រះអង្គទ្រង់ យាងទៅកាន់ព្រះបរមសុគិតភព កុំបីឃ្លៀងឃ្លាតឡើយ៕